ខ្មែរប៉ុស្ដិ៍ Close

ការវិភាគរបស់លោកសាស្ត្រាចារ្យ Kishore Mahbubani ៖ តើអាស៊ីអាចផ្តល់ការណែនាំដល់លោក ចូ បៃឌិន ពាក់ព័ន្ធនិងប្រទេសចិនបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 80
ការវិភាគរបស់លោកសាស្ត្រាចារ្យ Kishore Mahbubani ៖ តើអាស៊ីអាចផ្តល់ការណែនាំដល់លោក ចូ បៃឌិន ពាក់ព័ន្ធនិងប្រទេសចិនបានដែរឬទេ? លោកសាស្ត្រាចារ្យ Kishore Mahbubani

«តើអាស៊ីអាចផ្តល់ការណែនាំដល់លោក ចូ បៃឌិន ពាក់ព័ន្ធនឹងប្រទេសចិនបានដែរឬទេ?» ។ ខ្ញុំនឹងនិយាយលម្អិតអំពីចម្លើយរបស់ខ្ញុំ ហើយខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា «អាស៊ីអាច ហើយអាស៊ីគួរតែផ្តល់ការណែនាំដល់លោក បៃឌិន ពាក់ព័ន្ធនឹងប្រទេសចិន ដោយសារហេតុផល ៣ យ៉ាង។

ទី១ ៖ «ប្រធានាធិបតី ចូ បៃឌិន គឺជាបុរសដ៏ល្អម្នាក់»។ មិត្តល្អរបស់ខ្ញុំជាច្រើននាក់ គឺជាមិត្តល្អរបស់លោក ហើយពួកគេទាំងអស់បានធានាចំពោះខ្ញុំថា «លោក បៃឌិន គឺជាសុភាពបុរសដ៏គួរឱ្យគោរព»។

នៅក្នុងអាជីពរបស់លោក លោកជាមនុស្សម្នាក់ដែលមានក្រមសីលធម៌ខ្ពស់ ហើយលោកតែងតែព្យាយាមធ្វើអ្វីដែលត្រឹមត្រូវសម្រាប់សហរដ្ឋអាមេរិក ហើយនៅជុំវិញខ្លួនលោក ក៏សុទ្ធតែជាមនុស្សល្អផងដែរ។ ញុំបានស្គាល់ពួកគេមួយចំនួន ហើយពួកគេទាំងនោះកំពុងព្យាយាមធ្វើអ្វីដែលត្រឹមត្រូវនិងដែលល្អ ទាំងសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសចិន ហើយពួកគេជឿជាក់ថា «ពួកគេកំពុងបំពេញបេសកកម្មដ៏ត្រឹមត្រូវ»។

ប៉ុន្តែជាអកុសល ពួកគេកំពុងបំពេញ បេសកកម្មដ៏ខុសឆ្គងមួយនៅក្នុងការប្រឈមមុខជាមួយនឹងប្រទេសចិន ហើយភស្ដុតាងដ៏ល្អបំផុតដើម្បីបញ្ជាក់អំពី រឿងនេះគឺ «ពួកគេកំពុងអនុវត្តតាមគោល នយោបាយស្តីពីប្រទេសចិនរបស់ ដូណាល់ ត្រាំ»។

មូលហេតុដែលអាស៊ីគួរតែជួយ បៃឌិន ឱ្យទទួលជោគជ័យនោះគឺ «ប្រសិនបើ បៃឌិន បរាជ័យ ត្រាំ អាចនឹងវិលត្រលប់មកវិញ»។ ហើយអាណត្តិទី២ របស់ ត្រាំ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់អាមេរិក, អាស៊ី និងពិភពលោកទាំងមូល។

ដូច្នេះ ដើម្បីការពារការវិលត្រឡប់មកវិញរបស់ ដូណាល់ ត្រាំ យើងត្រូវតែជួយ បៃឌិន ឱ្យទទួលជោគជ័យ។ ដើម្បីជួយ បៃឌិន ឱ្យទទួលបានជោគជ័យ យើងត្រូវពន្យល់លោក បៃឌិន ដោយប្រើភាសា និងអំណះអំណាងសមហេតុផល និងពន្យល់អំពីមូលហេតុដែលថា «អ្វីដែលសហរដ្ឋអាមេរិកបាននិងកំពុងធ្វើចំពោះប្រទេសចិន គឺខុស ហើយមិនត្រឹមតែខុសចំពោះប្រទេសចិនប៉ុណ្ណោះទេ តែក៏ខុសផងដែរចំពោះអាមេរិក និងថែមទាំងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់អាមេរិកទៀតផង»។

ហើយជាការពិតណាស់ យើងនៅក្នុងតំបន់អាស៊ីក៏នឹងរងគ្រោះផងដែរ ប្រសិនបើស្ថានភាពវិវឌ្ឍទៅកាន់តែអាក្រក់ ដោយសារយើងស្ថិតនៅជួរមុខ ហើយការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន នឹងត្រូវធ្វើឡើង នៅក្នុងតំបន់អាស៊ី។

