ខ្មែរប៉ុស្ដិ៍ Close

ឥណ្ឌូណេស៊ីកំពុងឈរនៅចន្លោះមហាអំណាច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 75
ឥណ្ឌូណេស៊ីកំពុងឈរនៅចន្លោះមហាអំណាច នាវាល្បាតរបស់កងទ័ពរំដោះប្រជាជនចិន កំពុងប្រឈមមុខនឹងនាវាល្បាតរបស់ឥណ្ឌូនេស៊ី

ថ្មីៗ​នេះ ប្រទេសចិន​បាន​បង្កើន​ការ​លេងល្បែងប្រកួតប្រជែង​របស់​ខ្លួន​ទល់​នឹងប្រទេស​ឥណ្ឌូណេស៊ី ​នៅ​ឯសមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេសចិនបានធ្វើការតវ៉ាមួយដែលមិនធ្លាប់មានពីមុនមក ជុំវិញការខួងយកឧស្ម័នធម្មជាតិនៅក្នុងដែនទឹកដែលគេស្គាល់ថាជាប្លុក Tuna ដោយបានចាត់ទុកថា:ឲ សកម្មភាពនេះគឺជាការរំលោភលើបូរណភាពដែនដីរបស់ប្រទេសចិន។

ដោយទទួលការអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌូណេស៊ី ការខួងយករ៉ែបានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូណេស៊ី (EEZ) ជុំវិញប្រជុំកោះ Natuna ប៉ុន្តែស្ថិតនៅខាងក្នុង «ខ្សែបន្ទាត់ ៩ ចំណុច – Nine Dash Line» ដែលចិនទាមទារ។

គេអាចយល់បាន យ៉ាងប្រាកដថា ការដែលភាគីទាំង២ ទើបតែមកឈ្លោះប្រកែកគ្នានៅពេលនេះ គឺដោយសារនៅក្នុងតំបន់ ប្រទេសឥណ្ឌូណេស៊ីស្ថិតនៅចំទីតាំងនៃការប្រជែងគ្នារវាងចិននិងអាមេរិក។

កាលពីខែមីនាឆ្នាំមុន បន្ទាប់ពីបានជួបជាមួយសមភាគីជប៉ុន រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី Prabowo Subianto បានប្រកាសនៅទីក្រុងតូក្យូថា ឥណ្ឌូណេស៊ី និងជប៉ុន សុទ្ធតែប្រឆាំងដូចៗគ្នាទៅនឹងសកម្មភាពណាមួយរបស់ចិន «ដើម្បីកែប្រែស្ថានភាពបច្ចុប្បន្ន» នៅសមុទ្រចិនខាងត្បូង និងនៅសមុទ្រចិនខាងកើត ដែលជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិន ក្នុងការបន្តធ្វើសមយុទ្ធយោធារយៈពេលមួយខែ នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខ EEZ របស់ប្រទេសហ្វីលីពីន។

លុះមក​ដល់​ខែ​មិថុនា ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចាប់​ផ្តើម​ខួង​យកឧស្ម័នធម្មជាតិ នៅប្លុក Tuna ហើយបន្ទាប់មក​ខ្លួន​ក៏ទទួលបាន​លិខិត​តវ៉ា​ពីសំណាក់ប្រទេស​ចិន។ ដោយគេចចេញពីការទូត «មេហ្គាហ្វូន – Megaphone» ទីក្រុង Jakarta បានងាកទៅប្រើប្រាស់វិធីសាស្ត្រការទូតដែលប្រយ័ត្នប្រយែងជាងមុន ដោយបានបញ្ជូនការតវ៉ាប្រឆាំងទៅកាន់ទីក្រុងប៉េកាំងវិញ ជុំវិញការទាមទាររបស់ប្រទេសចិន។

កាលពីខែកក្កដា ប្រទេសឥណ្ឌូណេស៊ី បានចូលរួមជាអ្នកសង្កេតការណ៍នៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក-អូស្ត្រាលីដែលមានឈ្មោះថា «Talisman Sabre» ហើយបន្ទាប់មក នៅក្នុងខែសីហាកងទ័ពឥណ្ឌូណេស៊ីក៏បានធ្វើសមយុទ្ធយោធារួមគ្នាមួយ ជមួយសហរដ្ឋអាមេរិក ឈ្មោះថា «Garuda Shield» ដែលជាសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន ដោយមានការចូលរួមពីកងទ័ពចំនួន ៣០០០ នាក់ នៅភាគខាងត្បូងកោះស៊ូម៉ាត្រា។

