លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំអាស៊ាន នឹងបើកកិច្ចប្រជុំកំពូលពិសេស ស្តីពីកូវីដ-១៩
តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងជាប្រធានអាស៊ាន ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំរបស់អាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានឯកភាពចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាដ៏មានអត្ថន័យចំនួន២ ស្តីពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គម ជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នា ជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ-១៩នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ាន តាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ-១៩។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