ប្រសិនបើអ្នកក្រឡេកមើលប្រវត្តិសាស្ត្ររបស់អាស៊ីនៅក្នុងរយៈពេល ២០០ ឆ្នាំចុងក្រោយនេះ សម្រាប់ប្រជាជនអាស៊ី វាគឺជាពេលវេលាដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។ រយៈពេល ៣០ ទៅ ៤០ ឆ្នាំកន្លងមកនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អាស៊ី ហើយ ៣០ ទៅ ៤០ ឆ្នាំខាងមុខទៀត វានឹងកាន់តែអស្ចារ្យថែមទៀត។

ដូច្នេះនៅពេលដែលយើងហៀបនឹងឈានចូលយុគសម័យមួយនៃប្រវត្តិសាស្ត្រដ៏អស្ចារ្យ យើងអាចរងនូវការរំខានពីការប្រកួតប្រជែងរវាងអាមេរិកនិងចិន។ យើងនឹងរងនូវការខាតបង់ច្រើន ប្រសិនបើរឿងទាំងនេះមានលក្ខណៈកាន់តែអាក្រក់ ហើយនោះជាមូលហេតុដែលយើងត្រូវបញ្ចេញមតិយោបល់របស់យើង។

ដូច្នេះ សំណួរដ៏ធំបន្ទាប់គឺថា «តើយើងត្រូវជួយលោក បៃឌិន ដោយរបៀបណា?» មានវិធី ៣ យ៉ាងដែល យើងអាចជួយលោក បៃឌិន បាន។

វិធីទី១ និងជាក់ស្តែងបំផុតគឺ ការព្យាយាមពន្យល់ជាមួយនឹងហេតុផល សមស្របថា «ទិសដៅដែលអាមេរិកបាននិងកំពុងធ្វើចំពោះប្រទេសចិន នៅពេលបច្ចុប្បន្ននេះ គឺជាទិសដៅខុស»។ វាខុសដោយសារហេតុផលដ៏សាមញ្ញបំផុត។ រដ្ឋបាល បៃឌិន ដែលបានទទួលកេរ្តិ៍ដំណែលគោលនយោបាយរបស់រដ្ឋបាល ត្រាំ មិនបានបង្កើតយុទ្ធសាស្ត្រ ស្តីពីរបៀបប្រឈមមុខជាមួយចិននោះទេ។

«មុនពេលអ្នកបង្កើតយុទ្ធសាស្ត្រ អ្នកត្រូវបង្កើតគោលដៅយុទ្ធសាស្រ្តជាមុនសិន»។ «តើគោលដៅអ្វីខ្លះដែលរដ្ឋបាល ត្រាំ បានព្យាយាមយកឈ្នះលើប្រទេសចិន ហើយតើគោលដៅណាដែលរដ្ឋបាល បៃឌិន ចង់យកឈ្នះលើប្រទេសចិន?» «ចម្លើយគឺគ្មាន»។

មិនមានចម្លើយច្បាស់លាស់ទេ។ ក៏ប៉ុន្តែ ខ្ញុំនឹងលើកឡើងនូវករណីមួយចំនួន។ ទី១ ៖ «សហរដ្ឋអាមេរិកប្រហែលជាកំពុងព្យាយាមបញ្ឈប់ចិន ពីការក្លាយទៅជាប្រទេសលេខមួយនៅលើពិភពលោក»។ ប្រសិនបើនេះគឺជាគោលដៅមែន នោះវានឹងបរាជ័យ ដោយសារវានឹងមិនមានអ្វីដែលអាចបញ្ឈប់ការកើនឡើងរបស់ចិនបាននោះទេ ហើយយើងក៏គ្មានសិទ្ធិក្នុងការកាត់ផ្តាច់ប្រជាជនចិនពីសិទ្ធិក្នុងការទទួលបានការលើកកម្ពស់កម្រិតជីវភាព និងគុណភាពនៃជីវិតរបស់ពួកគេ បាននោះដែរ។

ប្រសិនបើពួកគេអាចពង្រឹងស្តង់ដារ និងគុណភាពជីវិតរបស់ពួកគេ នោះសេដ្ឋកិច្ចរបស់ប្រទេសចិននឹងកាន់តែរីកធំ ហើយប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងប្រទេសចិននឹងកើនឡើង។

គោលដៅទី ២ អាចជា «ការចង់ផ្តួលរំលំគណបក្សកុម្មុយនីស្តចិន» ហើយប្រសិនបើនេះពិតជាគោលដៅមែននោះវានឹងមិនអាចសម្រេចបាននោះទេ។ គណបក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយដ៏មានឥទ្ធិពលមួយនៅលើពិភពលោក។

គណបក្សនេះបាន សម្រេចនូវកិច្ចការជាច្រើន ហើយការសិក្សាស្រាវជ្រាវមួយរបស់សាលា Harvard Kennedy បានរកឃើញថា «ការគាំទ្ររបស់គណបក្សកុម្មុយនីស្តចិនបានកើនឡើងពី ៨៦% ក្នុងឆ្នាំ ២០០៣ ដល់ ៩៣% ក្នុងឆ្នាំ ២០១៦» ។

គោលដៅទី ៣ អាចជា «ការព្យាយាមហ៊ុំព័ទ្ធបង្ក្រាបប្រទេសចិនដូចជាអ្វីដែលសហរដ្ឋអាមេរិកបានធ្វើ ចំពោះសហភាពសូវៀត និងដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់ចិននៅលើពិភពលោក»។ តែគោលដៅនេះ ក៏នឹងបរាជ័យដែរ។ តាមពិត ប្រទេសចិនសព្វថ្ងៃបានធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោកច្រើនជាងសហរដ្ឋអាមេរិកទៅទៀត។

ប្រសិនបើទាំងនេះគឺជាគោលរបស់សហរដ្ឋអាមេរិក ឬរបស់រដ្ឋបាល បៃឌិន ឬ រដ្ឋបាល ត្រាំ ឬរបស់អ្នកយុទ្ធសាស្ត្ររបស់អាមេរិក នោះវានឹងមិនទទួលបានជោគជ័យនោះឡើយ។

តាមពិតទៅ សហរដ្ឋអាមេរិកគឺជាសង្គមដ៏ជោគជ័យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ សហរដ្ឋអាមេរិកមានសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោក និងមានស្ថាប័នស្រាវជ្រាវដ៏ល្អបំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែសង្គមនេះនៅមិនទាន់បានបង្កើតឱ្យមាននូវយុទ្ធសាស្ត្រ ដែលគួរអោយទុកចិត្តបានស្តីពីវិធីប្រឈមមុខជាមួយនឹងប្រទេសចិននៅឡើយនោះទេ។

ខ្ញុំធ្លាប់បានជួបជាមួយលោក Henry Kissinger កាលពី ៣ ឆ្នាំមុនក្នុងឆ្នាំ ២០១៨ ហើយលោកបានប្រាប់ខ្ញុំថា «សហរដ្ឋអាមេរិកមិនមានយុទ្ធសាស្ត្រទេ»។ ជាធម្មតា បណ្ឌិត Henry Kissinger មានការប្រុងប្រយ័ត្នខ្ពស់ និងមិនចូលចិត្តនិយាយច្រើនទេ។ ក៏ប៉ុន្តែ នៅពេលលោកនិយាយជាសាធារណៈថា «តើយើងកំពុងស្ថិតនៅក្នុងស្ថានភាពដូចគ្នា នឹងពេលកើតមានសង្គ្រាមលោកលើកទី ១ ឬ?» នោះអាចជាការព្រមានដ៏គ្រោះថ្នាក់មួយ។

ការព្រមាននេះគឺជាសូចនាករមួយដែល បង្ហាញថា «យើងកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏ស្មុគស្មាញ និងគ្រោះថ្នាក់បំផុតនៅក្នុងការប្រកួតប្រជែងរវាងអាមេរិកនិងចិន ហើយនេះក៏ជាមូលហេតុដែលយើងត្រូវតែបញ្ចេញមតិ និងពន្យល់ថា គ្រប់យ៉ាងដែលសហរដ្ឋអាមេរិកបាននិងកំពុងតែធ្វើចំពោះចិននឹងមិនអាចសម្រេចបានជោគជ័យនោះទេ»។

ឧបករណ៍ដ៏សំខាន់បំផុតដែលរដ្ឋបាលត្រាំ បានប្រើប្រឆាំងនឹងប្រទេសចិន និងដែលត្រូវបានបន្តអនុវត្តដោយរដ្ឋបាល បៃឌិន គឺជាសង្គ្រាមពាណិជ្ជកម្ម។

សង្រ្គាមពាណិជ្ជកម្មនេះ មិនមានប្រសិទ្ធិភាពនោះទេ។ ក៏ប៉ុន្តែហេតុអ្វីបានជា បៃឌិន មិនបញ្ឈប់វា? ចម្លើយដែលផ្តល់ដោយសមាជិកជាន់ខ្ពស់នៃរដ្ឋបាល បៃឌិន គឺ «យើងមិនអាចបញ្ឈប់វាបានទេ ពីព្រោះយើងត្រូវការប្រើវាឧបករណ៍ធ្វើជាថ្នូរនៅក្នុងការចរចារតថ្លៃជាមួយចិន»។

សាស្រ្តាចារ្យម្នាក់ នៅសាកលវិទ្យាល័យ Harvard បានឆ្លើយ តបយ៉ាងឈ្លាសវៃវិញថា «នេះប្រៀបដូចជាអ្នកកំពុងប្រាប់ចិនថា បើអ្នកមិនស្តាប់ខ្ញុំទេ ខ្ញុំនឹងបាញ់ជើងខ្លួនឯងម្តងទៀត»។

ពន្ធគយពាណិជ្ជកម្មបានបង្កនូវផលប៉ះពាល់ដល់អ្នកប្រើប្រាស់អាមេរិក ដល់កម្មករអាមេរិក និងបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ខណៈពេលដែលចិនមិនបានរងនូវការខូចខាតនោះឡើយ។ ដូច្នេះច្បាស់ណាស់ ប្រសិនបើសហរដ្ឋអាមេរិកជាតួអង្គសមហេតុផលនៅលើឆាកពិភពលោក សហរដ្ឋអាមេរិកនឹងលុបចោលពន្ធគយនិងទណ្ឌកម្មនេះ។

