សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ នឹងតម្កល់បុរាណវត្ថុមរតកបុព្វបុរសខ្មែរ
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានថេរដីកាថា ដោយសារទឹកព្រះទ័យស្រឡាញ់ពេញចិត្តគ្រឿងបុរាណវត្ថុដែលជាបេតិកភណ្ឌមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ មានអាយុកាលរាប់រយឆ្នាំមកហើយនោះ ព្រះអង្គបានខិតខំស្វែង ប្រមូលរក្សាទុកបុរាណវត្ថុទាំងនោះតាំងពីអំឡុងឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន។ បុរាណវត្ថុដែលព្រះអង្គបានប្រមូលរក្សាទុករួមមានជាវត្ថុសាងពី ថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុល្លាលភាជន៍នានារក្សាទុកក្នុងវត្តរាជបូណ៌ដើម្បីរក្សាទុកនិងតាំងបង្ហាញក្នុងអគារសារមន្ទីរនៅក្នុងវត្តរាជបូណ៌នេះ។ សារមន្ទីរនេះមានឈ្មោះថាសារមន្ទីរ ព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ ជាសារមន្ទីរព្រះពុទ្ធសាសនា ដើម្បីឱ្យមនុស្សជាតិទាំងអស់នៅលើពិភពលោកបានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ។
ព្រះអង្គមានថេរដីកាបន្តថា ព្រះអង្គមានព្រះទ័យនេះយូរហើយទើបតែនៅក្នុងឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញមកទស្សនកិច្ចក្នុងវត្តរាជបូណ៌ បានឃើញគ្រឿងបុរាណវត្ថុទាំងនោះ លោកជំទាវ ក៏សម្រេចចិត្តជ្រោមជ្រែងក្នុងការកសាងសារមន្ទីរដើម្បីសមតាមបំណងរបស់ព្រះអង្គ។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះអង្គមានថេរដីកាបន្តថា ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានចូលរួមជ្រោមជ្រែងក្នុងការងារសាងសង់សារមន្ទីរសម្រាប់តម្កល់បុរាណវត្ថុទាំងនេះ។ ក្រៅពីនេះ ក៏នៅមានសមិទ្ធផលចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរាបានជួយមកកាន់វត្តរាជបូណ៌ រួមមាន៖ ការជួសជុលព្រះវិហារ និងសាលាឆាន់មួយខ្នង ដែលមានអាយុកាលជាយូរឆ្នាំណាស់មកហើយ។
ដំណើរការសាងសង់សារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌ គ្រោងនឹងចំណាយថវិកាប្រមាណ៩០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលអាចនឹងចាប់ផ្តើមការសាងសង់ក្នុងឆ្នាំ២០២២ខាងមុខ។ បច្ចុប្បន្នព្រះមហាវិមលធម្ម ព្រះអង្គកំពុងប្រមែប្រមូលនូវបច្ច័យពីសប្បុរសជននានា ដើម្បីយកមកកសាងសារមន្ទីរមួយនេះ។
សូមជម្រាបថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រគេននូវប្លង់ស្ថាបត្យកម្ម និងបច្ច័យសរុបចំនួន២ម៉ឺនដុល្លារ ដែលបានពីការចូលរួមរបស់លោកជំទាវផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទប្រគេនទៅព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ជាការរួមចំណែកកសាងសារមន្ទីរ និងដើម្បីព្រះអង្គចាប់ផ្តើម ប្រមែប្រមូលនូវបច្ច័យសប្បុរសនានាបន្ថែមទៀតក្នុងការកសាងសារមន្ទីរខាងលើ៕
អត្ថបទ៖ នាយកដ្ឋានផព្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន