ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោក ជម្រុញឱ្យមានអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឱ្យមានការចូលរួមពីសហគមន៍ឱ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
អង្គការសុខភាពពិភពលោក ជម្រុញឱ្យមានអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឱ្យមានការចូលរួមពីសហគមន៍ឱ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ចូលរួមជាមួយលោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏ដូចជាតំណាងអង្គការ GIZ និងអង្គការ Racha អំឡុងពេលទស្សនកិច្ចទៅកាន់ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ (រូបថត៖ ក្រសួងសុខាភិបាល)

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានជម្រុញឱ្យមានអន្តរាគមន៍ ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឱ្យមានការចូលរួមពីសហគមន៍ឱ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា។

ខាងក្រោមនេះ ជាសេចក្តីជូនព័ត៌មាន របស់ អង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ដែលចេញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១៖

កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សកម្មភាពរួមរបស់យើង និងការចូលរួមរបស់សហគមន៍ទាំងមូលនៅថ្ងៃនេះ កំណត់នូវអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក ដែលនឹងអាចជា “ការកើនឡើងនូវចំនួនករណីឆ្លង និងចំនួនករណីស្លាប់” ឬក៏ ជា “ការធ្លាក់ចុះនៃចំនួនករណីឆ្លង ការសង្គ្រោះជីវិត និងការវិលត្រឡប់ទៅរកជីវភាពធម្មតាតាមបែប គន្លងថ្មីមួយ”។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានប្រសាសន៍ថា “យើងត្រូវធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើទៅបាន ដើម្បីការពារការរីករាលដាលនៃមេរោគ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សង្គម និងសេដ្ឋកិច្ច។ វាចាំបាច់ណាស់ក្នុងការស្វែងរកមធ្យោបាយដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាការអនុវត្ត និងគោរពតាមវិធានការសុខភាពសាធារណៈ និងសង្គម ជាពិសេសតាមរយៈការចូលរួមឱ្យបានច្រើនជាងមុនរបស់សហគមន៍គ្រប់គ្នាៗ”។

អង្គការសុខភាពពិភពលោកបានផ្តល់យោបល់ និងអនុសាសន៍អំពីអភិក្រមសម្រាប់កា ត្រៀមរៀបចំទុកជាមុន និងការឆ្លើយតបចំពោះជំងឺរាតត្បាត ដែលមានការចូលរួមពីស្ថាប័ន រាជរដ្ឋាភិបាល និងសង្គមទាំងមូល។ ជាមួយនឹងវិធីសាស្ត្រត្រៀមរៀបចំទុកជាមុន និងឆ្លើយតបបែបនេះ កម្ពុជាសម្រេចបាននូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ដោយពេលនោះមានចំនួនករណីឆ្លងតិច និងមិនមានករណីស្លាប់នោះទេ។

ជំងឺរាតត្បាតជាសាកលនេះមិនទាន់ចប់ទេ។ ជាអកុសល បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ កំពុងតែសាយភាយទៅកន្លែងជាច្រើននៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងសរុបចំនួន ៣៨.៤២៧ រួមទាំងករណីស្លាប់ចំនួន ៣៣៥ករណី ត្រូវបានរាយការណ៍មក អង្គការសុខភាពពិភពលោក។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា “ខណៈពេលដែលរដ្ឋាភិបាលបានធ្វើការមិនខ្លាចនឿយហត់ និងទាំងយប់ទាំងថ្ងៃដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដើម្បីជួយសង្គ្រោ ជីវិត និងការពារសុខភាព លទ្ធផលនៃការស្ទង់មតិរៀបចំដោយអង្គការសុខភាពពិភពលោកកាលពីខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺកូវីដ-១៩ បានរកឃើញថាសហគមន៍នៅកម្ពុជាយើង មានភាពនឿយណាយ និងយល់ឃើញថា ស្ថានភាពមានហានិភ័យកម្រិតទាប។ លទ្ធផលរកឃើញទាំងនេះ ធ្វើឱ្យខ្ញុំព្រួយបារម្ភ។ ខ្ញុំយល់ ច្បាស់ថាប្រជាពលរដ្ឋយើងមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល ១៨ខែមក ប៉ុន្តែយើងគ្មានជម្រើសផ្សេងទៀតទេ។ យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់”។​

