ខ្មែរប៉ុស្ដិ៍ Close

Bangkok Post ៖ ទំព័រថ្មីនៃគោលនយោបាយជប៉ុននៅតំបន់អាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 59
Bangkok Post ៖ ទំព័រថ្មីនៃគោលនយោបាយជប៉ុននៅតំបន់អាស៊ី រូបភាព Bangkok Post

គោលលទ្ធិសេដ្ឋកិច្ចថ្មីមួយរបស់ជប៉ុនដែលសំដៅមកតំបន់អាស៊ី និងដែលទើបប្រកាសដាក់ឱ្យប្រើនាពេលថ្មីៗនេះ មានទិដ្ឋភាពចំនួនពីរ គឺ៖

  1. ទិដ្ឋភាពទី(១) ៖ គឺការ យកអាស៊ានជាស្នូលនៃគោលលទ្ធិនេះ។
  2. ទិដ្ឋភាពទី(២) ៖ គឺគ្របដណ្ដប់ទៅលើផ្នែកដ៏ធំទូលាយរបស់ទ្វីបអាស៊ីទាំងមូលដែលរួមមានទាំងប្រទេសចិន, កូរ៉េខាងត្បូងនិងឥណ្ឌា ផងដែរ បើទោះបីជាមិនបានលើកឡើងឱ្យចំឈ្មោះក្តី។

ជាក់ស្តែង ពេលនេះជប៉ុនចង់បញ្ជាក់ថា អភិក្រមគោលនយោបាយថ្មីរបស់ខ្លួន គឺបានមកពីការវាយតម្លៃនៅក្នុងតំបន់ដោយផ្ទាល់របស់ខ្លួន ដោយផ្អែកលើការវិវឌ្ឍនៃការចូលប្រឡូកដោយផ្ទាល់ជាមួយតំបន់នេះអស់រយៈពេលជាង ៥ ទសវត្សរ៍។

កាលពីពេលថ្មីៗនេះ នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (MITI) ជប៉ុន បានគូសបញ្ជាក់អំពីអភិក្រមថ្មីមួយទាំងស្រុង ជាមួយនឹងអ្វីដែលគេហៅថា «ការវិនិយោគអាស៊ី-ជប៉ុន សម្រាប់ការផ្តួចផ្តើមនាពេលអនាគត -Asia-Japan Investing for the future initiative»។

គេគួរតែធ្វើការត្រួតពិនិត្យឱ្យបានដិតដល់លើអភិក្រមនេះ ព្រោះជប៉ុនកម្រមានគោលនយោបាយដ៏ទូលំទូលាយនិងដែលសម្លឹងទៅមុខ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃណាស់។

ប្រសិនបើសុន្ទរកថា របស់លោក Hagiuda គឺជាការបង្ហាញអំពីអ្វីដែលនឹងកើតមានឡើងមែននោះ ចាប់ពីពេលនេះតទៅ ការចូលរួមរបស់ប្រទេសជប៉ុនជាមួយអាស៊ាន នឹងមានភាពខុសប្លែកជាងពីមុនបន្តិច។

ដូចនេះ លោក Hagiuda ដែលបាន មកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅអាស៊ីអាគ្នេយ៍កាលពី ២សប្តាហ៍មុន បានចង្អុលបង្ហាញថា គំនិតផ្តួចផ្តើមនេះមានអាទិភាពសំខាន់ៗ ចំនួនពីរ គឺ៖

  1. ទី(១) ៖ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ ភាពទាក់ទាញរបស់តំបន់ដែលជាមជ្ឈមណ្ឌលនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកមួយនេះ និង
  2. ទី(២) ៖ គឺការធ្វើនវានុវត្តដើម្បីបង្កើននិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមក្នុងសង្គម។

តាមរយៈគំនិតផ្តួចផ្តើមនេះ ជប៉ុននឹងវិនិយោគនៅក្នុងតំបន់អាស៊ានដើម្បីពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយប្រែក្លាយប្លុកនេះឱ្យទៅជាមជ្ឈមណ្ឌលដ៏សំខាន់មួយ និងអាចបង្កើនភាពទាក់ទាញរបស់ខ្លួន។

លោកបានកត់សម្គាល់ថា «អាស៊ានដែលមានស្ថិរភាពនិង ដែលអាចព្យាករណ៍បាន គឺត្រូវផ្សាភ្ជាប់ទៅ នឹងសារៈសំខាន់នៃការធ្វើពាណិជ្ជកម្មដោយ សេរី និងពហុភាគីនិយមដែលផ្តល់នូវតម្លៃខ្ពស់នៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជានេះ»។

អាទិភាពទាំងនេះ កើតចេញពីការចូលរួមរបស់ជប៉ុនអស់រយៈ ពេលជាច្រើនឆ្នាំមកហើយ ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីបានផ្ដល់ជំនួយអភិវឌ្ឍន៍អស់ជាងកន្លះសតវត្សមក នេះ ប្រទេសជប៉ុនមានបំណងចង់ចូលរួមជាដៃគូស្មើមុខស្មើមាត់ និងចង់រួមគ្នាបង្កើតគំនិតថ្មីៗជាមួយសមាជិកអាស៊ាន។

ទំនាក់​ទំនងរវាង​ជប៉ុន​ជាមួយ​នឹង​តំបន់នេះ​បាន​ហែលឆ្លង​កាត់​ទាំងរឿងល្អផង និងអាក្រក់ផង។ នៅក្រោយសង្គ្រាម លោកលើកទី២ ប្រទេសជប៉ុនបានកសាងសេដ្ឋកិច្ចដែល បានខ្ទេចខ្ទាំដោយសារ សង្រ្គាមបន្តិចម្តងៗ ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានឧស្សាហកម្មឈានមុខគេ។

ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ ១៩៨០ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញជំនួយអភិវឌ្ឍន៍របស់ខ្លួនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ នៅសម័យនោះ ដោយបានរៀនសូត្រពីសកម្មភាពប្រឆាំងនឹងសេដ្ឋកិច្ចរបស់ជប៉ុន នៅក្នុងតំបន់ តាំងពីពេលនោះមក ជប៉ុនតែងមានការប្រយ័ត្នប្រយែងច្រើនជាងមុនចំពោះតម្រូវការនិងការផ្គត់ផ្គង់នៅក្នុងតំបន់ ពីសំណាក់ភាគីពាក់ព័ន្ធ។

ការជំរុញរបស់រដ្ឋាភិបាលជប៉ុនមុនៗ ក្នុងការវិនិយោគលើឧស្សាហកម្មផលិតសំខាន់ៗនៅក្នុងតំបន់ ជាពិសេសឧស្សាហកម្មផលិតរថយន្ត កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ បានបង្កើនសន្ទុះយ៉ាងលឿនតាមរយៈវិស័យឯកជន។

ក្រុមហ៊ុនផលិត​រថយន្ត​គ្រាក់ៗ​ បានតម្រង់​ជួរ​គ្នាដើម្បី​មកវិនិយោគ​នៅក្នុង​តំបន់នេះ។ ប្រទេសថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសទទួលផលពីការវិនិយោគពីសំណាក់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗ ដែលនិន្នាការ​នេះ​នៅ​តែ​បន្ត​មានឥត​ឈប់ឈរ។

លោក Hagiuda បានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសជប៉ុននិងអាស៊ាន បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ គឺប្ដូរពីក្រុមហ៊ុនផលិតរថយន្តទៅជាឧស្សាហកម្មផលិតដែលប្រកបដោយនវានុវត្តន៍ ដោយសារតែវាជានិន្នាការថ្មីមួយ ដែលប្រទេសជប៉ុនកំពុងតែផ្តោតអារម្មណ៍នាពេលបច្ចុប្បន្ននេះ។

ដោយសារជំងឺរាតត្បាតនៅតែបន្តរីករាលដាលឥតឈប់ឈរ ប្រទេសជប៉ុនកំពុងព្យាយាមកសាងទំនាក់ទំនងដែលកាន់តែមានសុវត្ថិភាពបន្ថែមទៀត ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

អ្នកបង្កើតគោលនយោបាយនៅទីក្រុងតូក្យូ បានយល់ឃើញថា ប្រសិនបើគ្មានដំណោះស្រាយយូរអង្វែងចំពោះបញ្ហាប្រឈមទូទៅ ដែលតំបន់នេះកំពុងប្រឈមនោះទេ នោះសេដ្ឋកិច្ចរបស់ខ្លួនក៏នឹងរងទុក្ខផងដែរ។

នោះហើយគឺជាមូលហេតុដែលគំនិតផ្តួចផ្តើមថ្មីនេះសង្កត់ធ្ងន់លើការបង្កើតមូលដ្ឋានគ្រឹះមួយ សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចសង្គមប្រកប ដោយនិរន្តរភាព តាមរយៈសមត្ថភាព របស់តំបន់នេះក្នុងការរួមគ្នាបង្កើតគំនិតថ្មីៗ និងនវានុវត្តន៍។

ជាក់ស្តែង ប្រទេសជប៉ុនមើល ឃើញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំពីសំណាក់ក្រុមហ៊ុនជប៉ុនក្នុងការជួយរកដំណោះ ស្រាយសម្រាប់បញ្ហាប្រឈមក្នុងតំបន់ ជាពិសេសបញ្ហាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ, ការកាត់បន្ថយភាពក្រីក្រនិងការធានា ដល់ការមានការងារធ្វើ ដែលជប៉ុននិងអាស៊ានអាចធ្វើការជាមួយគ្នាបាន។

