ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងមានវ៉ាក់សាំងមកដល់ថ្មី ៩លានដូសថែមទៀត ខណៈវ៉ាក់សាំងជាង៤សែនដូស កំពុងមានក្នុងស្តុកស្រាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 25

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជានឹងមានវ៉ាក់សាំងមកដល់ថ្មីចំនួន៩លានដូសថែមទៀត ក្នុងនោះ៦លានដូស ដែលជាការបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន និង៣លានដូសទៀត គឺជាការសន្យាផ្តល់ជំនួយពីមិត្តចិន ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបទេសចិន កាលពីពេលថ្មីៗនេះ ខណៈពេលនេះវ៉ាក់សាំងកំពុងមានក្នុងស្តុក របស់ក្រសួងសុខាភិបាលស្រាប់ ចំនួនជាង៤សែនដូស។

ការប្រកាសបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នាវិមានសន្ដិភាព នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងមិនមែនជាចំណោទបញ្ហាទេ យើងមានវ៉ាក់សាំងក្នុងដៃហោចណាស់ យើងមាន៩លានដូស សម្រាប់បម្រើឲ្យការចាក់វ៉ាក់សំាង ដូសទី៣ជូនប្រជាជនយើង ក្នុងពេលដែលថ្ងៃនេះយើងចាក់ដូសទី៣ បាន៨០ម៉ឺននាក់ទៅហើយ»។

វ៉ាក់សាំង៦លានដូស ដែលនឹងមកដល់នៅខែកញ្ញានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាចនឹងមកដល់កម្ពុជា ចំនួន៣លានដូស នៅថ្ងៃទី២៤ ខែកញ្ញា ខណៈវ៉ាក់សាំង៣លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៦-២៧ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់។

សម្រាប់៣លានដូស ដែលអាចនឹងមកដល់នៅថ្ងៃទី២៦ ឬ២៧ ខែកញ្ញា ត្រូវបានសម្តេចតេជោលើកឡើងថា ចំណាយពេលត្រឹមតែ២០ម៉ោងប៉ុណ្ណោះសម្រាប់ការបញ្ជាទិញពីក្រុមហ៊ុន ហើយក្រុមហ៊ុនឆ្លើយតបមកកម្ពុជាវិញ អាចផ្គត់ផ្គង់ឲ្យកម្ពុជាបាន។

ជាមួយគ្នានេះ កម្ពុជានៅមានជំនួយវ៉ាក់សាំងចំនួន ៣លានដូសដែលជាការសន្យារបស់រដ្ឋមន្ត្រីការបរទេសចិន ផ្តល់ឲ្យកម្ពុជាថែមទៀត ដែលសម្តេចជឿថា មិនជាយូរទេវ៉ាក់សាំងដែលចិនសន្យានេះនឹងមកដល់កម្ពុជា សម្តេចជឿលើមិត្តចិន។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្ឃឹមលើការសន្យា របស់ភាគីជាមិត្ដប្រទេសអូស្ដ្រាលី ដែលបានសន្យាថា នឹងបន្តជួយកម្ពុជាថែមទៀត ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២.៣លានដូស ជាមួយនឹងប្រព័ន្ធត្រជាក់៨០អង់ស្សាក្រោមសូន្យផងដែរ។

គូសបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាព ដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕ Fresh News

អត្ថបទទាក់ទង