ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ ៣លានដូសថែមទៀតដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
ប្រទេសចិនប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ ៣លានដូសថែមទៀតដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ ប្រទេសចិនប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ ៣លានដូសថែមទៀតដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្រោយពេលដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ នៅវិមានសន្តិភាព នាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប៥លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន៣លានដូសទៀត និងការចាក់កន្លងមកជិត១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ។

ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។ នេះជាការបញ្ជាក់របស់ លោក ប្រាក់ សុខុន។

វត្តមានជំនួយនានាទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្ភារៈបរិក្ខា និងថវិការបស់ចិន ដល់រដ្ឋាភិបាលកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ១១,៤២៩,៨៣៥ នាក់ហើយ ខណៈការចាក់ដូសទី៣ មានចំនួនជាង៧សែននាក់៕ Fresh News

អត្ថបទទាក់ទង