ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ «គម្រោងអាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ «គម្រោងអាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស» កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ «គម្រោងអាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស»

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ដែលមានទឹកប្រាក់ចំនួន ៣៦២លានយ៉េនជប៉ុន (ស្មើប្រមាណ ៣.៣លានដុល្លារអាមេរិក)។

គម្រោងនេះមានគោលបំណងជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់រាជរដ្ឋាភិបាល ដែលរំពឹងថានឹងចូលរួមបង្កើត និងអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសង្គមកម្ពុជា ហើយគម្រោងមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្សតាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និងបទពពិសោធន៍ក្នុងប្រទេសជប៉ុន។ កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រីកម្ពុជា ចំនួន២៦ នាក់ទៅសិក្សានៅប្រទេសជប៉ុននារដូវក្តៅ ក្នុងឆ្នាំ២០២២។

កម្មវិធីអាហារូបកណ៍ JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ ហើយអស់រយៈពេលជាង ២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង ៤៨០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន។

គម្រោងនេះពិតជាសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា។ អតីតនិស្សិត JDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់បម្រើការងារក្នុងក្រសួងនានាក្នុងប្រទេសកម្ពុជា ដូចជាលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង