ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន

នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេស ការផលិតថាមពលនិងការគ្រប់គ្រងធនធានទឹក និងការកំណត់ជំហររបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។

លោក សាយ សំអាល់ បានលើកថា សុខសន្តិភាព និងស្ថេរភាពនយោបាយគឺជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជាមានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ លោកក៏បញ្ជាក់ថា បេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ក្នុងនោះ ក៏មានការគិតគូរអំពីប្រភពថាមពលនាពេលអនាគតផងដែរ។

លោកបានបន្ថែមថា ប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលធិសម្រាប់គម្រោងបង្កើតថាមពលអគ្គិសនីមកពីធ្យូងថ្ម បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។ ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26 លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាកំពុងរៀបចំជំហរដើម្បីសុំគោលការណ៍សម្រេចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។

ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលេីកឡេីងបន្ថែមអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លេីការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ។

បន្ថែមលេីសពីនេះ លោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទ លេីកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

អត្ថបទទាក់ទង