ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាដែលជាប្រធានអាស៊ាន ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ ទស្សនៈ - នយោបាយ ឯកសារ 67
កម្ពុជាដែលជាប្រធានអាស៊ាន ចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន ទទួលញញួរអាស៊ាន (គេហទំព័រអាស៊ាន)

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា។

តាមសេចក្តីថ្លែងការណ៍ដែលបានចេញកាលពីថ្ងៃម្សិលមិញ ប្រធានអាស៊ាន បានបញ្ជាក់ថា៖ អស់រយៈពេល១ឆ្នាំមកហើយ ប្រទេសជាសមាជិកអាស៊ាននៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយការណ៍នៃការបន្តកើតមាននូវអំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌។

ប្រធានអាស៊ានបានបញ្ជាក់បន្ថែមថា ដោយរំលឹកឡើងវិញពីកិច្ចខិតខំប្រឹងប្រែងដ៏ម៉ត់ចត់ដើម្បីជួយដោះស្រាយវិបត្តិ រួមទាំង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាសមាជិកអាស៊ានសូមជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍បានបន្តថា៖ ប្រទេសជាសមាជិកអាស៊ានសូមគូសបញ្ជាក់អំពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់អំពីហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ឱ្យខ្ពស់បំផុត ក៏ដូចជាការធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាននៃគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និងឯករាជ្យ។ វាមានសារសំខាន់ណាស់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការលើកកម្ពស់លក្ខខណ្ឌអំណោយផលមួយសម្រាប់កិច្ចសន្ទនាប្រកបដោយការស្ថាបនាមួយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីមួយចំពោះវិបត្តិនាពេលបច្ចុប្បន្ន សម្រាប់ប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងសំដៅធ្វើឱ្យស្ថានភាពត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័ស និងដើម្បីទប់ស្កាត់ការអូសបន្លាយនៃទុក្ខវេទនារបស់ប្រជាជនមីយ៉ាន់ម៉ា។ ដើម្បីសម្រេចគោលបំណងនេះ ប្រទេសជាសមាជិក អាស៊ាន សូមស្វាគមន៍ការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងសូមអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាជួយសម្រួលដល់បេសកកម្មនានានៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនឹងចាប់ផ្តើមជាមួយដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់មីយ៉ាន់ម៉ាក្នុងពេលដ៏ឆាប់ដែលអាចធ្វើបាន និងដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើឱ្យការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) អាចបោះជំហានទៅមុខ។

ក្នុងសេចក្តីថ្លែងការណ៍នេះ ប្រទេសជាសមាជិកអាស៊ានសូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន និងការត្រៀមលក្ខណៈរួចរាល់ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ឃើញថា សន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ប្រទេសជាសមាជិកអាស៊ាន ក៏សូមស្វាគមន៍ចំពោះការបន្តគាំទ្រពីដៃគូខាងក្រៅរបស់យើងសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននៅក្នុងការអនុវត្តដោយឆាប់រហ័ស និងទាំងស្រុង នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) រួមទាំងអំពីជំនួយមនុស្សធម៌ផងដែរ៕ Fresh News

អត្ថបទទាក់ទង