តាមការគ្រោងទុក វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសទៀត នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃស្អែក
នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត។
យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩ម៉ឺន ៩៦១៧នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២ម៉ឺននាក់នឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ ហើយវ៉ាក់សាំងមានតែជាង ៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង ៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម។ ប៉ុន្តែសម្តេច បញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ហើយ ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឱ្យហើយ ឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ៕