ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 89
រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

លោកអភិបាលរាជធានីភ្នំពេញបានធ្វើការប្ដេជ្ញាចិត្ថថា នឹងបន្តធ្វើការងារនៅក្នុងឆ្នាំ២០២២នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសំរាមឲ្យកាន់តែល្អប្រសើរ ខណៈដែលមានក្រុមហ៊ុន៣ បាននិងកំពុងតែប្រកួតប្រជែងគ្នាលើការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ​ និងការដាក់ចេញនូវវិធានការឲ្យបានហ្មត់ចត់បំផុត ជុំវិញការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ។

ការប្ដេជ្ញាចិត្តបែបនេះ របស់លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែ មិនាឆ្នាំ២០២២ នេះក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី​ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ។

លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធផលសំខាន់នានាដែលសម្រេចបានរបស់រដ្ឋបាលរាជធានីភ្នំពេញនៅឆ្នាំ២០២១ និងបានលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយឲ្យកាន់តែល្អប្រសើរ ជាធាតុចូលដើម្បីយកទៅអនុវត្តនៅក្នុងឆ្នាំ ២០២២។

លោក​ ឃួង ស្រេង​ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងអង្គសន្និបាតនេះ រដ្ឋបាលរាជធានីភ្នំពេញបានបែងចែកជាក្រុមដើម្បីពិភាក្សាលើការងារមួយចំនួនក្នុងនោះ អង្គសន្និបាត បានពិភាក្សា ទៅលើការងារអនុវត្ត គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដែលធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ កាន់តែល្អប្រសើរជាងបណ្ដាឆ្នាំមុនៗទៀត ការផ្ដល់សេវាសាធារណៈ បើទោះបីមានបញ្ហាប្រឈមមួយចំនួន។

អង្គសន្និបាត បានស្នើទៅក្រសួងមហាផ្ទៃដើម្បីធ្វើវិសោធនកម្ម ការងារមួយចំនួន ធ្វើយ៉ាងណាជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ។ បញ្ហាសំណល់រឹង សំរាមគឺជាបញ្ហាមួយដែលអង្គសន្និបាតបានលើកឡើងនិងរិះរកគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ទុកដាក់ការប្រមូលសំរាមកាន់តែល្អប្រសើរបន្ថែមទៀត។ ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ជាបញ្ហាសំខាន់ដែលអង្គសន្និបាតបានលើកឡើង ដោយធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឲ្យយើងមានឱកាសបើកសេដ្ឋកិច្ចប្រទេសឡើងវិញសម្រាប់ឆ្នាំ២០២២នេះ។

លោក​ ឃួង ស្រេង បានបន្តថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវតែពង្រឹងឲ្យបានល្អប្រសើរបំផុត ខណៈដែរកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសនោះបានសំដែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានអនុវត្តការងារបានយ៉ាងល្អនៅក្នុងឆ្នាំ២០២១ ពិសេសគឺ រក្សាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋនៅក្នុងរាជធានីភ្នំពេញ ការអភិវឌ្ឍរាជធានីភ្នំពេញ បានកាន់តែរីកចម្រើន ដែលធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែធូរធារ។

សម្ដេចក្រឡាហោម ស ខេង ក៏បានសំដែងនូវការកោតសរសើរផងដែរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជា អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ដែលបានចូលរួមនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន។ រដ្ឋបាលរាជធានីភ្នំពេញត្រូវតែអនុវត្តឲ្យបានល្អប្រសើរ លើការពង្រឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អបន្ថែមទៀត នៅក្នុងឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ផងដែរថា ស្របពេលដែលស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន កាន់តែក្តៅ សម្ដេចបានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខឲ្យបានមួយម៉ាត់បំផុតទៅលើស្ថានទូត ស្ថានតំណាងនានាដែលមាននៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឲ្យជនឱកាសនិយមឆក់យកឱកាសនេះបង្កឱ្យមានភាពចលាចលនៅកម្ពុជា។ យើងមិនត្រូវមើលស្រាលសភាពការណ៍នោះទេ។ ត្រូវអនុវត្តធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាពទទួលបាននូវការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង