Asia Times ៖ ក្រោយការចាប់ផ្តើមបានយ៉ាងល្អ សហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខនឹងបញ្ហាដ៏លំបាកៗជាច្រើននៅអាស៊ី
ពាក់ព័ន្ធនឹងគោលនយោបាយការ បរទេសនៅក្នុងឆ្នាំនេះ រដ្ឋបាលរបស់លោក បៃឌិន បានទទួលភាពជោគជ័យក្នុងការស្តារឡើងវិញនូវបណ្តាញសម្ព័ន្ធភាព និងភាពជាដៃគូយុទ្ធសាស្ត្ររបស់អាមេរិកជាមួយប្រទេសនានានៅទូទាំងពិភពលោក។
ក្រោយវិលត្រឡប់ពីដំណើរទស្សនកិច្ចកាលពីខែធ្នូទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក លោក Antony Blinken បានរំលឹកប្រាប់ដល់អ្នកសារព័ត៌មានថា៖ «ពិភពលោកមិនអាចត្រូវបានរៀបចំដោយខ្លួនឯងបានទេ ប្រសិនបើយើងមិនចូលរួមសហការនោះ។ អ៊ីចឹងហើយទើបទីក្រុងវ៉ាស៊ីនតោនត្រូវតែបន្តរក្សាការប្តេជ្ញាចិត្តចំពោះការកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក»។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកការទូតកំពូលៗ របស់អាមេរិកជាច្រើន នាក់បានធ្វើដំណើរទៅជួបប្រជុំជាមួយបណ្តាសមភាគីនៅក្នុងតំបន់អាស៊ីនិងអឺរ៉ុបនៅក្នុងកម្មវិធីធំៗជាច្រើន ខណៈលោក Blinken បានអះអាងថា «ពេលនេះសហរដ្ឋអាមេរិកកំពុងតែមានភាពស៊ីសង្វាក់គ្នាជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នៅលើបញ្ហាភូមិសាស្ត្រនយោបាយដ៏ចម្រូងចម្រាសជាច្រើនដែលរួមមានទាំងបញ្ហាប្រទេសចិនផងដែរ»។
ដោយគូសបញ្ជាក់អំពីជំហរដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការបញ្ឈប់ប្រទេសចិន ដែលកំពុងតែបង្កសកម្មភាពប្រឆាំងនឹងសណ្តាប់ធ្នាក់អន្តរជាតិ ដោយផ្អែកទៅលើវិធានការច្បាប់ លោក Blinken បាននិយាយថា៖ «នៅពេលនេះ យើងកំពុងតែមានភាពស៊ីសង្វាក់គ្នាជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូកាន់តែខ្លាំងជាងអ្វីដែលយើងមានកាលពីឆ្នាំមុន នៅលើបញ្ហាសឹងតែទាំងអស់»។
ខណៈដែលរដ្ឋការលោក បៃឌិន កំពុងតែខិតខំក្នុងការប្រមូលផ្តុំជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តនិងដៃគូ ដើម្បីធ្វើការប្រឆាំងនឹងប្រទេសចិន ប្រទេសចិនក៏បានធ្វើការឆ្លើយតបទៅវិញភ្លាមៗផងដែរដោយប្រើប្រាស់វិធីសាស្ត្រការទូត។
ដោយចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ សហរដ្ឋអាមេរិកថាជាការបង្កើតឱ្យមានសង្គ្រាមត្រជាក់ថ្មីមួយ អគ្គរដ្ឋទូតចិនប្រចាំអាមេរិកលោក Qin Gang បានធ្វើការគូសបញ្ជាក់ភ្លាមៗក្រោយការថ្លែងសុន្ទរកថារបស់លោក Blinken ថា៖ «ប្រទេសចិនមិនមែនជាអតីតសហភាពសូវៀតទេ ហើយសហរដ្ឋអាមេរិកក៏មិនមែនជាសហរដ្ឋអាមេរិកកាលពី ៣០ឆ្នាំមុននោះដែរ»។
ខណៈដែលរដ្ឋបាលលោក បៃឌិន កំពុងតែធ្វើការស្តារសម្ព័ន្ធភាពដែលបានបែកខ្ញែកនៅក្នុងតំបន់អឺរ៉ុបខាងលិច និងអាស៊ីអាគ្នេយ៍ឡើងវិញ ហើយបានចាប់ផ្តើមធ្វើទំនាក់ទំនងស៊ីជម្រៅជាមួយប្រទេសជាដៃគូយុទ្ធសាស្ត្រថ្មីៗ ដូចជាប្រទេសឥណ្ឌានោះ មកដល់ពេលនេះអាមេរិកនៅតែមិនទាន់បានដាក់ចេញនូវយុទ្ធសាស្ត្រលើផ្នែកសេដ្ឋកិច្ច និងយោធាឱ្យបានច្បាស់លាស់ជាមួយតំបន់អាស៊ីនោះទេ។
ជារួម នៅក្នុងឆ្នាំដំបូងនៃការកាន់អំណាចនេះ រដ្ឋបាលលោក បៃឌិន សម្រេចបានលទ្ធផលផ្នែកយុទ្ធសាស្ត្រតិចតួចប៉ុណ្ណោះ ខណៈអាមេរិកនឹងត្រូវប្រឈមមុខជាមួយបរិយាកាសយុទ្ធសាស្ត្រដ៏លំបាកៗបន្ថែមទៀត នៅឆ្នាំក្រោយ។
រដ្ឋបាលលោក បៃឌិន បានទទួលជោគជ័យក្នុងការសម្រេចបាននូវកម្មវត្ថុយុទ្ធសាស្ត្ររយៈពេលខ្លីរបស់ខ្លួន។ យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Pew Research Center បានឱ្យដឹងថា៖ ទំនុកចិត្តរបស់ពិភពលោកមកលើប្រធានាធិបតីអាមេរិកបានហក់ឡើងពី ១៧% នៅចុងអាណត្តិរបស់លោក ត្រាំ ឡើងដល់ ៧៥% នៅពេលដែលលោក បៃឌិន បានចូលមកកាន់តំណែង។
រដ្ឋបាលរបស់លោក បៃឌិន បានធ្វើការកាត់បន្ថយក្តីកង្វល់របស់ប្រទេសដែលជាសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន ដែលរួមមានប្រទេសជប៉ុន កោះតៃវ៉ាន់ និងហ្វីលីពីន ខណៈដែលពួកគេកំពុងតែមានការព្រួយបារម្ភអំពីការងើបឡើងរបស់ប្រទេសចិន។
ក្រោយលោក បៃឌិន ទទួលបានជ័យជំនះកាលពីឆ្នាំមុន លោក Huang Shih-chieh ដែលមកពីគណបក្សប្រជាធិបតេយ្យចម្រើននិយម ដែលកំពុងតែកាន់អំណាចរបស់កោះតៃវ៉ាន់បាន និយាយជាចំហថា៖ «កង្វល់ដ៏ធំបំផុតរបស់យើងនៅពេលនេះគឺថា ពេលលោក បៃឌិន ឡើងកាន់អំណាច គាត់អាចធ្វើការកែសម្រួលគោលនយោបាយរបស់គាត់»។
ជាការឆ្លើយតប លោក Chen Ming-tong ប្រធានក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បានធានាអះអាងដល់សមាជិកសភារបស់តៃវ៉ាន់អំពីបញ្ហានេះថា «យើងមិនចាំបាច់មានការព្រួយបារម្ភអំពីការផ្លាស់ប្តូរប្រធានាធិបតីរបស់អាមេរិកនោះទេ ព្រោះបើទោះបីជារដ្ឋបាលលោក បៃឌិន អាចនឹងមានការកែប្រែកលយុទ្ធខ្លះ ប៉ុន្តែពួកគេនឹងមិនធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រចំពោះប្រទេសចិននោះទេ»។
ក្រោយមក រដ្ឋបាលលោក បៃឌិន បានលុបបំបាត់ក្តីកង្វល់នោះ តាមរយៈការប្រកាសគាំទ្រដល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់ ហើយនៅក្នុងកម្មវិធីនានា ប្រធានាធិបតីអាមេរិកតែងតែបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចក្នុងការការពារកោះតៃវ៉ាន់ស្របតាមសន្ធិសញ្ញា ដែលការលើកឡើងនេះ អាចជាតម្រុយដើម្បីបញ្ជាក់ថា អាមេរិកអាចនឹងធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ដើម្បីការពារដល់កោះនេះ ។
ខណៈភាពតានតឹងកំពុងតែកើនឡើងនៅសមុទ្រចិនខាងត្បូង លោក Blinken បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតដល់ប្រទេសហ្វីលីពីនថា ទីក្រុងវ៉ាស៊ីនតោននឹងមកធ្វើការជួយសង្គ្រោះប្រទេសនេះ បើសិនជានាវាចម្បាំង ទាហាន ឬយន្តហោះចម្បាំងរបស់ប្រទេសនេះត្រូវបានភាគីទី៣ ធ្វើការវាយប្រហារ ។
រដ្ឋបាល បៃឌិន ក៏ទទួលបានជោគជ័យក្នុងយុទ្ធនាការទប់ទល់នឹងសកម្មភាពការទូតវ៉ាក់សាំងរបស់ប្រទេសចិនផងដែរ តាមរយៈការផ្តល់ជំនួយទ្រង់ទ្រាយធំជាវ៉ាក់សាំងការពារកូវីដ-១៩ របស់ខ្លួនដល់ប្រទេសសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
តំបន់អាស៊ីអាគ្នេយ៍ ទទួលបានវ៉ាក់សាំងពីសហរដ្ឋអាមេរិកចំនួន ២៣ លានដូស និងថវិកាសម្រាប់ជំនួយមនុស្សធម៌និងជំនួយសម្រាប់វិស័យសុខាភិបាលពីរដ្ឋបាល បៃឌិន ចំនួន ១៥៨ លានដុល្លារ។ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល តួលេខវ៉ាក់សាំងសរុបដែលអាមេរិកបានផ្តល់ឱ្យមានប្រហែល ៣០០ លានដូស។
