ខ្មែរប៉ុស្ដិ៍ Close

មកទល់ពេលនេះដឹងច្បាស់ហើយ ការពុលទឹកព្រែកទេរ នៅក្រចេះ មិនមែនដោយសារថ្នាំសម្លាប់ស្មៅទេ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 33
មកទល់ពេលនេះដឹងច្បាស់ហើយ ការពុលទឹកព្រែកទេរ នៅក្រចេះ មិនមែនដោយសារថ្នាំសម្លាប់ស្មៅទេ! មកទល់ពេលនេះដឹងច្បាស់ហើយ ការពុលទឹកព្រែកទេរ នៅក្រចេះ មិនមែនដោយសារថ្នាំសម្លាប់ស្មៅទេ!

នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអះអាង ករណីពុលស្លាប់មនុស្សជាង១០នាក់ និង រាប់សិបនាក់ផ្សេងទៀតពុលខ្លាំង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ មានទាំងក្មេងនិង ចាស់ នៅស្រុកចិត្តបូរី ខេត្តក្រចេះ កាលពីពេលកន្លងទៅ គឺមិនមែនពុលដោយសារ ថ្នាំ​កសិកម្ម​បាញ់​សម្លាប់​ស្មៅនោះ​ទេ គឺដោយសារ ធាតុគីមីសម្រាប់លាង សម្អាតមាស ដែលមានភាពពុលខ្លាំង ។

អំឡុងពេលចុះតាមដាន ក្រោយផ្ទុះករណីពុលស្លាប់ មន្ត្រីរបស់ក្រសួងបានរកឃើញ អ្នកជីករ៉ែមាស ដែលកំពុងធ្វើអាជីវកម្ម នៅតាមដងស្ទឹងព្រែកទេរ នោះ ហើយមានប្រើប្រាស់សារធាតុគីមីសម្រាប់លាងសម្អាតមាស ដែលមានភាពពុលខ្លាំង។

ជាមួយគ្នានេះដែរ ឯកឧត្តម បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានបញ្ជូនសំណាករកឃើញថ្មី ទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យ និងមានវិធានការ ទៅលើម្ចាស់អាជីវកម្មមាសទាំងនោះ ដែលមានទាំង មានច្បាប់អនុញ្ញាត និង គ្មានច្បាប់។

ក្រសួងបាន​បញ្ជូន​ក្រុម​បេស​កម្ម​ចម្រុះ មាន​វិទ្យាស្ថាន​ស្តងដារ នៃ​មន្ទីរពិសោធន៍​របស់​ក្រសួង រួម​ជាមួយ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត ដែល​ចុះ​ទៅ​ជាមួយ​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម ដើម្បី​ធ្វើការ​ស្រាវជ្រាវ ហើយ​ក្រសួង​បាន​យក​ទឹក មាន​ប្រភព​នៅ​ជិត​ៗ​ព្រែក​ទេរ យក​ច្រើន​កន្លែង​មក​វិភាគ តាំងពី​ដើម​ទី រហូត​ដល់​ចុង​ទី ដើម្បី​មើល​ថា វា​មាន​ជាតិពុល​របៀប​ម៉េច ?

ជាបន្តសូមទស្សនាប្រសាសន៍ ឯកឧត្តម ចម ប្រសិទ្ធ៖

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ករណីពុលទឹកនេះបានឈានទៅដល់ភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ដំបូងឡើយមានតែឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ ប៉ុន្តែគិតត្រឹមម៉ោង១៖៣០នាទីថ្ងៃទី១០ ខែឧសភានេះ បានកើនឡើងដល់ជាង៨០នាក់។

សូមជម្រាបថា ករណីពុលទឹកនេះដែលភ្ញាក់ផ្អើលដំបូង បានផ្ទុះឡើង នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ ក្នុងនោះស្រី១៦២នាក់ និងកុមារ៦៩នាក់៕

ប្រភព៖ ហ្វេសប៊ុក

អត្ថបទទាក់ទង