ប៉ុន្តែ វាមិនអាចទៅរួចទេក្នុងការធ្វើយ៉ាងដូច្នេះ ហើយវាក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា «តើមនោសញ្ចេតនាប្រឆាំងនឹងចិនមានឥទ្ធិពលខ្លាំងកម្រិតណានៅក្នុងស្ថាប័ននយោបាយអាមេរិក»។

ខ្ញុំដឹងច្បាស់ថា «លោក បៃឌិន ក៏បានដឹងដែរថា សកម្មភាពប្រឆាំងនឹងប្រទេសចិនមិនសមហេតុផលទេ។ ក៏ប៉ុន្តែ ដោយសារតែបរិយាកាសនៅអាមេរិកមានភាពតានតឹងខ្លាំងពេក លោកមិនអាចបន្ទន់ជំហរចំពោះប្រទេសចិនបាននោះឡើយ»។

ហើយនេះជាមូលហេតុដែលយើង នៅអាស៊ីត្រូវបញ្ចេញយោបល់និងពន្យល់ដល់ប្រធានាធិបតី បៃឌិន ថា «យ៉ាងហោចណាស់ សូមលោកចុចប៊ូតុងផ្អាកការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន បោះជំហានទៅមុខ ហើយបន្ទាប់មក ពិចារណាឡើងវិញអំពីយុទ្ធសាស្រ្តរួម» ។

យើងស្ថិតនៅក្នុងសតវត្សរ៍ទី ២១ ហើយច្បាស់ណាស់ វានឹងមានភាពខុសគ្នាខ្លាំងពីសតវត្សរ៍ទី ២០ និងសតវត្សរ៍ទី ១៩ ។ កាលពី ២០០ ឆ្នាំមុន លោកខាងលិចអាចត្រួតត្រាពិភពលោកបាន។ នៅឆ្នាំ ១៨៤១ ក្នុងអំឡុងពេលកើតមានសង្គ្រាមអាភៀន មហាអំណាចលោកខាងលិច អាចធ្វើអ្វីៗបានតាមអំពើចិត្តរបស់ពួកគេ។ ពួកគេអាចរឹបអូសដណ្តើមទឹកដី, ដាក់អាណានិគមលើពិភពលោក ឬធ្វើអ្វី ដែលពួកគេចង់ធ្វើ ដោយគ្មានអ្វីអាចមករារាំងពួកគេបាន នោះទេ។

ក៏ប៉ុន្តែ នោះគឺជាអ្វីដែលបានកើតឡើងកាលពី ១៦០ ឬ ១៧០ឆ្នាំមុន។ ពេលវេលានោះបានកន្លងផុត ហើយវានឹងមិនអាចត្រលប់មកវិញទៀតទេ។ នេះគឺជាមូលហេតុដែលពួកគេត្រូវការកែតម្រូវនិងត្រូវតែទទួលយកការពិត។

នៅពេលដែល មេដឹកនាំប្រទេស G7 បានជួបគ្នានាពេលថ្មីៗនេះ និងបានធ្វើការប្រកាសថា «ប្រទេសចិនត្រូវតែធ្វើបែបនេះ ប្រទេសចិនត្រូវតែធ្វើបែបនោះ» តើប្រទេស G7 គិតថា ខ្លួនជាអ្នកណា?

ពួកគេតំណាងឱ្យអំណាចពីអតីតកាល ហើយប្រជាជនសរុបរបស់ពួកគេមានចំនួនប្រមាណតែ ៧០០ ទៅ ៧៥០ លាននាក់ប៉ុណ្ណោះដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសចិន។ សម័យកាលរបស់លោកខាងលិចបានកន្លងផុតទៅហើយ។ ឥឡូវនេះ គឺជាសម័យកាលរបស់អាស៊ីវិញម្តង។

សតវត្សរ៍ទី២១ នឹងក្លាយជាសតវត្សរ៍អាស៊ី ហើយនៅក្នុងតំបន់អាស៊ី ភាពស្វាហាប់ដ៏អស្ចារ្យបាននិងកំពុងតែកើតឡើង ហើយកាលពីមុន យើងត្រូវរៀនអំពីលោកខាងលិច ពីព្រោះលោកខាងលិចបានគ្រប់គ្រងពិភពលោក។ ក៏ប៉ុន្តែពេលនេះដល់ពេលហើយដែល លោកខាងលិចត្រូវរៀននិងស្វែងយល់អំពីអាស៊ី ពីព្រោះកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ៗ នឹងមានប្រភពមកពីតំបន់អាស៊ី។  ហើយវាដល់ពេល ហើយដែលលោកខាងលិចត្រូវរៀនសម្របខ្លួនទៅនឹងអាស៊ី ខណៈពេល ដែលបទដ្ឋានរបស់អាស៊ីគឺលក្ខណៈខុសគ្នាឆ្ងាយពីបទដ្ឋានរបស់លោកខាងលិច។

