ខ្មែរប៉ុស្ដិ៍ Close

សៀមរាប នឹងរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ នៅខែធ្នូ ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 29
សៀមរាប នឹងរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ នៅខែធ្នូ ខាងមុខនេះ សៀមរាប នឹងរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ នៅខែធ្នូ ខាងមុខនេះ

ខេត្តសៀមរាប នឹងរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២១ ដោយរំពឹងថានឹងវិលត្រលប់ទៅរក «ភាពរស់រានមានជីវិត» ឡើងវិញ។

អ្នក​រៀបចំ​មហោ​ស្រព​នេះ តំណាងដោយក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd. ដែល​មាន​កិច្ចសហការ​ផ្នែកសិល្បៈ បច្ចេកទេស និងរដ្ឋបាល ជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដើម្បី​អបអរ​សាទរ​ការ​ដាក់​ខេត្ត​សៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ២០២១-២០២២។

លោក Aaron Carpene ជាអគ្គនាយក និងជា​នាយក​ផ្នែក​សិល្បៈនៃ​មហោស្រព​សិល្បៈ​អន្តជាតិ​អង្គរ ​បានថ្លែងថា៖ «យើង​បានធ្វើការងារ​នេះ​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ជាមួយ​នឹង​ការ​ដែល​កម្ពុជា​​ក្លាយជា​ប្រធានអាស៊ាន និងការ​បើក​ចំហ​ប្រទេសឡើង​វិញ យើង​ជឿ​ជាក់​ថា​នេះ​​គឺជា​ការ​​ផ្តល់​ជូន​ដ៏​សាក​សម​មួយ​ដល់​មរតក​វប្បធម៌ និង​ទិដ្ឋភាព​សិល្បៈ​ក្នុង​ស្រុក​របស់​​កម្ពុជា​នាពេល​​មួយ​ដែល​កម្ពុជា​មានសិល្បៈ និងវប្បធម៌​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្តល់​ជូន»។

នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ពិធី​​បើកសម្ពោធ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ជា​មួយ​​ឯក​អគ្គរាជទូត ឯក​អគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និង​អាជ្ញាធរ​នានា។ អ្នក​រៀបចំ​មហោស្រព​សិល្បៈ​​អន្តរជាតិ​អង្គរ ក៏នឹង​រៀប​ចំ​ពិធី​បើក​សម្ពោធ​មួយ​​នៅ​ទីក្រុង​សៀមរាប​សម្រាប់​​ការ​ចាប់​ផ្តើម​ព្រឹត្តិការណ៍មហោស្រពនេះនៅថ្ងៃ​ជា​មួយ​គ្នា​ផងដែរ។

មហោស្រព​សិល្បៈ​អន្តរជាតិអង្គរឆ្នាំ​២០២១ នឹង​មានការ​សម្តែងសិល្បៈ ដោយ​មាន​ការ​​ចូលរួម​ពី​សិល្បៈករ សិល្បៈការនី​ជាច្រើន​ដូចជា​ តន្ត្រីករ អ្នក​គូ​រគំនូរ អ្នក​និពន្ធ និង​អ្នករបាំ​​ជា​ដើម។ ក៏​នឹងមានការ​ចូលរួមផង​ដែរ​​ពី​កវី​តារាកម្ពុជា​គឺ​លោក យ៉េង ឈាងលី និង​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​គឺ​លោកស្រី Elisabeth Becker (តាមរយៈ Zoom) សម្រាប់​ជាផ្នែក​មួយនៃ​កម្មវិធី Writer&Readers Festival Hub ហើយ​ក៏​នឹងមានការ​បង្ហោះ​ខ្លែង​ប្រពៃណីជាតិ​នៅ​មុខ​ប្រាសាទ​អង្គរ​ ល្ខោនស្រមោល ការសម្ដែង​ការ​ប្រកួត​ក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង និង​របាំ​អប្សរា​ផងដែរ។

លោក Aaron Carpene បានបន្ត​ថា៖ «មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ​ឆ្នាំ​២០២១នេះ នឹង​ក្លាយជា​ពិធីប្រារព្ធសិល្បៈទាំងបុរាណ និងសម័យ។ ជាមួយនឹងការ​ធ្វើជា​ប្រធានអាស៊ាន នេះ​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា​ ដើម្បី​លើក​កម្ពស់​មរតក​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្រទេស ព្រម​ទាំង​ទេព្យកោសល្យដ៏មានសក្តានុពល​​ចម្រុះ​របស់​ខ្លួនឯង​ផងដែរ»។

មហោស្រព​សិល្បៈ​អន្តរជាតិអង្គរ​ឆ្នាំ​២០២១ នឹង​​ប្រារព្ធ​ធ្វើ​ឡើង​នៅទីកន្លែង​ផ្សេងៗគ្នា​ក្នុងទីក្រុង​សៀម​រាប និង​រាជធានី​ភ្នំពេញ​ចាប់ពីថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១។អង្គការ UNESCO គណៈប្រតិភូ​របស់​សហភាព​អឺរ៉ុប ការិយាល័យ​កិច្ចសហ​ប្រតិបត្តិការ​ស្វីស មជ្ឈមណ្ឌល​ខេមរៈ​សិក្សា និង​សាកលវិទ្យាល័យអាមេរិក​កាំង​ភ្នំពេញ (American University in Phnom Penh) គឺជា​អ្នក​ឧបត្ថម្ភធំ និងជា​អ្នកគាំទ្រដ៏សំខាន់ដល់​មហោស្រពនេះ។

ឥឡូវ​នេះអ្នក​រៀបចំមហោស្រព​​សិល្បៈអន្តរជាតិអង្គរ​ឆ្នាំ​២០២១ កំពុង​បើក​ទទួល​ការ​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន។

លោក Aaron Carpene ថ្លែង​បន្តថា៖ «ក្រោយ​បញ្ហា​​កូវីដ-១៩ ឧស្សាហកម្មទេសចរណ៍​កម្ពុជា ជា​ពិសេស​ខេត្ត​សៀមរាប ដែលកំពុងត្រូវការ​ជំនួយ តាមរយៈ​ការគាំទ្រ​ដល់​ព្រឹត្តិការណ៍​នេះ អ្នក​មិនត្រឹមតែ​នឹង​ជួយ​គាំទ្រ​ដល់​សិល្បៈករ​និង​សិល្បៈការនី និង​មរតក​របស់​កម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​អ្នកក៏នឹង​ថែមទាំង​កំពុង​ជួយ​ដល់​អ្នក​ដែល​នៅក្នុង​ឧស្សហកម្មទេសចរណ៍​ និង​នៅ​ក្នុង​​​វិស័យសិល្បៈ​ដែល​​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពីវិបត្តិ​មួយនេះផងដែរ»។

សម្រាប់អ្នក​ដែល​ចាប់​អារម្មណ៍​ពិភាក្សា​អំពី​ឱកាស​ឧបត្ថម្ភ លោកអ្នកអាច​ទាក់ទង​ តាមរយៈ​អ៊ីមែល info@aifa-cambodia.com ៕

ប្រភព៖ cambonomist

អត្ថបទទាក់ទង