គោលដៅរួមរបស់យើង គឺដើម្បីបញ្ឈប់ការរាលដាលនៃវីរុសកូវីដ-១៩ និងការពារកុំឱ្យជំងឺកូវីដ-១៩ បន្តរីករាលដាលនៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ដែលមានផលប៉ះពាល់ធំធេង និងធ្ងន់ធ្ងរដល់ផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម។ ដើម្បីអាចជៀសវាងបាន យើងត្រូវតែផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាពនៃអន្តរាគមន៍នានាតាមរយៈការអនុវត្ត និងគោរពតាមវិធានការសុខភាពសាធារណៈ និងវិធានការសង្គមដែលបានដាក់ចេញ។

ប្រសិនបើវីរុសរាលដាលពាសពេញសហគមន៍របស់យើងនោះ វិធានការបិទខ្ទប់ និងការរឹតបន្ដឹងទ្រង់ទ្រាយធំ អាចនឹងត្រូវដាក់ចេញ ហើយនឹងប៉ះពាល់ដល់គ្រប់វិស័យ រួមទាំងផ្នែកអាជីវកម្ម សកម្មភាពសាសនា និងការងារផងដែរ។ ការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ នឹងធ្វើឱ្យមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលទ្រទ្រង់លែងបាន ដែលប្រការនេះ នឹងមានន័យថាពលរដ្ឋយើងដែលមានជំងឺកូវីដ-១៩ និងពលរដ្ឋដែលមានជំងឺផ្សេងៗទៀត មិនអាចទទួលបានការថែទាំដែលពួគគាត់ត្រូវការនោះទេ។

មានវិធីងាយៗជាច្រើនដើម្បីកាត់បន្ថយហានិភ័យរបស់ប្រជាពលរដ្ឋគ្រប់រូប។ ម្ចាស់ និងអ្នក គ្រប់គ្រងអាជីវកម្មជាពិសេស មានតួនាទី និងការទទួលខុសត្រូវក្នុងការការពារពលដ្ឋកម្ពុជា។ តម្រូវការបើកគ្រឹះស្ថានអាជីកម្មនានាឡើងវិញ និងផ្ដល់ការងារក៏ដូចជាសេវាកម្មទៅដល់សហគមន៍ គឺពិតជាចាំបាច់ ប៉ុន្តែត្រូវបើកដំណើរការឡើងវិញតាមរបៀបដែលកាត់បន្ថយហានិភ័យ។ ដូច្នេះ ត្រូវបង្កើនការប្រើប្រាស់កន្លែងនៅខាងក្រៅ កន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ ត្រូវកាត់បន្ថយចំនួនមនុស្សនៅក្នុងកន្លែងបិទជិតគ្រប់ពេលវេលា។ ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ។ ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់។ ត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាគ្រប់ពេលបើអាចធ្វើបាន។ ត្រូវប្រជុំតាមអនឡាញមិនមែនជួបផ្ទាល់នោះទេ។

ពលរដ្ឋ និងអ្នកស្នាក់នៅកម្ពុជាគ្រប់រូប មានតួនាទីត្រូវការពារសហគមន៍របស់យើង។ សូមទៅផ្សារតែនៅពេលដែលចាំបាច់។ ត្រូវព្យាយាមទៅទីនោះក្រៅម៉ោងមមារញឹក។ ធ្វើកិច្ចការផ្សេងៗ ក្រៅម៉ោងមមារញឹកដែលមានមនុស្សច្រើន។ ប្រសិនបើត្រូវបរិភោគអាហារនៅភោជនីយដ្ឋាន ឬជួបមនុស្ស ត្រូវអង្គុយនៅខាងក្រៅ មិនត្រូវអង្គុយនៅកន្លែងបិទជិត ប្រើម៉ាស៊ីនត្រជាក់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព។ ត្រូវបរិភោគរួមតុជាមួយមនុស្សពីរបីនាក់ដែលលោកអ្នកតែងតែបានជួបជាប្រចាំបានហើយ ដោយជៀសវាងបរិភោគនៅក្នុងការជួបជុំមនុស្សច្រើន។ គ្រប់ពេលបើអាចធ្វើទៅបាន ត្រូវរក្សាគម្លាតឱ្យបានយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា ទាំងនៅកន្លែងធ្វើការ នៅវត្តអារាម នៅ ការិយាល័យ និងកន្លែងដទៃទៀត។ យើងត្រូវជៀសវាងកុំទៅកន្លែងមានមនុស្សនៅជិតៗគ្នាជា កន្លែងដែលគេដឹងថាវីរុសឆ្លងងាយស្រួល ដូចជានៅតាមក្លឹបរាត្រី កាស៊ីណូ និងកន្លែងកម្សាន្តផ្សេងៗទៀត។

គេក៏សង្កេតឃើញផងដែរថា មនុស្សភាគច្រើនដឹងពីអ្វីដែលត្រូវធ្វើ និងកន្លែងដែលត្រូវស្វែងរកព័ត៌មានដែលអាចទុកចិត្តបានក្នុងករណីមានជំងឺ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួន សូមនៅផ្ទះ ហើយមិនត្រូវធ្វើដំណើរទេ។ ប្រសិនបើអ្នកឈឺ ហើយជាពិសេសបើអ្នកមានគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម អ្នកត្រូវស្វែងរកជំនួយពីគ្រូពេទ្យមុនពេលស្ថានភាពជំងឺទៅជាធ្ងន់ធ្ងរ។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានឆាប់ អាចជួយសង្គ្រោះជីវិត និងការពារមិនឱ្យវីរុសឆ្លងរាលដាលបន្ត។

ពេលខ្លះយើងមានអារម្មណ៍ថាគេហាក់ដូចជាទាមទារពីយើងច្រើនពេក។ លោកសី្រ វេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា “ខ្ញុំយល់ពីមូលហេតុដែលបងប្អូនយើងជាច្រើនចង់ចេញទៅក្រៅ។ មនុស្សត្រូវការចំណូល។ យើងទាំងអស់គ្នាចង់ស្រូបខ្យល់អាកាសបរិសុទ្ធ ដើរជុំវិញ បរិភោគអាហារ និងទទួលទានភេសជ្ជៈនៅខាងក្រៅ និងទៅជួបមិត្តភក្តិ។ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដែលករណីឆ្លងថ្មីនៅតែបន្តកើតឡើងរាល់ថ្ងៃ។“

អង្គការសុខភាពពិភពលោក លើកទឹកចិត្តរាជរដ្ឋាភិបាល និងដៃគូ ឱ្យពង្រឹងការប្រាស្រ័យទាក់ទងអំពីហានិភ័យជាយុទ្ធសាស្ត្រដោយផ្អែកលើភស្តុតាង និងពង្រឹងអន្តរាគមន៍ដែលជម្រុញការចូលរួមរបស់សហគមន៍ ដោយប្រើវេទិកា និងវិធីចម្រុះ ដើម្បីចូលទៅដល់ និងជម្រុញការចូលរួមពីសហគមន៍ ជាពិសេសពីស្ត្រី យុវជន និងអ្នកដឹកនាំសហគមន៍ ក៏ដូចជាបុគ្គលិកសុខាភិបាល។

មានតែតាមរយៈការធ្វើការរួមគ្នា និងដោយការទទួលស្គាល់ និងទទួលយកនូវភាពស្មុគស្មាញនៃបទពិសោធន៍ និងសមត្ថភាពរួមរបស់យើងប៉ុណ្ណោះទេ ទើបយើងអាចធានាឱ្យមានពិភពលោកមួយវិលមករកភាពធម្មតាតាមបែបគន្លងថ្មីមួយ ដែលក្នុងនោះមិនមានបុគ្គលណាម្នាក់ត្រូវបានគេទុកចោលនោះទេ។

