ខ្មែរប៉ុស្ដិ៍ Close

ផ្ទៃដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទំហំជាង ៤ពាន់ហិកតា ត្រូវបានរកឃើញមានការទន្ទ្រាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 45
ផ្ទៃដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទំហំជាង ៤ពាន់ហិកតា ត្រូវបានរកឃើញមានការទន្ទ្រាន ផ្ទៃដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ទំហំជាង ៤ពាន់ហិកតា ត្រូវបានរកឃើញមានការទន្ទ្រាន

ផ្ទៃដីដែនព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ត្រូវបានក្រុមការងារអន្តរក្រសួង និងអនុក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចដោយខុសច្បាប់ នៅតំបន់បឹងទន្លេសាប ធ្វើការសម្រង់ និងស្រាវជ្រាវជាបឋម ដោយរកឃើញអ្នកទន្ទ្រានដីរដ្ឋចំនួន១៩២១នាក់ លើ៦៧ទីតាំង ក្នុងភូមិចំនួន៣៧ ឃុំចំនួន១៥ ស្មើនឹងផ្ទៃដីប្រមាណ៤៤៣៤,០៧ហិកតា។

នេះបើយោងតាមរការឱ្យដឹងពី លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកខេត្តពោធិ៍សាត់ ដែលបានរាយការណ៍ជូន ក្នុងកិច្ចប្រជុំពិភាក្សាការងារប្រមូលធាតុចូល ដើម្បីដាក់ចេញផែនការ និងវិធានការ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសការកាប់ទន្ទ្រានដីព្រៃលិចទឹងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំខាងលើ ត្រូវបានធ្វើឡើង នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ក្រោមការដឹកនាំពី លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំក្រសួងស្ថាប័ន ក្រុមការងារចុះជួយខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។

ក្នុងរបាយការណ៍នោះបន្តថា ស្រុកទាំង៣ ដែលរកឃើញមានការទន្ទ្រាន រួមមាន៖ «ស្រុកបាកាន មានប្រជាពលរដ្ឋសរុបចំនួន៣៤៩គ្រួសារ ចំនួន២០ទីតាំង ៨ភូមិ ស្មើ១០២២,៦៨ហិកតា នៅក្នុងឃុំចំនួន៣ គឺឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង។ ស្រុកកណ្តៀង មានប្រជាពលរដ្ឋសរុបចំនួន៦៦២គ្រួសារ ចំនួន១៩ទីតាំង ១២ភូមិ ស្មើ១៨៦៤ហិកតា នៅក្នុងឃុំចំនួន៥ គឺឃុំស្រែស្តុក ឃុំកណ្តៀង ឃុំស្យា ឃុំកញ្ជរ និងឃុំរាំងទិល។ និងស្រុកក្រគរ មានប្រជាពលរដ្ឋសរុបចំនួន៩១០គ្រួសារ ចំនួន២៨ទីតាំង ១៧ភូមិ ស្មើ១៥៤៧,៦ហិកតា ក្នុងឃុំចំនួន៧ គឺឃុំអន្សាចំបក់ ឃុំក្បាលត្រាច ឃុំកំពង់លួង ឃុំអន្លង់ត្នោត ឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំកំពង់ពោធិ៍»។

ឆ្លងកាត់ការពិភាក្សា ពិគ្រោះយោបល់ អំពីវឌ្ឍនភាពការងារ ក្នុងការពិនិត្យ ស្រាវជ្រាវ និងវិធានការចំពោះមុខ ដែលត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពនោះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានដាក់ចេញផែនការ និងវិធានការ ចំនួន៧ចំណុចដូចខាងក្រោម៖

  1. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ចប់ការពិនិត្យបញ្ជាក់ លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
  2. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដី ដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយត្រូវកសាងអង្គហេតុ និងដាក់បណ្តឹងអាជ្ញាទៅតុលាការ។
  3. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញ លើផ្ទៃដីដែលបានទន្ទ្រាន។
  4. កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
  5. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹក ដែលខ្វះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
  6. ចំពោះប្រជាពលរដ្ឋ ដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
  7. ការដាំដើមឈើឡើងវិញ ផ្តល់អាទិភាពលើការដាំដើមឫស្សី។

សូមបញ្ជាក់ថា នៅមុនឱកាសដឹកនាំកិច្ចប្រជុំ ប្រតិភូដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រាន ក្នុងដែនព្រៃលិចទឹកតំបន់បឹងទន្លេសាប (តំបន់៣) ចំណុចឃុំកំពង់លួង ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ផងដែរ៕ Fresh News