សម្រាប់សមយុទ្ធចុងក្រោយនេះ បើទោះបីជាវាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលឥណ្ឌូណេស៊ីបានធ្វើចាប់តាំងពីឆ្នាំ ២០០៩ មកក៏ដោយ ក៏វាបានធ្វើឱ្យប្រទេសចិនកាន់តែក្ដៅស្លឹកត្រចៀកជាងមុនទៅទៀត ហើយបានផ្ញើលិខិតតវ៉ាមួយទៀតទៅកាន់ឥណ្ឌូណេស៊ី។

ហើយនៅចុងខែដដែលនោះ ដើម្បីបញ្ជាក់អំពីការមិនសប្បាយចិត្តរបស់ខ្លួន ទីក្រុងប៉េកាំងបានអនុញ្ញាតឱ្យនាវាស្រាវជ្រាវចិនមួយ ដែលមានទម្ងន់ ៦៥០០ តោនឈ្មោះ Haiyang Dhizi10 ឱ្យបើកបរឆ្លងចូលទៅក្នុងដែនទឹករបស់ប្រទេសឥណ្ឌូណេស៊ី និងបានបន្តនៅទីនោះរហូតដល់ចុងខែតុលា។

ភាគច្រើននៃភាពតានតឹងទាំងនេះត្រូវបានរលត់បាត់ទៅវិញ ចំពេលមានការផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកាសកិច្ចព្រមព្រៀង «AUKUS» កាលពីចុងខែកញ្ញាដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបាន ប្រកាសគាំទ្រប្រទេសអូស្ត្រាលីក្នុងការទទួល បាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលជាការជំរុញឱ្យមានការផ្ទុះកំហឹងជាខ្លាំងនៅ ក្នុងប្រទេសចិន។

នៅមុនខែធ្នូឆ្នាំមុន សារព័ត៌មានធំៗនៅ ក្នុងប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍អំពីការទាមទាររបស់ចិនចំពោះ «ដែនសមុទ្រ Natuna ភាគខាងជើង» ជាតំបន់ដែលឥណ្ឌូណេស៊ីបានចាត់ទុកថាជាកម្មសិទ្ធិរបស់ខ្លួន។

នៅក្នុងការអះអាងពីការទាមទាររបស់ខ្លួនចំពោះផ្នែកមួយនៃដែនទឹករបស់ប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្ននេះ ទីក្រុងប៉េកាំងពិតជាចង់បង្រៀនទីក្រុង Jakarta នូវមេរៀនមួយថា ចិនអាចផ្លាស់ប្តូរ «ស្ថានភាពបច្ចុប្បន្ន» បានប្រសិនបើឥណ្ឌូណេស៊ីចង់សាក។ ប៉ុន្តែ​ប្រសិនបើ​ចិន​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​រវាង​ឥណ្ឌូណេស៊ី​ជាមួយ​អាមេរិក នោះចិន​ក៏ត្រូវ​ទទួលស្គាល់ផងដែរថា ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ឥណ្ឌូណេស៊ី​ ក៏មាន​បញ្ហា​ប្រឈម​របស់វាផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានទៅទស្សនកិច្ចនៅទីក្រុង Jakarta កាលពីខែធ្នូ ហើយបានសម្តែងការគាំទ្រចំពោះ «ភាពជាអ្នកដឹកនាំរបស់ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេ
ទី៣ របស់ពិភពលោក និងជាអ្នកគាំទ្រដ៏មុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

លោក Blinken បានលើកយកពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» មកនិយាយម្ដងហើយ ម្ដងទៀតនៅក្នុងសុន្ទរកថារបស់លោក ដែលមានន័យចង់លើកស្ទួយនូវគំនិតមួយដែលថា សហរដ្ឋអាមេរិកគឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់ឥណ្ឌូណេស៊ី ជាងប្រទេសចិន។

