កម្ពុជាមានតម្រូវការបន្លែប្រចាំឆ្នាំប្រមាណ ១លានតោន
ក្រសួងកសិកម្មបាន ឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានតម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំប្រមាណ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ០,៧៥លានតោន ដូច្នេះហើយក្រសួងបាននិងកំពុងជំរុញឱ្យប្រជាពលរដ្ឋដាំដុះឱ្យបានច្រើនបន្ថែមទៀតដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដូច្នេះ ឆ្លើយតបទៅនឹងទស្សនៈរវើរវាយរបស់បុគ្គលមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ថា “ហេតុអ្វីនៅតែនាំចូលបន្លែពី ក្រៅប្រទេស”។
ក្រសួងកសិកម្ម បានបក ស្រាយបំភ្លឺនូវចំណុចមួយចំ នួនពាក់ព័ន្ធនឹងប្រធានបទខាងលើថា តម្រូវការបន្លែក្នុងស្រុកប្រចាំឆ្នាំ មានប្រមាណ ១លានតោន ប៉ុន្តែការផលិត និងផ្គត់ផ្គង់ក្នុងស្រុកបានប្រមាណ០,៧៥លានតោន។ ដូច្នេះក្រសួងអាចផ្គត់ផ្គង់បានប្រហែល ៧៥ភាគរយ ជាមធ្យម (អាចប្រែប្រួលតាមរដូវ ពោលគឺនៅរដូវប្រាំងក្រោម៧០ភាគរយ និងរដូវរំហើយ៨០ភាគរយ)។
កម្ពុជាមិនមែននាំចូលបន្លែគ្រប់មុខនោះទេ ពោលគឺនាំ ចូលប្រភេទបន្លែតំបន់ត្រជាក់មួយចំនួនដែលពិបាកដាំនៅកម្ពុជា និងនៅរដូវវស្សាដែលមិនមានលក្ខណ:អំណោយ ផលសម្រាប់ផលិតកម្ម។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ននេះ មិនមែនខ្វះផលិតផលបន្លែក្នុងស្រុកទេ ផ្ទុយទៅវិញកសិករដាំបន្លែ និងបណ្តុំកសិករជាច្រើនកំពុងប្រមូលផលបន្លែ ប៉ុន្តែលំបាកដឹកមកលក់នៅភ្នំពេញបានដោយសារវិធានការបិទខ្ទប់ការរាលដាលជំងឺកូវីដ-១៩។ ជាក់ស្តែងតំណាងបណ្តុំកសិករនៅស្រុកស្អាង ខេត្ត កណ្តាល បានឱ្យដឹងថានៅក្នុងអំឡុងពេលបិទខ្ទប់នេះ កសិករពិបាកលក់បន្លែដោយ សារចំនួនអ្នកប្រមូលទិញបន្លែថយចុះ។ នៅផ្សារអីអន ផ្សារភូមិកសិកម្មធម្មជាតិ និងហាងផ្សារខ្មែរបន្លែធម្មជាតិលក់បន្លែសុវត្ថិភាពគ្មានជាតិគីមីខ្លះ ទៀត ក៏ពុំមានបន្លែលក់គ្រប់ គ្រាន់ដែរ ដោយសារមានការបិទផ្លូវ ពិបាកដឹកយកមកភ្នំ ពេញ ជាពិសេសក្រុមកសិករនៅខេត្តមណ្ឌលគិរី និងខេត្ត កណ្តាលដែលបានចុះកិច្ច សន្យាជាមួយផ្សារទាំងនេះ ។
ក្រសួងបន្តថា ជាការអនុវត្តកន្លងមក ក្រសួងបានខិតខំចងក្រងសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេសឥណទាន និងភ្ជាប់ទីផ្សារលក់ផលិតផលតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ មកទល់ពេលនេះ យើងបានបង្កើតសហគមន៍កសិកម្មសរុបចំនួន១២០០ សហគមន៍ ដោយមានម្ចាស់ភាគហ៊ុនចំនួន ១៤៤ ៣០៦នាក់ និងប្រាក់ភាគហ៊ុនចំនួនប្រមាណ ១២ លានដុល្លារអាមេរិក និងដើមទុនសរុបចំនួនប្រមាណ ២៤,៨ លានដុល្លារអាមេរិក ព្រមទាំងបានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន ១៦៥ សហគមន៍។
ក្រសួងបានបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសទំនើបដល់កសិករ ម្ចាស់កសិដ្ឋាន កសិករគំរូ ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្មសរុបចំនួន ៣២ ៤៦០នាក់ និងគម្រោងនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្តុះបណ្តាលកសិករក្នុងខេត្តគោលដៅរបស់គម្រោងរាប់ម៉ឺនគ្រួសារទៀត។ បន្ថែមពីនេះទៀតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តជំរុញកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជនពិសេសក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកប ដោយប្រសិទ្ធភាពខ្ពស់៕