លើសពីនេះ គំនិតផ្តួចផ្តើមក្នុងការធ្វើអន្តរកាលថាមពលនៅក្នុងអាស៊ាន គឺជាជំហានថ្មីមួយទៀតរបស់ប្រទេសជប៉ុន ដើម្បីគាំទ្រដល់ប្លុកនេះ។ ប្រទេសជប៉ុនដែលបានសហការជាមួយក្រុមស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីបូព៌ានិងអាស៊ាន (Economic Research of East Asia and Asean – ERIA) ដែលមានមូលដ្ឋាននៅទីក្រុង Jakarta កំពុងធ្វើការលើផែនទីចង្អុលផ្លូវសម្រាប់ប្រទេសជាសមាជិកអាស៊ាននីមួយៗ ដោយគិតគូរអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និងថាមពល។

បើតាមលោក Hagiuda គំនិតផ្តួចផ្តើមនេះនឹងផ្តល់ប្រាក់ចំនួន ១០ ពាន់លានដុល្លារក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យានិងគម្រោង ដោយផ្អែកលើផែនទីចង្អុលផ្លូវទៅកាន់អព្យាក្រឹត្យភាពកាបូន។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ លោក Hagiuda ក៏បាននិយាយផងដែរថា ប្រទេសជប៉ុននឹងជួយផ្តល់ការងារចំនួន ៥ម៉ឺនកន្លែងសម្រាប់កម្មករមកពីតំបន់អាស៊ាន ឱ្យធ្វើការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងវិស័យផ្សេងៗទៀតនៅក្នុងក្រុមហ៊ុនរបស់ជប៉ុន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ទង្វើនេះ បានបង្ហាញ អំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការលើកកម្ពស់ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

ទិដ្ឋភាពទី(២)៖ សំដៅទៅលើតំបន់ដ៏ធំទូលាយដែលគ្របដណ្តប់លើទ្វីបអាស៊ី។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅក្នុងសុន្ទរកថារបស់ខ្លួន លោក Hagiuda បានសម្រេចចង្អុលបង្ហាញភូមិសាស្ត្រតាមរបៀបចាស់ដើម្បីមិនឱ្យច្រឡំជាមួយនឹងពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលល្បីល្បាញខ្លាំងនោះទេ។

ពាក្យ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» នេះ ​ត្រូវ​បាន​គេ​យកបកស្រាយក្នុងន័យ​នយោបាយ និង​សន្តិសុខជ្រុល។ ក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន គឺផ្តោតលើកិច្ចសហប្រតិបត្តិការបអភិវឌ្ឍ ហើយក៏ជាដៃគូសន្ទនាតែមួយគត់ដែលបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹង «ទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» «Asean Outlook for the Indo-Pacific – AOIP» របស់អាស៊ាន។

សុន្ទរកថានោះបានគូសបញ្ជាក់យ៉ាងច្បាស់ថា ជប៉ុនមិនចង់បន្ថែមសាំងទៅលើភ្លើងនៃទំនាក់ទំនងដែលកំពុងតែមានភាពតានតឹងស្រាប់នោះទេ ទាំងជាមួយប្រទេសចិននិងកូរ៉េខាងត្បូង។

នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីចុងសប្តាហ៍រវាងប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រី Fumio Kishida ប្រធានបទពិភាក្សាដ៏សំខាន់នៅពេលនោះ គឺការលេចត្រដែតឡើងរបស់ប្រទេសចិន និងផលប៉ះពាល់ពីការកើនឡើងនេះ។ ប៉ុន្តែ​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ថ្មី​របស់​ជប៉ុន​នេះមាន​ចក្ខុវិស័យ​រយៈពេល​វែង​ដោយគ្របដណ្តប់​លើ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​កាន់ច្រើនជាងមុន​។

គេសង្ឃឹមថា នៅពេលដែលទំនាក់ទំនងរួមរបស់ជប៉ុនជាមួយចិន និងកូរ៉េខាងត្បូង មានភាពប្រសើរឡើង នោះទំនាក់ទំនងដែលបានពង្រឹងបន្ថែមទាំងនេះនឹងផ្តល់នូវលទ្ធផលជាវិជ្ជមានសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

អ្វីដែលគេមិនអាចនិយាយបាននោះ គឺទំនាក់ទំនងដែលកំពុងជាប់គាំងនាពេលបច្ចុប្បន្ននេះបានធ្វើឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងធំសម្បើមចំពោះអ្នកពាក់ព័ន្ធទាំងអស់។ គោលលទ្ធិថ្មីនេះមានគោលបំណងសំខាន់ក្នុងការបង្កើនល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់ ក្នុងបរិបទនៃទិដ្ឋភាពថ្មី ស្ដីពីសេដ្ឋកិច្ចពិភពលោកក្រោយជំងឺរាតត្បាត៕ Bangkok Post

អត្ថបទទាក់ទង