ភាពជោគជ័យនៃសកម្មភាពការទូតវ៉ាក់សាំងរបស់អាមេរិក ត្រូវបានបង្ហាញយ៉ាងច្បាស់នៅដើមឆ្នាំនេះ នៅពេលដែលប្រធានាធិបតីហ្វីលីពីន ដែលតែងតែមានភាពល្អូកល្អើនជាមួយទីក្រុងប៉េកាំង បានធ្វើការអរគុណដល់រដ្ឋបាល បៃឌិន ជាសាធារណៈ ហើយថែមទាំងបានប្រកាសស្តារកិច្ចព្រមព្រៀងស្តីពីការបំពេញទស្សនកិច្ចកងកម្លាំងសំខាន់ៗ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីនឡើងវិញ ក្រោយប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នាអំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាលពីឆ្នាំមុន។
រដ្ឋបាល បៃឌិន បានទទួលស្គាល់ថា ជាង ៨០% នៃការងារការទូតរបស់សហរដ្ឋអាមេរិក គឺការបង្ហាញខ្លួន ជាពិសេសគឺការបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំរបស់តំបន់ ដូចជាកិច្ចប្រជុំអាស៊ានជាដើម។ លោក Blinken និងមន្ត្រីសន្តិសុខជាតិកំពូលៗផ្សេងទៀតរបស់អាមេរិកក៏បានចាប់ផ្តើមចូលរួមនៅក្នុងកិច្ចប្រជុំនានានៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
ខណៈដែលលោក បៃឌិន បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លោក Blinken បានជួបប្រជុំនៅក្នុងទម្រង់ទ្វេភាគី និងពហុភាគី ទាំងតាមប្រព័ន្ធអនឡាញ និងការជួបប្រជុំដោយផ្ទាល់ ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើន ។
ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជាច្រើន នៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសសិង្ហបុរី និងវៀតណាមបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការទទួលដំណើរទស្សនកិច្ចទាំង២ ខាងលើនេះ។
នៅក្នុងសន្និសិទកាសែតមុនបំណាច់ឆ្នាំនេះ លោក Blinken បានធ្វើការសាទរដល់ការស្តារទំនាក់ទំនងជាយុទ្ធសាស្ត្រឡើងវិញ រវាងសហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូជាច្រើននៅទូទាំងពិភពលោក ។
ទោះជាយ៉ាងណា រដ្ឋបាល បៃឌិន នឹងត្រូវជួបប្រទះនឹងកត្តាប្រឈមធំៗចំនួន ៣ នៅឆ្នាំក្រោយ បន្ទាប់ពីសម្រេចបានជោគជ័យចំពោះយុទ្ធសាស្ត្រតូចតាចរួចមក។
ទី១ ៖ រដ្ឋបាល Biden មិនទាន់បានបង្ហាញអំពីផែនការ សេដ្ឋកិច្ចដ៏រឹងមាំណា មួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនោះទេ។ ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសចិនជាមួយអាស៊ានបានឈានជិតដល់ ៧០០ ពាន់លានដុល្លារ ធំជាងទំហំពាណិជ្ជកម្មរបស់អាមេរិកជាមួយតំបន់ដ៏សំខាន់នេះរហូតដល់ទៅ ២ ដង ។
ដោយសារតែផែនការផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI) ប្រទេសចិនបានដាក់ឱ្យដំណើរការនូវគម្រោងធំៗរបស់ខ្លួនជាច្រើននៅក្នុងឆ្នាំនេះ ដែលរួមមានផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦ ពាន់លានដុល្លារនៅក្នុងប្រទេសឡាវ និងខ្សែរថភ្លើងក្រោមដីដ៏ ទំនើបនៅក្នុងប្រទេសវៀតណាម។