ខណៈពេលដែល ប្រជាជនឥណ្ឌូណេស៊ីស្គាល់អំពីគោលគំនិត នៃភូមិសាស្ត្រនយោបាយ នោះវាមិនមែនជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ បើផ្អែកតាមប្រវត្តិសាស្ត្រ និងមនោសញ្ចេតនា។ អាស៊ីអាគ្នេយ៍ គឺជាទីតាំងដែលផ្ដល់ប្រយោជន៍ដល់ឥណ្ឌូណេស៊ីអស់ពេលជាយូរណាស់មកហើយ ហើយក៏ជាទីដែលប្រទេសនេះមានឥទ្ធិពលខ្លាំក្លាជាងគេផងដែរ។

ជាក់ស្តែង ខណៈពេលដែលឥណ្ឌូណេស៊ីមានការពេញចិត្តចំពោះការយកចិត្តទុកដាក់ពីសំណាក់អាមេរិកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo បានកំណត់ពេលជួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolai Patrushev នៅថ្ងៃតែមួយជាមួយគ្នា ដែលជាការបន្ថយសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានហ៊ានទាំងហៅសហរដ្ឋអាមេរិកនិង រុស្ស៊ីថាជា «ដៃគូល្អទាំង២» របស់ឥណ្ឌូណេស៊ីទៀតផង។

ការ​មិន​ចូល​បក្ស​សម្ព័ន្ធ​បានបន្ត​កំណត់​អំពីទស្សនៈវិស័យ​របស់​ឥណ្ឌូណេស៊ី​ចំពោះ​ជំហររបស់​ខ្លួននៅ​ក្នុង​តំបន់។ នៅពេលដែលការប្រជែងគ្នារវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនកាន់តែតានតឹងឡើងៗ ទីក្រុង Jakarta កំពុងព្យាយាមចាប់ប្រជល់មហាអំណាចឱ្យប្រឆាំងគ្នាទៅវិញទៅមក ដោយសង្ឃឹមថា ខ្លួននឹងទាញបានផលប្រយោជន៍ពីវា។

លោក Subianto បានលើកយកចំណុចសំខាន់នេះទៅនិយាយនៅឯកិច្ចសន្ទនា IISS Manama លើកទី ១៧ នៅប្រទេសបារ៉ែន កាលពីខែវិច្ឆិកា ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីត្រូវតែមានភាព «ប្រាកដនិយម» ក្នុងការកាន់ចង្កូតការប្រកួតប្រជែងគ្នារវាងមហាអំណាច។

លោកបាននិយាយថា ពេលខ្លះការមិនចូលបក្សសម្ព័ន្ធនឹងបង្កភាព «លំបាក» ប៉ុន្តែ វានៅតែបម្រើផលប្រយោជន៍ដល់ឥណ្ឌូណេស៊ីដដែល។

ការ​ព្រមាន​ថ្មី​ៗ​របស់​ចិន​ចំពោះ​ឥណ្ឌូណេស៊ី នឹង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់នោះទេ​ នៅក្នុង​ទីក្រុង​ Jakarta ប៉ុន្តែ​វាបាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​កាន់តែងាកមក​ផ្អែមល្ហែម​ជាមួយប្រទេសឥណ្ឌូណេស៊ីវិញ។

ប្រជាជនឥណ្ឌូណេស៊ីជាច្រើននៅតែមើលឃើញពីភាពពុតត្បុតជាច្រើននៅក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ជាក់ស្ដែងដូចជាសង្រ្គាមនៅអ៊ីរ៉ាក់ និងនៅអាហ្វហ្កានីស្ថាន ជាដើម ហើយអ្វីដែលសំខាន់
បំផុតនោះ គឺតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការបោសសម្អាតជនកុម្មុយនីស្តនៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ ១៩៦៦ នៅពេលដែលលោក ស៊ូហារតូ បានដណ្តើមអំណាច។

ដូច្នេះ អ្វី​ដែល​ល្អ​បំផុត​ដែលទាំង​សហរដ្ឋ​អាមេរិកនិងចិនអាច​សង្ឃឹម​បាន​ពី​ឥណ្ឌូណេស៊ី​ គឺ​ការ​គាំទ្រ​ដោយ​ផ្នែកៗ ព្រោះ​ឥណ្ឌូណេស៊ី​នឹង​មិន​ចង់​ផ្តាច់ខ្លួនចេញពីមហា​អំណាច​ណាមួយនោះទេ៕ The Interpreter