អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីកងកម្លាំងដាំកូនឈើលើកទី៨
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទខេត្ត បន្តយុទ្ធនាការចុះ ដាំគុម្ពឫស្សី ដើមរាំងទឹក និងកប់គ្រាប់ត្នោត ក្នុងដែនព្រៃលិចទឹកនៅតំបន់៣ ក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកមង្គលបូរី ជាផ្ទៃដីបឹងទន្លេសាប ត្រូវកំណត់យកមកជាដីរដ្ឋវិញ។
សូមជម្រាបជូនថា ការចុះដាំដុះដើមឈើនៅព្រៃលិចទឹកនៅតំបន់៣ នេះ សរុប ៨លើកកន្លងមកនេះ ដាំគុម្ពឫស្សីបានចំនួន ៧,២២០គុម្ព ដើមរាំងទឹក ៦,៩០០ដើម គ្រាប់ត្នោត ១៨,៦៦០គ្រាប់ និងដើមរំដេញ ៦០០ដើម។
លោក អ៊ុំ រាត្រី បានថ្លែងអំណរអរគុណចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ក្នុងស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី បានបញ្ចប់រួចរាល់ ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលខុសត្រូវថែទាំបន្ត៕