ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ជំនួយចិន ជួយឱ្យកម្ពុជា ឯករាជ្យនយោបាយ និងសេដ្ឋកិច្ចសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 45
នាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ជំនួយចិន ជួយឱ្យកម្ពុជា ឯករាជ្យនយោបាយ និងសេដ្ឋកិច្ចសង្គម នាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ជំនួយចិន ជួយឱ្យកម្ពុជា ឯករាជ្យនយោបាយ និងសេដ្ឋកិច្ចសង្គម

ជំនួយចិន មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងភាពក្រីក្រនោះទេ ប៉ុន្តែវាក៏ជួយឱ្យកម្ពុជា ឯករាជ្យនយោបាយទៀតផង។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅលើពិភពលោកនៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសតូចតាច និងក្រីក្រ ត្រូវការចំាបាច់នូវឯករាជ្យ និងអធិបតេយ្យភាព ដោយមិនចង់ឱ្យអ្នកណាបង្គាប់បញ្ជា និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងខ្លួនឡើយ។ ត្រង់ចំណុចនេះ សម្ដេច ចង់បានន័យថា រាល់ជំនួយរបស់ចិន មិនដែលភ្ជាប់នូវលក្ខខណ្ឌ ឬបញ្ជាឱ្យកម្ពុជាធ្វើអ្វីតាមបំណងរបស់ចិនឡើយ។

ថ្លែងចំពោះមុខមេដឹកនាំគណបក្សនយោបាយនៅលើពិភពលោក ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ៗដូច្នេះថា៖ «ក្នុងន័យនេះ ជំនួយរបស់មិត្តចិន គឺពិតជាជួយទៅដល់ការពង្រឹងនូវឯករាជ្យខាងនយោបាយ ដើរទន្ទឹមជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ»។

កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសជាជំហរថា កម្ពុជាត្រូវការចិន ជាខ្នងបង្អែក ព្រោះបើកម្ពុជា មិនពឹងចិនទេ ក៏មិនដឹងទៅពឹងអ្នកណាដែរ។ សម្ដេច បានពន្យល់ថា តាមរយៈការពឹងចិននេះហើយ ទើបកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធរីកស្គុសស្គាយ ដូចជាផ្លូវថ្នល់ ស្ពាន និងអគារពាណិជ្ជកម្មធំៗជាដើម។ ទោះបកស្រាយបែបនេះក្តី តែលោកនាយករដ្ឋមន្ត្រី ក៏បានអះអាងថា កម្ពុជាមិនបានបិទទ្វា ឬបដិសេធអំពើល្អរបស់ប្រទេសណាទេ ពោលគឺប្រទេសណា ដែលចង់ផ្ដល់ជំនួយជួយកម្ពុជា គឺទទួលយកទាំងអស់។

ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍សង្គម ធ្លាប់បានលើកឡើងថា ជំនួយចិន ពិតជាជួយឱ្យកម្ពុជារឹងមាំនយោបាយមែន ប៉ុន្តែវាធ្វើឱ្យការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ធ្លាក់ចុះ។ នោះក៏ព្រោះតែចិន មិនខ្វល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឡើយ ដែលផ្ទុយពីសហគមន៍អន្តរជាតិដទៃ។

បើតាមអ្នកតាមស្ថានការណ៍ដដែល ទោះបីជំនួយអឺរ៉ុប និងអាមេរិក មានភ្ជាប់លក្ខខណ្ឌគោរពសិទ្ធិមនុស្ស ជាមួយស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្តី ប៉ុន្តែវាក៏បានជួយជ្រោងស្ថានភាពសិទ្ធិមនុស្សកម្ពុជា តាំងពីងើបពីសង្គ្រាម ឱ្យមានភាពប្រសើរឡើងជាដំណាក់កាល។ ម្យ៉ាងទៀត បើគ្មានជំនួយពីសហគមន៍អឺរ៉ុប និងអាមេរិក ដែលភ្ជាប់លក្ខខណ្ឌ និងឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនេះទេ ប្រហែលជាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គ្មានភាពប្រសើរឡើងឡើយ។

តែយ៉ាងណាបញ្ហាសិទ្ធិមនុស្សនេះ ត្រូវបានសម្ដេច ហ៊ុន សែន ធ្លាប់អះអាងថា ប្រទេសមានអំណាច រួមទាំងស្ថាប័នអន្តរជាតិធំៗ បានអនុវត្តស្ដង់ដារពីរ មកលើប្រទេសតូចតាច និងក្រីក្រ។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល បាននិយាយចំៗថា នៅពេលអាមេរិក ប្រើកម្លាំងយោធា បង្រ្កាបក្រុមបាតុករ ដែលតវ៉ាប្រឆាំងរដ្ឋាភិបាលនោះ គឺគ្មានក្រុមអ្នកឃ្លាំមើល និងស្ថាប័នអន្តរជាតិណា ហ៊ានចេញមុខថ្កោលទោស និងចាត់វិធានការលើអាមេរិកឡើយ។ ប៉ុន្តែនៅពេលដែលកម្ពុជា ប្រើកម្លាំងយោធា និងអនុវត្តច្បាប់បង្ក្រាបលើក្រុមបាតុករនោះ បែរជាថា កម្ពុជារំលោភសិទ្ធិមនុស្សទៅវិញ៕ ថ្មីៗ

អត្ថបទទាក់ទង