បណ្តាប្រទេសលោកខាងលិចចូលចិត្តធ្វើការវិនិច្ឆ័យ លើបណ្តាប្រទេសដទៃទៀត ហើយនិយាយថា «បទដ្ឋានសិទ្ធិមនុស្សរបស់អ្នកមិនល្អគ្រប់គ្រាន់ទេ។ អ្នកកំពុងតែធ្វើខុសហើយ»។ ពួកគេអាចនិយាយបែបនេះបាននៅពេលដែលពួកគេមានឥទ្ធិពលខ្លាំង។ ក៏ប៉ុន្តែពេលវេលាបានផ្លាស់ប្តូរ ហើយឥឡូវនេះ ប្រទេសអាស៊ីភាគច្រើនមិនទទួលយកការទូន្មានរបស់លោកខាងលិចទៀតនោះទេ។

មូលហេតុមួយដែលអាស៊ីអាចបន្តរក្សាបាននូវសន្តិភាពគឺថា «យើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក» ហើយគោលការណ៍នេះក៏ត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិផងដែរ។

ដូច្នេះប្រសិនបើ លោកខាងលិចចង់ចូលរួមជាមួយតំបន់អាស៊ីលោកខាងលិច ត្រូវតែស្វែងយល់បន្ថែមអំពីរបៀបដែលបណ្តាប្រទេសអាស៊ីរួមរស់និងធ្វើប្រតិបត្តិការជាមួយគ្នា។ នៅពេលនិយាយដល់ការមិនជ្រៀត ជ្រែកចូលកិច្ចការរវាងគ្នា វាមិនមែនមានន័យថា «ប្រទេសអាស៊ីអសកម្ម ឬមិនធ្វើអ្វីសោះនោះទេ»។

យើងកំពុងកសាងនូវអ្វីដែលហៅថា «វដ្តនៃការជឿទុកចិត្ត» ដែលភាគច្រើនបានផ្តោតលើអាស៊ាន ខណៈដែលអាស៊ានបានបង្កើតឱ្យមានការសន្ទនាជាមួយបណ្តាប្រទេសមហាអំណាច ក៏ដូចជាបានបង្កើតនូវវេទិកាតំបន់អាស៊ាន។

ទោះបីអាស៊ានជាអង្គការខ្សោយជាងគេ បំផុតមួយក៏ដោយ ក៏អាស៊ានបានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់បណ្តាប្រទេសអាស៊ីក្នុងការរៀនរួមរស់ជាមួយគ្នារៀនធ្វើការ និងធ្វើប្រតិបត្តិការជាមួយគ្នាហើយវដ្តនៃការជឿទុកចិត្តទាំងនេះបាន បង្កើតជាអត្ថប្រយោជន៍ជាក់ស្តែងមួយចំនួនសម្រាប់បណ្តាប្រទេសអាស៊ី។

ឧទាហរណ៍មួយគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់។ នៅពេលដែលអ្នកនិពន្ធលោកខាងលិចទាំងអស់លើកឡើងអំពីកិច្ចព្រមព្រៀងនេះ ពួកគេបាននិយាយថា «នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលដឹកនាំដោយប្រទេសចិន»។ តែវាមិនមែនជាការពិតនោះទេ។

ប្រសិនបើប្រទេសចិនជាប្រទេសមួយដែលស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបែបនេះ នោះបណ្តាប្រទេសជិតខាងរបស់ប្រទេសចិនជាច្រើន បូករួមទាំងជប៉ុននិងកូរ៉េខាងត្បូង ច្បាស់ជាបដិសេធមិនចូលរួម។ ក៏ប៉ុន្តែ អាស៊ានបានស្នើវាឡើង ហើយដោយសារតែអាស៊ានបានបង្កើតឱ្យមានវដ្តនៃការជឿទុកចិត្តនៅក្នុងតំបន់ បណ្តាប្រទេសជាច្រើនក៏បានចូលរួម។

មនុស្សជាច្រើនមិនបានកត់សម្គាល់ពីភាពធំធេងនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់នេះទេ។ សេដ្ឋកិច្ចធំបំផុតទាំង3នៅអាស៊ីបូព៌ា គឺជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ប្រសិនបើប្រទេសទាំង ៣ នេះចរចាគ្នាដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះវានឹងមិនអាចសម្រេចបាន នោះទេ ដោយសារប្រទេសទាំង3នេះមិនមានការជឿទុកចិត្តគ្នាទៅវិញទៅមក។

ប៉ុន្តែដោយសារអាស៊ានបានស្នើវានៅក្រោមឆ័ត្រអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ក៏ត្រូវបានចុះហត្ថលេខា ហើយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។

តាមរបៀបស្ងប់ស្ងាត់របស់ខ្លួន តំបន់អាស៊ីកំពុងផ្លាស់ប្តូរពិភពលោក តាមរយៈការផ្តល់នូវការអភិវឌ្ឍថ្មីៗយ៉ាងគួរអោយកត់សម្គាល់តាមបែបអាស៊ី និងមិនមែនតាមបែបលោកខាងលិចនោះទេ។

