ខ្មែរប៉ុស្ដិ៍ Close

កសិករខេត្តសៀមរាបគ្រោងពង្រីកការដាំស្លឹកគ្រៃឱ្យបាន១០០ហិកតាដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 61
កសិករខេត្តសៀមរាបគ្រោងពង្រីកការដាំស្លឹកគ្រៃឱ្យបាន១០០ហិកតាដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ កសិករខេត្តសៀមរាបគ្រោងពង្រីកការដាំស្លឹកគ្រៃឱ្យបាន១០០ហិកតាដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ

សៀមរាប៖ ក្រុមប្រជាកសិករខេត្តសៀមរាប គ្រោងពង្រីកការដាំស្លឹកគ្រៃ ឱ្យបាន១០០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងការបញ្ជាទិញរបស់សហគមន៍ដើម្បីកែច្នៃទៅជាតែស្លឹកគ្រៃប្រេងលាបខ្លួន និងថ្នាំបាញ់មូសជាដើម។

លោក ញ៉ សុភាព ប្រធានក្រុមកសិករដាំស្លឹកគ្រៃនៅខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា ការដាំស្លឹកគ្រៃរបស់ក្រុមកសិករនៅខេត្តសៀមរាប ទើបចាប់ផ្ដើមរយៈពេលតែ២ខែប៉ុណ្ណោះ ដោយបច្ចុប្បន្នមានចំនួន៨គ្រួសារ ដាំលើផ្ទៃដីទំហំ២៥ហិកតា ដែលក្នុងមួយខែ អាចប្រមូលផលស្លឹកគ្រៃស្រស់បាន១០តោន ។ លោកបានបន្ដថា ដោយសារការកែច្នៃស្លឹកគ្រៃស្រស់ ទៅជាស្លឹកគ្រៃក្រៀម បាននិងកំពុងមានតម្រូវការទីផ្សារបញ្ជាទិញពីសហគមន៍ច្រើន ធ្វើឱ្យការផ្គត់ផ្គង់របស់កសិករនៅខេត្តសៀមរាប មិនទាន់អាចផ្គត់ផ្គង់តាមការបញ្ជាទិញ របស់សហគមន៍បានទាន់ពេលទេ ដូច្នេះក្រុមកសិករបានត្រៀម ពង្រីកដំាស្លឹកគ្រៃរហូតដល់ ១០០ហិកតាបន្ថែមទៀត ខណៈស្លឹកគ្រៃស្រស់ទម្ងន់ ៣គីឡូកន្លះ អាចកែច្នៃជាស្លឹកគ្រៃក្រៀមបានតែ១គីឡូក្រាមប៉ុណ្ណោះ។

« ខាងក្រុមរបស់ខ្ញុំបានចងក្រងជាបណ្ដុំដើម្បីដាំស្លឹកគ្រៃដើម្បីធានានិរន្ដរភាពក្នុងការផ្គត់ផ្គង់ដល់អ្នកបញ្ជាទិញជារៀងរាល់ថ្ងៃ។ នៅខាងសៀមរាបសហគមន៍កំណត់ត្រូវតែផលិតឱ្យគាត់បាន២៥ តោនស្លឹកក្រៀមក្នុងមួយអាទិត្យ ។ អ៊ីចឹងស្លឹកគ្រៃស្រស់យើងត្រូវផលិតឱ្យបាន ៨៧.៥ តោនក្នុងមួយអាទិត្យ។ ប៉ុន្តែដោយសារតែលទ្ធភាពនៅក្នុងពេលបច្ចុប្បន្នទើបតែចាប់ផ្ដើម មិនអាចផលិតឱ្យគាត់គ្រប់ចំនួនតាមការបញ្ជាទិញទេ បានត្រឹមតែពាក់ កណ្ដាល ដោយសារទាក់ទងនឹងការរៀបចំផ្ទៃដី និងខាងកសិករអត់ទាន់បានគ្រប់ចំនួន ។ កសិករនៅក្នុងខេត្តសៀមរាបយើង មានផ្ទៃដីទំហំ២៥ហិកតាសម្រាប់ដាំជូនសហគមន៍។ ប៉ុន្តែយើងនឹងពង្រីកខ្លួនឱ្យបានប្រហែល ១០០ហិកតា ដើម្បីបំពេញតម្រូវការដែលគេត្រូវការនាពេលបច្ចុប្បន្ន»។

លោកបានបញ្ជាក់ថា តម្លៃស្តង់ដារដែលកសិករចុះកុងត្រា ជាមួយខាងសហគមន៍ គឺស្លឹកគ្រៃក្រៀមមានតម្លៃ ១ពាន់២រយរៀល ក្នុងមួយគីឡូក្រាម និងស្លឹកស្រស់តម្លៃ១៥០រៀលក្នុង មួយគីឡូក្រាម ដោយសហគមន៍ ចុះទៅប្រមូលផលនៅចម្ការផ្ទាល់ដោយខ្លួនឯង។

សូមបញ្ជាក់ថា ស្លឹកគ្រៃក្រៀម គឺអាចយកទៅធ្វើជាតែ និងកែច្នៃទៅជាប្រេងលាបខ្លួន ថ្នាំបាញ់មូស ហើយក៏អាចយកទៅស្លដូចស្លឹកគ្រៃស្រស់បានដែរ៕

អត្ថបទទាក់ទង