ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ចំណែកអ្នកប្រឆាំងជាមួយការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ និងអត់ថ្នាំពេទ្យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 37
សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ចំណែកអ្នកប្រឆាំងជាមួយការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ និងអត់ថ្នាំពេទ្យ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ចំណែកអ្នកប្រឆាំងជាមួយការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ និងអត់ថ្នាំពេទ្យ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថាអ្នកនោះចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម ហើយអ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ-១៩។

តាមរយៈបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។

សម្តេចលើកឡើងដូច្នេះថា៖ «អាស៊ាន និងដៃគូដែលចង់ចូលរួមក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯង នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ-១៩»។

បើតាមសេចក្តីប្រកាសរួមរបស់កម្ពុជា-មីយ៉ាន់ម៉ា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានឱ្យដឹងថា នៅក្នុងឱកាសបំពេញទស្សនកិច្ចនេះ មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ ព្រមទាំងធានា និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ទោះបីជាដំណើរទស្សនកិច្ចនេះ បានហុចផ្លែផ្កាយ៉ាងច្រើនដល់នយោបាយនៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែលទ្ធផលនេះហាក់ដូចជាដំណឹងអាក្រក់សម្រាប់ក្រុមប្រឆាំងមួយចំនួន។ តាមបណ្តាញសង្គម Facebook លោក សម រង្ស៉ី បានវាយប្រហារចំពោះជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មីន អោង ឡាំង។ ដោយឡែកនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិយូមែនរ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បែរជាចាត់ទុកថា ទស្សនកិច្ចនេះគឺការប្រមាថមើលងាយចំពោះពលរដ្ឋមីយ៉ាន់ម៉ាទៅវិញ។

ការយល់ព្រមអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា និងទទួលយកជំនួយរបស់មីយ៉ាន់ម៉ា រួមទាំងស្វាគមន៍ចំពោះប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២នេះ ជាការវិវឌ្ឍថ្មីស្របទៅតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច ដែលត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង៥ចំណុចនេះរួមមាន៖

  • ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
  • ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
  • ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
  • ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
  • ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

សូមឆ្លៀតឱកាសនេះ សម្តេចតេជោ បានបញ្ជាក់ជូនផងដែរថា ថ្ងៃដំណើរទស្សនកិច្វនេះ គឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលសម្តេចបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨ មករា ១៩៧៩ – ៨ មករា ២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយដែលអាចចាត់ទុកថា ជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះផងដែរ។

សម្តេចបញ្ជាក់បន្ថែមថា៖ «ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការបរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជីវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ»៕

Fresh News

អត្ថបទទាក់ទង