រដ្ឋបាលស្រុកបន្ទាយស្រីបង្កើតយុទ្ធនាការ ប្រមូលសំរាមពីប្រជាពលរដ្ឋមិនគិតថ្លៃ
រដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតយុទ្ធនាការប្រមូលសំរាមពីប្រជាពលរដ្ឋនៅទូទំាងស្រុកដោយមិនគិតថ្លៃសេវា ដើម្បីបរិស្ថានស្អាត កាត់បន្ថយផលប៉ះពាល់។លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់វិទ្យុជាតិកម្ពុជាថា រដ្ឋបាលស្រុកបន្ទាយស្រី បានសហការជាមួយក្រសួងបរិស្ថាន បង្កើតឡដុតសំរាមរួមមួយ ស្ថិតនៅក្នុងឃុំរំចេកនៃស្រុកបន្ទាយស្រី ដោយប្រជាពលរដ្ឋអាចជញ្ជូនសំរាមប្រចាំថ្ងៃ ទៅដាក់ដោយខ្លួនឯងនៅកន្លែងរក្សាទុក
សំរាម បណ្តោះអាសន្ននៅតាមភូមិរបស់ខ្លួននីមួយៗ ហើយតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវដើម្បីបង្កលក្ខណៈដល់ក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
លោកបន្តថា ការបង្កើតឱ្យមានទីតាំងដុតសំរាមសាធារណៈបែបនេះ នឹងកាត់បន្ថយ សកម្មភាពបោះចោលសំរាមពាសវាលពាសកាល ឬការដុតសំរាមនៅតាមទីសាធារណៈទៀត។ ប៉ុន្តែក្នុងករណី ប្រជាពលរដ្ឋមិនអនុវត្តការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនោះ រដ្ឋបាលស្រុកនឹងផាកពិន័យទៅតាមច្បាប់ស្តីពីបរិស្ថាន។លោកក៏បានស្នើដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ត នៅក្នុងស្រុកបន្ទាយស្រីត្រូវចូលរួមថែរក្សា អនាម័យ និងវេចខ្ចប់រាល់កាកសំណល់របស់ខ្លួនដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល។
សូមជម្រាបថា ស្រុកបន្ទាយស្រីមានចំនួន ០៦ឃុំ និងភូមិចំនួន៣៦ ជាទូទៅសំរាមនៅទូទាំងស្រុកនេះ ក្នុងមួយថ្ងៃមានប្រមាណពី៥តោនទៅ១០តោន៕