ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់ចិន ត្រូវបានដឹកមកដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 20
វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់ចិន ត្រូវបានដឹកមកដល់កម្ពុជា វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់ចិន ត្រូវបានដឹកមកដល់កម្ពុជា

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ដល់ក្រសួងការពារជាតិកម្ពុជា ជំហានទី៣ ត្រូវបានដឹកនាំ មកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងនេះ បានធ្វើឡើងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះប្រទេសចិន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំណត់ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ។

គិតត្រឹមថ្ងៃទី១២ ខែសីហា កន្លងទៅ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបប្រមាណជា ២៤លានដូស។ ក្នុងនោះវ៉ាក់សាំងមកពីប្រទេសមានចំនួន ២១.៧លានដូស ហើយ ៣.២លានដូសជាជំនួយ។

វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង