វិហារឥស្លាមភូមិកណ្តាលខាងលិច ក្នុងស្រុកកណ្តៀង ត្រូវបានសម្ពោធជូនបងប្អូនសាសនិកខ្មែរឥស្លាមប្រើប្រាស់ជាផ្លូវការ
(ពោធិ៍សាត់)៖ វិហារឥស្លាមអាមីន ទំហំ១០ម៉ែត្រx១៣ម៉ែត្រ ដែលមានតម្លៃជិត១០០លានរៀល ស្ថិតក្នុងភូមិកណ្តាលខាងលិច ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជូនសាសនិកខ្មែរឥស្លាម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង លោក រូហ្វី អូស្មាន អនុប្រធានគណៈចលនាឥស្លាមកម្ពុជា និងដោយបានការចួលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមការងារចុះជួយឃុំ កងកម្លាំងប្រដាប់អាវុធ បងប្អូនសាសនិកខ្មែរឥស្លាមជាច្រើនកុះករ។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឲ្យដឹងថា វិហារឥស្លាមភូមិកណ្តាលខាងលិច ដែលប្រគល់ជូននាថ្ងៃនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះបាទនរោត្ត សីហ មុនី្ន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលស្រុកបន្តថា វិហារឥស្លាមនេះ ចាប់ផ្តើមសាងសង់គិតមកដល់ថ្ងៃសម្ពោធនេះ មានរយៈពេលជាង៤ឆ្នាំមកហើយ ដោយប្រើប្រាស់ថវិកាសប្បុរសជន និងបងប្អូនសាសនិកខ្មែរឥស្លាម សរុប៩៩,៣១៧,១០០រៀល ទូទាត់រួច៩៧,៨៦៧,១០០រៀល និងនៅជំពាក់ថ្លៃសាងសង់១៤,៥០០,០០០រៀល។
លោក កែវ រតនៈ និងលោក រូហ្វី អូស្មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលទាំងអស់នេះ។ លោកបានលើកឡើងថា គ្រប់សាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ ដោយសារគុណបំណាច់ដ៏ធំធេងរបស់សម្តេចទាំងបី។ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គឺពិតជាស្នាដៃប្រវត្តិសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គ្រប់សាសនាមានគោលដៅតែមួយ គឺដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ មានគុណធម៌ សច្ចធម៌។
លោក កែវ រតនៈ បានលើកឡើងថា នាពេលឆាប់ៗខាងមុខនេះ លោកនឹងស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគៀងគររកថវិកា បន្តបញ្ចុះតម្លៃភ្លើង ជួយសម្រួលការចំណាយដល់ប្រជាពលរដ្ឋបន្ថែមទៀត។ ជាមួយគ្នានោះ លោកសន្យាយ៉ាងមុតមាំថា នឹងជួយគៀងគររកអ្នកវិនិយោគធ្វើរោងចក្រនៅស្រុកក្រគរ កាត់បន្ថយការចំណាកស្រុក ស្វែងរកទីផ្សារការងារ បង្កើនសេដ្ឋកិច្ចគ្រួសារ។
លោកបានថ្លែងទៀតថា ដើម្បីឲ្យកិច្ចអភិវឌ្ឍន៍ និងអភិរក្ស ដំណើរការទៅមានភាពរលូន រួមចំណែកកាត់បន្ថយភាពក្រីក្រទៅបាននោះ ប្រជាពលរដ្ឋត្រូវបន្តចូលរួមគាំទ្រ ដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសមិទ្ធិផលនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយទៀត និងសម្រាប់បម្រើឲ្យសាសនា ព្រមទាំងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោក កែវ រតនៈ និងលោក រូហ្វី អូស្មាន បានឧបត្ថម្ភថវិកា៣ពាន់ដុល្លារ សម្រាប់ការចំណាយកសាង ព្រមទាំងបានកាត់ខ្សែបូរណ៌ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម និងចែកមុងជូនប្រជាពលរដ្ឋដែលបានចូលរួម ចំនួន៨៥០មុងផងដែរ៕