សហភាពអឺរ៉ុបដែលចូលចិត្តទូន្មានគេឱ្យធ្វើបែបនេះបែបនោះ បានក្លាយជាអង្គការក្នុងតំបន់ដំបូងគេបង្អស់ដែលបានរង នូវការបែកបាក់គ្នា។ ដូច្នេះ មានរឿងមួយចំនួនដែលសហភាពអឺរ៉ុបពិតជាត្រូវតែរៀនសូត្រពីអាស៊ាន។

រឿងដ៏សំខាន់មួយដែលយើងត្រូវបញ្ជាក់ ប្រាប់ទៅអាមេរិកគឺថា «ប្រសិនបើគោលដៅនៃសង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំ គឺការកាត់ផ្តាច់សេដ្ឋកិច្ចអាមេរិកចេញពីសេដ្ឋកិច្ចចិន ហើយប្រសិនបើគោលដៅ នេះនៅតែត្រូវបានបន្តអនុវត្តដោយរដ្ឋបាល បៃឌិន ហានិភ័យគឺថា សហរដ្ឋអាមេរិកនឹងមិនកាត់ផ្តាច់តែពីប្រទេសចិនទេ តែក៏នឹងកាត់ផ្តាច់ពីតំបន់អាស៊ីបូព៌ាទាំងមូលផងដែរ»។

ដូច្នេះសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាប្រទេសជប៉ុននិងអូស្រ្តាលី ប្រសិនបើពួកគេពិតជាចង់ឱ្យសហរដ្ឋអាមេរិកបន្តចូលរួមនៅក្នុងតំបន់អាស៊ីបូព៌ា ពួកគេគួរតែដើរតួជាប្រទេស២ ដំបូងគេដែលនឹងត្រូវនិយាយទៅកាន់សហរដ្ឋអាមេរិកថា «សូមកុំផ្តាច់ខ្លួនពីប្រទេសចិនអី ពីព្រោះប្រសិនបើអ្នកផ្តាច់ខ្លួនចេញពីប្រទេសចិន វានឹងមានន័យស្មើនឹងអ្នកចាកចេញពីតំបន់ ហើយសហរដ្ឋអាមេរិកនឹងលែងជាផ្នែកមួយនៃការប្រកួតប្រជែងទៀតហើយ ពីព្រោះការប្រកួតប្រជែងដ៏ធំគឺស្ថិតនៅក្នុងផ្នែកសេដ្ឋកិច្ច»។

នេះមិនមែនជាសង្គ្រាមត្រជាក់ប្រឆាំងនឹងសហភាពសូវៀតនោះទេ។ នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន វានឹងមិនត្រូវបានធ្វើឡើងនៅក្នុងវិស័យយោធានោះទេ តែវានឹងធ្វើឡើងនៅក្នុងវិស័យសេដ្ឋកិច្ច។

សហរដ្ឋអាមេរិកបានចំណាយថវិកាលើវិស័យការពារជាតិច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ អត្ថបទមួយដែលសរសេរដោយ Fareed Zakaria កាលពីថ្មីៗនេះនៅក្នុងកាសែត Washington Post បានពន្យល់អំពីចំនួនទឹកប្រាក់ដែលត្រូវបានចំណាយយ៉ាងខ្ជះខ្ជាយនៅក្នុងកញ្ចប់ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក។

នៅក្នុងការប្រកួតប្រជែងជាមួយសហភាពសូវៀត វិស័យយោធាមានសារៈសំខាន់ណាស់។ ដូច្នេះវាជារឿងត្រឹមត្រូវណាស់ក្នុងការចំណាយប្រាក់ច្រើនក្នុងវិស័យការពារជាតិ។ ក៏ប៉ុន្តែ ក្នុងករណីប្រទេសចិន ការប្រកួតប្រជែងនឹងស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ច ហើយការចំណាយថវិកានៅក្នុងវិស័យការពារជាតិយ៉ាងខ្ជះខ្ជាយនឹងផ្តល់ជាផលប្រយោជន៍ភូមិសាស្ត្រនយោបាយដល់ប្រទេសចិន។

ឧទាហរណ៍ជាក់ស្តែងនៃការចំណាយខ្ជះខ្ជាយនេះគឺ «សហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន ១,៧ ទ្រីលាន ដុល្លារដើម្បីកសាង យន្តហោះ F-35 ដែលជាប្រភេទយន្តហោះចម្បាំងដ៏ទំនើបបំផុតរបស់ពិភពលោកដែលអាចនឹងមិនត្រូវបានយកមកប្រើប្រាស់ទេ ពីព្រោះវាល្អឥតខ្ចោះពេក»។

ផ្ទុយទៅវិញ ប្រទេសចិនបានចំណាយថវិកាចំនួន ១,៧ ទ្រីលានដុល្លារលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវដើម្បីកសាងផ្លូវ កំពង់ផែ ផ្លូវហាយវេ និងមន្ទីរពេទ្យនៅជុំវិញពិភពលោក។

នេះជាមូលហេតុ ដែលអាមេរិកគួរតែបង្កើនការយកចិត្តទុកដាក់លើបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន និងមិនមែនវិស័យយោធានោះទេនៅក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសចិន។

បញ្ហាប្រឈមដ៏សំខាន់មួយទៀតរបស់សហរដ្ឋអាមេរិកគឺថា «សហរដ្ឋអាមេរិកសព្វថ្ងៃនេះ គឺជាប្រទេសអភិវឌ្ឍតែមួយគត់ ដែលប្រាក់ចំណូលជាមធ្យមរបស់ក្រុមមនុស្ស (Bottom 50%) បានបន្តធ្លាក់ចុះក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ»។ ដូច្នេះ ប្រសិនបើសហរដ្ឋអាមេរិកចង់យកឈ្នះការប្រកួតប្រជែងជាមួយប្រទេសចិន រឿងដំបូងដែលត្រូវធ្វើគឺការលើកកម្ពស់កម្រិតប្រាក់ចំណូលរបស់ក្រុម «Bottom 50%»។

អាមេរិកមានអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យ ២នាក់ បន្ទាប់ពី សង្គ្រាមលោកលើកទី ២ ។ ម្នាក់គឺលោក Henry Kissinger និងម្នាក់ទៀតគឺ George Kennan ដែលបានទទួលមរណភាពហើយ។ លោក George Kennan បានលើកឡើងនូវរឿងដ៏សំខាន់មួយ។

លោកបាននិយាយថា «លទ្ធផលនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀត នឹងអាស្រ័យលើសមត្ថភាពក្នុងការអាចទាក់ទាញបានការទទួលស្គាល់ពីក្នុងចំណោមប្រជាជនពិភពលោក ជាពិសេសពាក់ព័ន្ធនឹងការអាចដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសបានដោយជោគជ័យ និងជាមួយនឹងការទទួលខុសត្រូវក្នុងនាមជាមហាអំណាចពិភពលោក និងដែលមានភាពរឹងមាំខាងបញ្ញាញណ»។

ជាមួយបញ្ហាប្រឈមផ្ទៃក្នុងប្រទេស សហរដ្ឋ អាមេរិកគួរតែផ្តោតលើការជួយប្រជាជនរបស់ខ្លួន ព្រោះនេះជាអ្វីដែលនឹងធ្វើឱ្យអាមេរិកក្លាយជាសង្គមដ៏ជោគជ័យ និងដ៏ទាក់ទាញបំផុតនៅលើពិភពលោក។

ជាមួយនឹងការទទួលខុសត្រូវនៅក្នុងពិភពលោក សហរដ្ឋអាមេរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់ ត្រាំ បានដើរចេញឆ្ងាយពីទំនួលខុសត្រូវសកល តួយ៉ាងដូចជា បញ្ហាស្តីពីការផ្លាស់ប្តូរអាកាសធាតុ។ សម្រាប់ភាពរឹងមាំខាងបញ្ញាញាណ នេះគឺជាអ្វីដែលសហរដ្ឋអាមេរិកមិនបានបង្ហាញឱ្យឃើញនោះទេនៅពេលសព្វថ្ងៃនេះ។

ប្រសិនបើគោលដៅរបស់លោក ចូ បៃឌិន គឺការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមមនុស្ស «Bottom 50%» និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អប្រសើរ បូករួមនឹងការពង្រឹងគុណភាពជីវិតរបស់ប្រជាជនអាមេរិក លោក បៃឌិន គួរតែស្វែងរកភ្ជាប់ទំនាក់ទំនងជាមួយដៃគូសេដ្ឋកិច្ចនៅជុំវិញពិភពលោក។

ហើយដៃគូសេដ្ឋកិច្ចដ៍ល្អបំផុតដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ក្រុមមនុស្ស «Bottom 50%» នោះគឺប្រទេសចិន ពីព្រោះប្រទេសចិនឥឡូវនេះគឺជាទីផ្សារដ៍ធំបំផុតរបស់ពិភពលោក។

ក្នុងឆ្នាំ ២០០៩ ទំហំនៃទីផ្សារទំនិញលក់រាយនៅប្រទេសចិនមានចំនួន ១,៨ ទ្រីលានដុល្លារ ខណៈ ពេលដែលសហរដ្ឋអាមេរិកមានចំនួន ៤ ទ្រីលានដុល្លារ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ដែលជាឆ្នាំដ៏សំខាន់ពីព្រោះវាគឺជា ពេលវេលា ៣ឆ្នាំ ក្រោយពីកើតមានសង្គ្រាមពាណិជ្ជកម្មរបស់ ត្រាំ លទ្ធផលគឺ ទីផ្សារលក់រាយនៅក្នុងប្រទេសចិនបានកើនឡើងពី ១,៨ ទ្រីលានដុល្លារ ទៅ ដល់ ៦ ទ្រីលានដុល្លារ ហើយសហរដ្ឋអាមេរិកបានកើនពី ៤ ទ្រីលាន ទៅ ៥,៥ ទ្រីលានដុល្លារតែប៉ុណ្ណោះ។ នៅក្នុងរយៈពេល ១០ ឆ្នាំទៀត ទីផ្សារទំនិញលក់រាយនៅប្រទេសចិនអាចនឹងមានទំហំកាន់តែធំជាងនេះ។

