ខ្មែរប៉ុស្ដិ៍ Close

លោក សម រង្ស៉ី គួរស្វែងរកនិងបង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីកុំឱ្យខ្មាសគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 51
លោក សម រង្ស៉ី គួរស្វែងរកនិងបង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីកុំឱ្យខ្មាសគណបក្សប្រជាជនកម្ពុជា លោក សម រង្ស៉ី គួរស្វែងរកនិងបង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីកុំឱ្យខ្មាសគណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានសម្រេចជាឯកច្ឆន្ទជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត ដែលជាការបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងច្បាស់លាស់របស់គណបក្សកាន់អំណាចសម្រាប់អនាគតមេដឹកនាំជំនាន់ក្រោយរបស់ខ្លួន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីនោះលោកមានតួនាទី និងដឹកនាំសកម្មភាពជាច្រើនទៀត ក្នុងកិច្ចការរដ្ឋ និងសង្គម។ សម្រាប់តំណែងក្នុងបក្ស លោកក៏ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផងដែរ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ការសម្រេចជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងអបអរសាទរជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស។ ប៉ុន្តែដំណឹងនេះ បែរជាក្លាយទៅជាដំណឹងអាក្រក់ សម្រាប់ក្រុមប្រឆាំង ជាពិសេសក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងជា២ដង ប៉ុន្តែមិនបានសម្រេច។

តាមរយៈបណ្តាញសង្គម ក៏ដូចជាសារព័ត៌មានប្រឆាំង និងសារព័ត៌មានបរទេស លោក សម រង្ស៉ី បានដាក់ចេញនូវយុទ្ធនាការវាយប្រហារជាបន្តបន្ទាប់លើប្រជាប្រិយបេក្ខភាព លោក ហ៊ុន ម៉ាណែត ដូចជាការបំភ្លៃថាជាកូនមេដឹកនាំវៀតណាម ឬការបំភ្លៃអំពីសញ្ញាបត្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាដើម។ បន្ថែមពីនេះលោក សម រង្ស៉ី ខិតខំញុះញង់បំបែកបំបាក់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីបង្វែរនូវការចាប់អារម្មណ៍ទៅលើក្រុមប្រឆាំងរបស់ខ្លួនដែលលែងមានឈ្មោះ និងកំពុងបែកបាក់ ហើយគ្មានទាំងយុវជនដើម្បីបន្តវេនប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចទៀតផង។

ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ លោក សម រង្ស៉ី បានលើកឡើងថា ខ្លួនបានត្រៀមចលនាយុវជនរួចរាល់ហើយសម្រាប់បន្តវេន ប៉ុន្តែបែរជានិយាយថា ការត្រៀមនេះមិនបានជ្រើសរើសផ្លូវការ ឬប្រកួតប្រជែងនោះទេ គឺលោកគ្រាន់តែសម្គាល់ ទៅលើនរណាមានថ្វីដៃ និងថ្វីមាត់ ដែលអាចធ្វើការបានល្អប៉ុណ្ណោះ។ បន្ថែមពីនេះលោក សម រង្ស៉ី បែរជានិយាយថា អ្នកបន្តវេនរបស់ក្រុមប្រឆាំង មិនចាំបាច់នៅក្នុងគណបក្សប្រឆាំងនោះទេ គឺនៅក្នុងសង្គមស៊ីវិលទៅវិញ។

ការលើកឡើងរបស់ លោក សម រង្ស៉ី បែបនោះត្រូវបានអ្នកនយោបាយរិះគន់ថា ជាការលើកឡើងឱ្យរួចពីមាត់ដ៏រប៉ិលរប៉ូចរបស់លោកដែលគ្មានទិសដៅច្បាស់លាស់ប៉ុណ្ណោះ និងប្រហែលជាលោកមានភាពអៀនខ្មាសដែលខ្លួនជាមេដឹកនាំអាយុច្រើនតែខ្វះបទពិសោធន៍ ដោយមិនបានរៀបចំ និងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយបានល្អ ដូចគណបក្សប្រជាជនកម្ពុជា។

លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្ស បានលើកឡើងថា ការព្យាយាមរិះគន់វាយប្រហារលោក ហ៊ុន ម៉ាណែត ដោយលោក សម រង្ស៉ី ជាការច្រណែន នឹងមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ លោកលើកឡើងថា «ការរិះគន់នេះគឺជាការច្រណែនឈ្នានីសមួយអំពីសមត្ថភាពអ្នកជំនាន់ថ្មី របស់អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាទំពាំងល្អ ដែលជាទំពាំងស្នងឫស្សី ដែលនឹងមានប្រសិទ្ធភាពក្លាយជាដើមឫស្សីល្អ ទៅជាឫស្សីមេនៃគុម្ភឫស្សីរបស់គណបក្សប្រជាជនកម្ពុជា»។

លោកបានបន្ថែមថា «ហើយក៏ជាការច្រណែនមួយដែរ ដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជាមានគោលដៅល្អស្នងតំណែង ស្នងការងារឪពុកបាន ហើយរៀនសូត្របានខ្ពង់ខ្ពស់មានសញ្ញាបត្រខ្ពង់ខ្ពស់ រៀនសូត្រដល់ក្រៅប្រទេសទទួលបានសញ្ញាបត្របណ្ឌិតពីសាលាអន្តរជាតិមកពីក្រៅប្រទេស»។

សម្រាប់លោកសួន សេរីរដ្ឋា ធនធានយុវជនល្អៗរបស់គណបក្សប្រជាជនកម្ពុជា ដោយរាប់តាំងពីកូនរបស់ថ្នាក់ដឹកនាំ រហូតដល់កូនប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ គឺទទួលបានការរៀនសូត្រ ការបណ្តុះបណ្តាលបានខ្ពង់ខ្ពស់ ហើយមានតួនាទីបទពិសោធល្អៗ ទាំងនៅក្នុងកិច្ចការរដ្ឋ កិច្ចការសង្គម និងកិច្ចការឯកជន ដែលធ្វើការប្រកបដោយឆន្ទៈ ឧត្តមគតិ ដោយមើលឃើញអំពីតម្លៃ នៃប្រទេសដែលសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ចំណែកធនធានយុវជនរបស់ក្រុមប្រឆាំងកន្លងមក គឺជាធនធានដែលឆ្លៀតឱកាសចង់ធ្វើធំ ដោយមិនចាំបាច់ឆ្លងកាត់កិច្ចការតូច ដែលពួកគេមិនបានយកសមត្ថភាព ការអប់រំជាសំខាន់ទេ ហើយតែងប្រើថ្វីមាត់រិះគន់ ជេរប្រទេចរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ដើម្បីទទួលបានឱកាសកាន់តួនាទីធំ នៅក្នុងបក្ស។ បន្ថែមលើនេះ កូនមេដឹកនាំក្រុមប្រឆាំងមួយចំនួនជាពិសេស លោក សម រង្ស៉ី តែម្តង គឺមាននិស្ស័យផ្សេងពីឪពុក ដោយពួកគេចង់ទៅបំពេញការងារផ្សេង បន្ទាប់ពីដឹងអំពីអំពើបោកប្រាស់របស់ឪពុកមកលើប្រជាពលរដ្ឋខ្មែរ។

ពាក់ព័ន្ធនឹងរឿងកង្វះធនធានយុវជនបន្តវេនរបស់ក្រុមប្រឆាំងនេះ សូម្បីតែសកម្មជនក្រុមប្រឆាំងខ្លួនឯង ក៏ចេញមុខចំអកដល់លោក សម រង្ស៉ី ផងដែរ បន្ទាប់ពួកគេឃើញ លោកព្យាយាមវាយប្រហារលើបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា។ លោក យឹម ស៊ីណន អតីតសកម្មជនក្រុមប្រឆាំងដ៏លេចធ្លោម្នាក់ នៅឯប្រទេសកូរ៉េ បានលើកឡើងថា ៖ «លោកប្រធានបានធ្លាក់ខ្លួនក្លាយជាអ្នកវិភាគនយោបាយនៃបញ្ហាផ្ទៃក្នុងបក្ស Cpp ខណៈបក្សខ្លួនកំពុងត្រដរកខ្យល់ដកសឹងមិនបានផង?»។

ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ ដែលមានវ័យ៧២ឆ្នាំ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីនេះលោកក៏ត្រូវបានតុលាការកាត់ទោស ក្នុងសំណុំរឿងជាច្រើនទៀត។ ការប្រព្រឹត្តិល្មើសព្រហ្មទណ្ឌកាន់តែធ្ងន់ធ្ងរនេះ កាន់តែធ្វើឱ្យ លោក សម រង្ស៉ី ពិបាកក្នុងការមកធ្វើនយោបាយនៅកម្ពុជាឡើងវិញ ស្របពេលដែលលោក កាន់តែមានវ័យចាស់ណាស់ទៅហើយនោះ ហើយកំពុងខូចកេរ្តិ៍ឈ្មោះម្តងហើយម្តងទៀត។

ជុំវិញករណីនេះ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា លោក សម រង្ស៉ី គួរប្រញាប់ខិតខំស្វែងរក និងបង្ហាញបេក្ខភាពមេដឹកនាំបន្តវេនរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីជាទំនុកចិត្តដល់អ្នកគាំទ្រខ្លួន និងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ប្រសើរជាងចំណាយពេលឥតបានការណ៍តាមឈឺឆ្អាល ចំពោះការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង