ខ្មែរប៉ុស្ដិ៍ Close

បឹងទន្លេសាប និងប្រព័ន្ធអេកូឡូស៊ី ជាសម្បត្តិដ៏មហាសាលរបស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 66
បឹងទន្លេសាប និងប្រព័ន្ធអេកូឡូស៊ី ជាសម្បត្តិដ៏មហាសាលរបស់កម្ពុជា បឹងទន្លេសាប និងប្រព័ន្ធអេកូឡូស៊ី ជាសម្បត្តិដ៏មហាសាលរបស់កម្ពុជា

បឹងទន្លេសាប និងប្រព័ន្ធអេកូឡូស៊ី ជាសម្បត្តិដ៏មហាសាលរបស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា ដូច្នេះដើម្បីកាន់តែជ្រាបច្បាស់ពីសក្តានុពលនៃបឹងធម្មជាតិនេះ ក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានជួបសម្ភាសផ្ទាល់ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរទន្លេសាប កាលពីពេលថ្មីៗនេះ។

លោក ស៊ិន វិសិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរនេះបានមានប្រសាសន៍ថា បឹងទន្លេសាប ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាច កាត់ថ្លៃបាន លើផ្នែកសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ នាវាចរណ៍ និងបរិស្ថាន។ លោកបានបន្តថា បឹងនេះគឺជាបឹងទឹកសាបធម្មជាតិធំជាងគេនៅអាស៊ីអគ្នេយ៍ ដែលមានបណ្តោយរហូតដល់ទៅ ១១៦ គីឡូម៉ែត្រ និង ទទឹងពី៣ គីឡូម៉ែត្រ ទៅ ៣៣ គីឡូម៉ែត្រ ព្រមទាំងឆ្នេរប្រវែងរហូតដល់ទៅ ៤៨២ គីឡូម៉ែត្រ នៅរដូវប្រាំង។

លោក ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប
លោក ស៊ិន វិសិទ្ធ អគ្គលេខាធិការ អាជ្ញាធរទន្លេសាប

លោកបានថ្លែងថា វិសាលភាពរបស់បឹងទន្លេសាប ប្រែប្រួលតាមរដូវកាល ដោយ នៅរដូវប្រាំងទន្លេសាប មានជម្រៅប្រមាណជា ១ ម៉ែត្រ និងមានផ្ទៃក្រឡាប្រមាណជា ២៥០ ០០០ ហិកតា ប៉ុន្តែ នៅរដូវវស្សាបឹងនេះមានជម្រៅពី ៨ទៅ ១១ ម៉ែត្រ ហើយមានផ្ទៃក្រឡាប្រមាណជា ១ ៥០០ ០០០ ហិកតា។

លោកបានឱ្យដឹងទៀតថា បឹងនេះមានមាឌទឹកប្រែប្រួលពី ៤ ៥០០ លានម៉ែត្រគូប ទៅ ១៣៥ ០០០ លានម៉ែត្រគូប ដោយមានប្រភពពីទន្លេមេគង្គប្រមាណជា ៤៩ ភាគរយ ដៃស្ទឹងចំនួន ១១ ជុំវិញបឹងទន្លេសាបប្រមាណជា ៣៥ភាគរយ ទឹកភ្លៀងប្រមាណជា ១៣ ភាគ។

លោកបានបញ្ជាក់ថា បឹងទន្លេសាបអាចស្រូបយកទឹកជំនន់ទន្លេមេគង្គមួយផ្នែកធំនៅរដូវវស្សា និងបញ្ចេញ មកវិញ នៅរដូវប្រាំង ធ្វើឱ្យចរន្តទឹកទន្លេមេគង្គ ក្លាយជាបាតុភូតជលសាស្រ្តធម្មជាតិដែលកម្រ មានក្នុងពិភពលោក គឺទឹកហូរត្រឡ ប់។

លោកបានបន្តទៀតថា លំហូរដីល្បាប់ភក់ និងកំទេចកំណររឹង ដែលហូរពីទន្លេមេគង្គ ទៅទន្លេសាប ផ្តល់នូវជីវជាតិយ៉ាងសម្បូរបែប ជាពិសេសពពួក Phosphorus សម្រាប់ផលិតភាពចំណីអាហារក្នុងទឹក និងធ្វើឱ្យផ្ទៃកសិកម្ម ជុំវិញបឹងទន្លេសាបសម្បូរជីវជាតិ។ បឹងនេះ មានព្រៃលិចទឹក ចំនួនប្រមាណ ៦៤៧ ៤០៦ ហិកតា ស្មើនឹង ១៩៦ ប្រភេទ ជាជម្រកមច្ឆាជាតិ និង ជីវចម្រុះគ្រប់ប្រភេទ រីកលូតលាស់ នឹងអាចជាកន្លែងធំធាត់ ពងកូន និង អាចជារបាំង ការពារខ្យល់ព្យុះ និងសំណឹក ហើយ រុក្ខជាតិមួយចំនួន ក៏ជាពពួកថ្នាំបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ។

លោកបានបន្ថែមថា បឹងទន្លេសាប មានត្រីចំនួន ១៧៥ ប្រភេទ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ ហើយសំខាន់ថែមទៀត ទីនោះគឺជាប្រភពរ៉ែខ្សាច់ និង រ៉ែប្រេងកាតថែមទៀតផង។ បឹងទន្លេសាប គឺជាបឹងធម្មជាតិដែលផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាជនជុំវិញបឹងទន្លេសាប ប្រមាណជា ៥ លាននាក់ និងជាប្រភពប្រូតេអ៊ីនដល់ប្រជាជនប្រមាណជា ១៥លាននាក់។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប

អត្ថបទទាក់ទង