ខ្មែរប៉ុស្ដិ៍ Close

សាលាឆាន់ដ៏ចំណាស់ចំនួន១ខ្នងនៅវត្តរាជបូណ៌ ត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 103
សាលាឆាន់ដ៏ចំណាស់ចំនួន១ខ្នងនៅវត្តរាជបូណ៌ ត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា សាលាឆាន់ដ៏ចំណាស់ចំនួន១ខ្នងនៅវត្តរាជបូណ៌ ត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា

សំណង់សាលាឆាន់ចំនួន១ខ្នង ស្ថិតនៅក្នុងវត្តរាជបូណ៌ដែលជាសម្បត្តិបេតិកភណ្ឌព្រះពុទ្ធសាសនាខ្មែរត្រូវបានជួសជុល និងអភិរក្សឡើងវិញដោយអ្នក ជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាក្រោមការផ្តួចផ្តើមរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅ អធិការវត្តរាជបូណ៌។

ព្រះអង្គតែងតែមានព្រះទ័យយកចិត្តទុកដាក់ក្នុងការងារថែរក្សា អភិរក្សនូវសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនាក្នុងខេត្តសៀមរាប ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលដ៏រស់រវើក ឱ្យនៅឋិតថេរទៅមុខទៀតសម្រាប់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។

បច្ចុប្បន្ន សំណង់អគារសាលាឆាន់នៅវត្តរាជបូណ៌នេះមានបណ្តោយប្រវែង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់១០.៩២ម៉ែត្រ កំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមដោយសារអាយុកាល ហើយគ្រោងនឹងបញ្ចប់ការជួសជុលនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះក្រោមការប្រឹក្សាបច្ចេកទេស និងថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា។

គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលសំណង់បុរាណនៅក្នុងវត្តរាជបូណ៌បន្ទាប់ពីបានជួសជុលព្រះវិហារក្នុងវត្តនេះរួចរាល់កាលពីឆ្នាំ២០២០កន្លងមក៕

អត្ថបទទាក់ទង