ខ្មែរប៉ុស្ដិ៍ Close

នៅខ្មែរយើងនឹង! កន្លែងដែលអ្នកគួរទៅលេងឲ្យបានស្គាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61
នៅខ្មែរយើងនឹង! កន្លែងដែលអ្នកគួរទៅលេងឲ្យបានស្គាល់ នៅខ្មែរយើងនឹង! កន្លែងដែលអ្នកគួរទៅលេងឲ្យបានស្គាល់

ថ្ងៃឈប់សម្រាកខាងមុខនេះ មាន​គម្រោង​ចង់​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ណា​មួយ​ហើយ​ឬ​នៅ​ហ្នឹង? បើ​មិន​ទាន់​មាន​ទេ យើង​សូម​ណែ​នាំ​ជូន​នូវ រមណីយដ្ឋាន​៨កន្លែង​ សុទ្ធ​សឹង​ជា​កន្លែង​ដែល​មាន​ទេសភាព​ស្អាតៗ​ ​បរិយាកាស​ល្អ សក្តិសម​បំផុត​សម្រាប់​ការ​ជួប​ជុំ​គ្រួសារ​ដ៏​សែន​រីករាយ​នេះ។

១.​ ​ភ្នំ​ក្រោម

ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​ លោក​អ្នក​អាច​អង្គុយ​បរិភោគ​អាហារ​ឆ្ងាញ់ៗ​តាម​បែប​លក្ខណៈ​ស្រុក​ស្រែ ជួប​ជុំ​គ្នា ក្នុង​តូប​ដែល​នៅ​ដាច់​ៗ​ពី​គ្នា​ សង់​ពី​ឈើ ដំបូល​ប្រក់​ស្បូវ គយគន់​ទេសភាព​មាត់​បឹង សួន​ផ្កា​ចម្រុះ​ពណ៌ ខ្យល់​បក់​រំភើយ​ៗ វា​ជា​ពេល​វេលា​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។

ព័ត៌មាន​លម្អិត៖ ​ភ្នំ​ក្រោម

២.​ ​កំពង់​ភ្លុក

ផ្ទះ​ខ្ពស់​ៗ​​ សសរ​ច្រូង​ច្រាង​ខ្វាត់​ខ្វែង ​ជាប់​នឹង​មាត់​ច្រាំង​នៃ​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​ខេត្ត​សៀម​រាប ដែល​គេ​គ្រប់​គ្នា​តែង​តែ​ហៅ​ថា​​ “ភូមិ​​អណ្ដែត​ទឹក​កំពង់​ភ្លុក” ។ លោក​អ្នក​អាច​​រីករាយ​ជាមួយ​និង​ការ​ជិះ​​ទូក​តូច​ៗ​គយ​គន់​មើល​ទេសភាព​ព្រៃ​លិចទឹក​ដែល​មាន​ទំហំ​៤៨​ហិច​តា​ដែល​មាន​តាំង​យូរ​ណាស់​មក​ហើយ​។

ព័ត៌មាន​លម្អិត៖ ​កំពង់​ភ្លុក

៣.​ ​ត្រាវកុដ្ឋ

​ជា​រមណីយដ្ឋាន​ដ៏​ប្រណិត និង​មនោរម្យ​​មួយ​កន្លែង​ស្ថិត​នៅ​ឃុំ បល្ល័ង្ក ស្រុក ប្រាសាទ បាគង ខេត្ត​សៀមរាប។ រមណីយដ្ឋាន​មួយ​នេះ​​ស្ថិត​នៅ​ចំ​កណ្ដាល​រវាង​ក្រុង​សៀមរាប និង​ភ្នំ​គូលែន ប្រាសាទ​បន្ទាយ​ស្រី ប្រាសាទបាគង ប្រាសាទ​បឹង​មាលា​ និង​តំបន់​អង្គរ​ដោយ​បើក​បរ​ប្រហែល​២០នាទី ពី​ប្រលានយន្តហោះ​ថ្មី និង​ពី​ក្រុង​សៀមរាប។

ព័ត៌មាន​លម្អិត៖ ​ត្រាវកុដ្ឋ

៤.​ ក្ដាត​សាណាកា

មាន​ទី​តាំង​ឋិត​នៅ​ផ្លូវ​ជាតិលេខ៣ ចន្លោះ​កំពត-កំពង់សោម ក្បែរ​ជើង​ភ្នំ​បូកគោ ជាប់​ដៃ​សមុទ្រ​នា​ភូមិ​ក្ដាត ដែល​មាន​ចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កំពត។  លោក​អ្នក​នឹង​បាន​ស្រស់​ស្រាយ​សប្បាយ​អារម្មណ៍​ជាមួយ​នឹង​ការ​ហូប​អាហារ​សមុទ្រ​ស្រស់ៗ និង​ការ​ស្នាក់​នៅ​ក្នុង​ពិភព​ធម្ម​ជាតិ​ពិតៗ។

ព័ត៌មាន​លម្អិត៖ ​ក្ដាត​សាណាកា

៥.​ ល្អាង​កំពង់ត្រាច

ស្ថិត​នៅ​ក្នុង​​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។  ល្អាង​កំពង់ត្រាច​មិន​ត្រឹមតែ​​ជា​កន្លែង​សម្រាប់​ទេសចរ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​សម្រាប់​ធ្វើ​សក្ការបូជា​ថែមទៀត​ផង។ ​ប្រជាជន​មក​ពី​ទី​ជិត​ឆ្ងាយ​ ទាំង​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ហើយ​ ក៏​អាច​បួងសួង​សុំ​សេចក្ដី​សុខ​ថែម​ទៀត​ផង។

ព័ត៌មាន​លម្អិត៖ ​ល្អាង​កំពង់ត្រាច

៦.​ ឧទ្យាន​ដង​ព្រែក

មាន​ទី​តាំង​ស្ថិត​នៅ​​ជិត​តំបន់​ទឹក​ធ្លាក់​ទឹក​ឈូ ដែល​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។ លោក​អ្នក​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​នៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ។  ហើយ​លោក​អ្នក​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មី ​បែប​ព្រឺព្រួច នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ។

ព័ត៌មាន​លម្អិត៖ ​ឧទ្យាន​ដង​ព្រែក

៧.​ ទឹក​ធ្លាក់​ល្បាក់ខោន ឬ​ទឹក​ជ្រោះ​សុភ​មិត្រ

មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​មាតុភូមិ​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ទីនោះ​ជា​កន្លែង​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​កាត់​តាម​ថ្មដា​ ដែល​មាន​កម្ពស់​រហូតដល់​២៦ម៉ែត្រ ហើយក៏​ជា​ព្រំ​សី​មា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​ដែរ​។

ព័ត៌មាន​លម្អិត៖ ​ទឹក​ធ្លាក់​ល្បាក់ខោន ឬ​ទឹក​ជ្រោះ​សុភ​មិត្រ

៨.​ អូរជាំ

មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ លក្ខណៈ​ពិសេស​សម្រាប់​តំបន់​កម្សាន្ត​មួយ​នេះ​គឺ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ជ្រោះ​ កាត់​ព្រៃ​ព្រឹក្សា ជាមួយ​មគ្គុទ្ទេសក៍​ប្រចាំ​តំបន់។ ជាង​នេះ​ទៀត​ គឺ​ការ​ងូត​ទឹក​លេង ភ្លក់​រស​ជាតិ​អាហារ​ពិសេស​ៗ  ការ​បោះ​តង់​ក្បែរ​ទឹក​ជ្រោះ និង​ស្វែងយល់​ពី​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ដែល​រស់​នៅ​ទី​នោះ​ផ្ទាល់។ ក្រៅ​ពី​ការ​កម្សាន្ត​ជាមួយ​ធម្មជាតិ​ពិតៗ​ហើយ លោក​អ្នក​ក៏​អាច​កម្សាន្ត​អារម្មណ៍​ជាមួយ​និង​ការ​ជិះ​គោ​យន្ត​ទស្សនា​ចម្ការ​ដំណាំ​របស់​អ្នក​ស្រុក​មាន​ដូចជា ពោត មៀន ម្រេច ស្រកានាគ ព្រម​ទាំង​អាច​ភ្លក់​ផ្លែ​ឈើ​ថ្មីៗ ស្រស់ៗ​​ក្នុង​ចម្ការ​ដោយ​ផ្ទាល់​តែ​ម្ដង។

 

ប្រភព៖ Sabay