លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងគណៈប្រតិភូនៅសាធារណរដ្ឋកូរ៉េ
តបតាមការអញ្ជើញរបស់ លោកជំទាវ លីម ហៃស៊ុក (Lim Hyesook) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថលរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយ លោកជំទាវ លីម ហៃស៊ុក លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) បច្ចេកវិទ្យាក្លោដ បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យជាដើម ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស។
បន្ថែមពីនេះគណៈប្រតិភូបានជួបជាមួយ ឯកឧត្តម មូន យ៉ុងស៊ីក (Moon Yong-sik) ប្រធានទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ ដើម្បីពិភាក្សាអំពីកិច្ចការសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលរវាងស្ថាប័នទាំងពីរ ដូចជា ការចែករំលែកបទពិសោធនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល កិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សលើការអភិវឌ្ឍបច្ចេកវិទ្យាក្លោដ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
គណៈប្រតិភូបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីឧត្តមានុវត្តន៍លើការកសាងនិងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាក្លោដចំហ (Open Cloud Platform) នៅមជ្ឈមណ្ឌលសេវាធនធានព័ត៌មានជាតិកូរ៉េ មជ្ឈមណ្ឌលគាំទ្រថ្នាលបច្ចេកវិទ្យាក្លោដចំហប៉ាស់តា (PaaS-TA)។ គណៈប្រតិភូបានឈ្វេងយល់អំពីការធ្វើសមាហរណកម្មទិន្នន័យរវាងក្រសួង-ស្ថាប័នរដ្ឋនីមួយៗ ដែលកាលពី១៥ឆ្នាំមុនស្ថិតនៅដាច់ដោយឡែកពីគ្នា ជាហេតុនាំឱ្យមានការចំណាយខ្ពស់និងការការពារសុវត្ថិភាពនៅមានកម្រិតបំផុត។ គណៈប្រតិភូក៏បានពិភាក្សាជាមួយក្រុមហ៊ុន Naver និងក្រុមហ៊ុន Samsung SDS អំពីការរក្សាទុកទិន្នន័យក្នុងមជ្ឈមណ្ឌលទិន្នន័យ បច្ចេកវិទ្យាវិភាគទិន្នន័យ ការការពារសុវត្ថិភាពទិន្នន័យ និងការអភិវឌ្ឍធនធានមនុស្ស។
គណៈប្រតិភូបានធ្វើទស្សនកិច្ចនៅគ្រឹះស្ថានផ្សព្វផ្សាយអប់រំកូរ៉េ (Korea Educational Broadcasting System) ដើម្បីជំរុញការអនុវត្តឱ្យបានជោគជ័យនូវគម្រោងជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ស្ដីពីការរៀបចំនិងប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអប់រំកម្ពុជា ឆ្នាំ២០២១-២០២២។