កន្លងមក គេមិនទាន់ឃើញមានសញ្ញាច្បាស់លាស់ណាមួយពីសំណាក់រដ្ឋបាល បៃឌិន ក្នុងការដាក់ចេញនូវគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដើម្បីឆ្លើយតបទៅវិញនោះទេ។ សូម្បីតែនៅក្នុងសំណើរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឌីជីថលរបស់សហរដ្ឋអាមេរិក ក៏នៅមានភាពមិនច្បាស់លាស់ និងកំពុងតែជួបប្រទះនឹងបញ្ហាការិយាធិបតេយ្យជាច្រើន ។
ជាងនេះទៅទៀត សហរដ្ឋអាមេរិកកំពុងតែជួបប្រទះនឹងបញ្ហានៅក្នុងការដាក់ចេញនូវ «យុទ្ធសាស្ត្ររួមគ្នាដើម្បីទប់ទល់» របស់ខ្លួន ព្រោះសូម្បីតែប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាប្រទេសហ្វីលីពីនក៏មានភាពស្ទាក់ស្ទើរក្នុងការចូលរួមនៅក្នុងសម្ព័ន្ធភាពយោធាណាមួយដើម្បីប្រឆាំងនឹងប្រទេសចិនផងដែរ។ ជាក់ស្តែង ស្ទើតែមិនមានប្រទេសនៅអាស៊ីអាគ្នេយ៍ណាមួយបានចេញមកគាំទ្រជាចំហដល់កិច្ចព្រមព្រៀងសន្តិសុខ AUKUS នោះទេ។
សម្រាប់ហ្វីលីពីន ដែលដំបូងបានបង្ហាញនូវការគាំទ្រដល់កិច្ចព្រមព្រៀង AUKUS ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ក៏បានដកការគាំទ្រវិញនោះ ប្រទេសនេះប្រហែលជាមិនអាចបង្កើនទំនាក់ទំនងយោធាជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនោះទេ ជាពិសេសប្រសិនបើលោក Ferdinand Marcos Jr. ដែលជាអ្នកកំពុងនាំមុខសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ បានក្លាយជាប្រធានាធិបតីហ្វីលីពីននោះ។
កូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ ដែលពេលនេះកំពុងនាំមុខគេសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ បាននិយាយនៅក្នុងបទសម្ភាសន៍ដ៏កម្រមួយស្តីពីគោលនយោបាយការបរទេសរបស់គាត់ថា «គោលនយោបាយនៃការចូលរួម ដែលរដ្ឋាភិបាល Duterte កំពុងអនុវត្តនៅពេលនេះ បើទោះបីជាទទួលបានការរិះគន់ក៏ដោយ ក៏នេះគឺជាវិធីដ៏ត្រឹមត្រូវដើម្បីឆ្ពោះទៅមុខ ព្រោះយើងមិនអាចធ្វើអ្វីដែលអាចឈានទៅដល់ការធ្វើសង្គ្រាមបាននោះទេ»។
លោក Marcos Jr. បានបន្ថែមទៀតថា «មានអ្នកខ្លះនិយាយថា ប្រទេសយើងបានទិញនាវាល្បាត និងយន្តហោះចម្បាំង ដើម្បីត្រៀមទុកសម្រាប់ការប្រយុទ្ធគ្នា។ តែហេតុអ្វីបានជាយើងត្រូវវាយប្រយុទ្ធគ្នា? បើមានការប្រយុទ្ធគ្នា សង្គ្រាមនោះមិនអាចមានរយៈ ពេលដល់ ១ សប្តាហ៍នោះទេ ហើយយើងគឺជាអ្នកចាញ់។ អញ្ចឹងសូមកុំគិតដល់រឿងធ្វើសង្គ្រាមអី»។
ចំណុចចុងក្រោយនោះ គឺអាមេរិកនឹងទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗអំពីបញ្ហាច្រកសមុទ្រតៃវ៉ាន់ ក្រោយប្រទេសចិនបានបង្កើនការគំរាមកំហែងផ្នែកយោធាមកលើកោះតៃវ៉ាន់។
នៅក្នុងសុន្ទរកថាបំណាច់ឆ្នាំ អគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនក៏បានធ្វើការព្រមានជាចំហដល់ទីក្រុងវ៉ាស៊ីនតោនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាកោះតៃវ៉ាន់ ដោយសារតែ «បញ្ហានេះគឺជាកត្តាដ៏ធំដែលអាចធ្វើឱ្យអាមេរិកនិងចិនធ្លាក់ចូលទៅក្នុងជម្លោះបាន»។
ជារួម គេឃើញកាន់តែច្បាស់ថា រដ្ឋបាល បៃឌិន ដែលទើបនឹងសម្រេចបានគោលដៅដ៏តូចតាចនោះ នឹងត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកៗជាច្រើន ដើម្បីអាចសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការទប់ស្កាត់ការងើបឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាន៕