ប្រសិនបើអាមេរិកចង់ពង្រឹងសហគ្រាស និងសេដ្ឋកិច្ចរបស់ខ្លួន អាមេរិកត្រូវតែចូលរួមជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀតនៅលើពិភពលោក បូករួមនឹងប្រទេសចិនផងដែរ។

នៅក្នុងការប្រកួតប្រជែងនៅតំបន់អាស៊ីបូព៌ា សហរដ្ឋអាមេរិកត្រូវតែបំភ្លេចអំពីក្រុម QUAD ព្រោះវាជាសម្ព័ន្ធមិត្តមួយដែលផ្តោតតែទៅលើវិស័យការពារជាតិតែប៉ុណ្ណោះ ដោយមិនមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុង ចំណោមប្រទេសជាសមាជិកនោះទេ (QUAD រួមមាន អាមេរិក, ឥណ្ឌា, ជប៉ុន និងអូស្រ្តាលី) ។ ហើយលោក ចូ បៃឌិន គួរតែព្យាយាមចូលរួមនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកឡើងវិញ។

រាល់ចំនុចដែលខ្ញុំកំពុងលើកឡើងគឺមានគោលបំណងជួយដល់រដ្ឋបាល បៃឌិន និងជួយដល់សហរដ្ឋអាមេរិក។ ប៉ុន្តែចំណុចទាំងអស់ដែលខ្ញុំកំពុងលើក ឡើងនាពេលនេះ គឺជាចំណុចដែលអ្នកមិនអាចលើកឡើងបាននោះទេនៅសហរដ្ឋអាមេរិក «ពីព្រោះអ្នកអាចនឹងត្រូវបានគេបាញ់ចោល» ដោយសារតែការស្នើឱ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន បើទោះបីជាវានឹងផ្តល់ជាផលប្រយោជន៍ដល់សហរដ្ឋអាមេរិកក៏ដោយ។

ខ្ញុំសង្ឃឹមថា «សហរដ្ឋអាមេរិកនឹងអាចស្វែងយល់នូវអ្វីដែលរដ្ឋមន្រ្តីការបរទេស Anthony Blinken បាននិយាយ» ដែលនោះគឺ «ការគាំទ្រដល់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់»។

ប្រសិនបើយើងឱ្យសាកលវិទ្យាល័យអាមេរិកណាមួយក៏បាន ធ្វើការវាយតម្លៃថា «តើប្រទេសមួយណា រវាងសហរដ្ឋអាមេរិកនិងចិនដែល បានប្រកាន់ខ្ជាន់នូវសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់?» សហរដ្ឋអាមេរិកអាចនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលនៃការ ប្រៀបធៀបរវាងសហរដ្ឋ អាមេរិកនិងចិន។

ចុងក្រោយ យើងក៏គួរតែប្រាប់សហរដ្ឋអាមេរិកថា «មានរឿងខ្លះដែលអាចបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ នៅក្នុងការប្រកួតប្រជែងនេះ «ចិនបានកំណត់នូវខ្សែបន្ទាត់ក្រហម» មួយចំនួនដែលមិនអាចឆ្លងកាត់បាននោះទេ ដោយក្នុងនោះបញ្ហាដ៏សំខាន់បំផុតមួយគឺតៃវ៉ាន់»។

វាពិតជាអាចបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរហើយជនជាតិអាមេរិកាំងណា ដែលចង់លូកដៃចូលបញ្ហាតៃវ៉ាន់គួរតែបង្កើននូវការប្រុងប្រយ័ត្ន ព្រោះបញ្ហាតៃវ៉ាន់អាចបង្កឱ្យមានសង្គ្រាម។

រឿងតូចតាចមួយ ទៀតដែលសហរដ្ឋអាមេរិកអាចធ្វើបានគឺការដោះលែងលោកស្រី Meng Wanzhou ដែលជាកូនស្រីរបស់លោក Ren ដែលជា ស្ថាបនិកក្រុមហ៊ុន Huawei ។

ចំណុចទី ៣ ៖ គឺជនជាតិអាមេរិកគួរតែបញ្ឈប់ការជេរ ប្រមាថលើប្រទេសចិន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា «គ្មានប្រទេសណាមួយនៅលើ ពិភពលោកបានជេរប្រមាថចិននោះទេគឺគ្មានទាល់តែសោះសូម្បីតែមួយក៍គ្មានដែរ»។

អ្នកការទូតគឺជាមនុស្សម្នាក់ដែលអាច ប្រាប់អ្នកឱ្យចុះទៅ ឋាននរកក្នុងរបៀបដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា «អ្នកនឹងរីករាយនឹងការធ្វើ ដំណើរទៅកាន់ឋាននរក»។ ការទូតអាចមានឥទ្ធិពលខ្លាំងណាស់។ ហេតុដូច្នេះហើយ យើងគួរជំរុញឱ្យសហរដ្ឋអាមេរិកវិលមករកពិភពការទូតជាថ្មីម្តងទៀត៕

អត្ថបទទាក់ទង