ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កំពុង​កែលម្អ​រង្វង់​មូល​បន្ទាយស្រី​ដែលមាន​ផ្ទៃដី​ជាង​២​ហិកតា​ឱ្យ​ក្លាយជា​សួនផ្កា​ដ៏​ស្រស់ស្អាត​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 46
អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កំពុង​កែលម្អ​រង្វង់​មូល​បន្ទាយស្រី​ដែលមាន​ផ្ទៃដី​ជាង​២​ហិកតា​ឱ្យ​ក្លាយជា​សួនផ្កា​ដ៏​ស្រស់ស្អាត​ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កំពុង​កែលម្អ​រង្វង់​មូល​បន្ទាយស្រី​ដែលមាន​ផ្ទៃដី​ជាង​២​ហិកតា​ឱ្យ​ក្លាយជា​សួនផ្កា​ដ៏​ស្រស់ស្អាត​

​លោក ហេង ពិសិដ្ឋ ជំនួយការ​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​ខេត្តសៀមរាប បានឱ្យដឹង​នៅ​ថ្ងៃ​១៤​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៨ ខែធ្នូ ឆ្នាំ​២០២០​ថា អាជ្ញាធរ​ស្រុក​បន្ទាយស្រី​កំពុងតែធ្វើការ​កែលម្អរ​ង្វ​ង់​បន្ទាយស្រី ដែលជា​រង្វង់​មួយ​ដ៏​ធំ​នៅ​កម្ពុជា ឱ្យក្លាយ​ទៅជា​សួនផ្កា​ដ៏​ស្រស់ស្អាត បន្ទាប់ពី​រង្វង់​មូល​នេះ បាន​ទុកចោល​អស់​ជាច្រើន​ឆ្នាំ​មកហើយ មិនទាន់មាន​ការរៀប​ចំ​ស្អាត និង​មាន​ភាព​ទាក់ទាញ​។​

​លោក​បាន​បន្តថា រង្វង់​មូល​នេះ​មាន​ផ្ទៃដី​២​ហិកតា​កន្លះ ដោយ​អាជ្ញាធរ​ស្រុក​កំពុងតែ​រៀបចំ​ដាំ​ផ្កា​កូ​ស្មូ ដោយមាន​ការ​បែង​ជា​ក្រឡា ក្នុង​គោលបំណង​លើ​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក និង​ផ្តល់ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។ លោក​បន្តថា ផ្កា​នេះ​បន្ទាប់ពី​បាន​ព្រោះ​គ្រាប់​រួច​រយៈពេល​២​ខែ​វា​នឹង​ចេញ​ផ្កា ហើយ​ផ្កា​របស់​វា​អាច​រីក​នៅ​រយៈពេល​១​ខែ​។ ដូច្នេះ​នៅមុន​ចូលឆ្នាំ​ខ្មែរ ទីនេះ​នឹង​ក្លាយជា​សួនផ្កា​ដ៏​ស្រស់ស្អាត និង​មាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន ហើយ​នឹងធ្វើ​បងប្អូន​ដែល​បានមក​កម្សាន្ត​នៅទីនេះ នឹងមាន​ការពេញចិត្ត ព្រោះ​អាជ្ញាធរ​ស្រុក នឹង​រៀបចំ​កន្លែង​ថតរូប​ជាច្រើន រួប​ជាមួយ​ផ្ទៃ​ខាងក្រោយ​មាន​ជាប់​ភ្នំ​ដ៏​ស្រស់ស្អាត​។​
​ ​
​លោក ហេង ពិសិដ្ឋ បាន​បញ្ជាក់ថា ទីតាំង​រង្វង់​មូល​នេះ គឺ​ស្ថិតនៅ​តំបន់​ផ្លូវ​ប្រសព្វ​ជាពិសេស​គឺ​ផ្លូវ​ឡើងទៅ​ភ្នំ​គូលែន​។ ដូច្នេះ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ស្រុក​បន្ទាយស្រី ប្រាកដ​ណាស់​ថា នឹង​បាន​ឆ្លងកាត់ និង​ឃើញ​ភាពស្រស់ស្អាត​នៅ​កន្លែង​នេះ នៅពេលដែល​ផ្កា​ចាប់ផ្តើម​រីក​។ ទន្ទឹមនេះដែរ​រដ្ឋបាល​ស្រុក​ក៏បាន​គិតគូរ​ផងដែរ អំពី​ចំណត និង​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​តំបន់​នេះ ឱ្យមាន​របៀបរៀបរយ​ផងដែរ ព្រោះថា នៅពេល​មាន​ភ្ញៀវទេសចរ​មកលេង​ច្រើន​ប្រាកដ​ណាស់​ថា ត្រូវការ​ចំណត និង​កន្លែង​ទទួលទាន​អាហារ ជាដើម​៕

អត្ថបទទាក់ទង