ឥឡូវនេះ វាមានសារៈសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវផ្ដោត និងចូលរួមធ្វើឱ្យអន្តរាគមន៍នានាមានប្រសិទ្ធភាពជាងមុន តាមរយៈការជម្រុញឱ្យមានការចូលរួមរបស់សហគមន៍ និងសង្គមទាំងមូលកាន់តែច្រើនជាងមុន៖

  • កាត់បន្ថយទៅកន្លែងមានមនុស្សច្រើនអ៊ូអរ កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងបិទជិតគ្មានខ្យល់ចេញចូល ហើយនិងជៀសវាងការជួបជុំ និងការធ្វើដំណើរដែលមិនចាំបាច់។ ករណីឆ្លងនៃជំងឺកូវីដ-១៩ ភាគច្រើន កើតឡើងនៅតាមកន្លែងទាំងបីប្រភេទនេះ ដូចជាកន្លែងរោងចក្រ ទីកន្លែងដែលមានមនុស្សរស់នៅច្រើន ផ្សារ ពន្ធនាគារ និងកន្លែងសេវាកម្សាន្តនានា។ វីរុស រាលដាលពីកន្លែងមួយទៅកន្លែងមួយទៀតតាមរយៈការបំលាស់ទី និងការធ្វើដំណើរ របស់មនុស្ស។
  • ផ្សព្វផ្សាយពីស្ថានភាពធម្មតាតាមបែបគន្លងថ្មីមួយ។ ការបញ្ចប់ការរឹតត្បិតចំពោះការធ្វើដំណើរ ការបន្ធូរបន្ថយនូវអន្តរាគមន៍ណាមួយ ការបើកឱ្យដំណើរការអាជីវកម្មនានាឡើងវិញ មិនមានន័យថាជាការត្រលប់មករកស្ថានភាពប្រក្រតីដូចដើមវិញនោះទេ។ យើងគួរតែធ្វើសេចក្តីសម្រេចចិត្តដោយឆ្លាតវៃក្នុងការជ្រើសរើស “ជីវភាពធម្មតាតាមបែបគន្លងថ្មីមួយ” ជាពិសេសរក្សាបាននូវតុល្យភាពរវាងសុខភាព និងសេដ្ឋកិច្ច។ ការដាក់ចេញនូវវិធានការ កាត់បន្ថយហានិភ័យនៅតាមអាជីវកម្ម និងនៅកន្លែងធ្វើការ គឺជាវិធីសាស្ត្រ “សហផលប្រយោជន៍” និងជាជម្រើសដ៏ល្អបំផុតសម្រាប់ទ្រទ្រង់ជីវិត និងជីវភាព។
  • បង្ហាញពីភាពជាគំរូនៃបុគ្គលដែលបានជ្រើសជម្រើសរបស់ខ្លួន និងជាពលរដ្ឋល្អដែលបានគោរពតាមវិធានការដែលបានដាក់ចេញ។ វិធានការ ៣ការពារ និង៣កុំ ដែលរាជរដ្ឋាភិបាលបានណែនាំ ជាវិធានការមានប្រសិទ្ធភាពសម្រាប់បញ្ឈប់ការរាតត្បាតនៃជំងឺ ប្រសិនបើអនុវត្តប្រកបដោយប្រសិទ្ធភាព។ បើអនុវត្តដោយប្រសិទ្ធភាព អ្នកអាចការពារខ្លួនអ្នកផ្ទាល់ គ្រួសារអ្នក និងសហគមន៍យើងទាំងអស់គ្នា។
  • ទៅទទួលវ៉ាក់សាំង នៅពេលដល់វេនអ្នក។ មិនត្រូវខកខានឱកាសដែលជួយជីវិតលោកអ្នកនោះទេ។ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមធ្យោបាយដ៏មានអានុភាពមួយក្នុងការការពារ មិនឱ្យឈឺធ្ងន់ធ្ងរ កាត់បន្ថយការសម្រាកពេទ្យ និងជួយសង្គ្រោះជីវិត។ អង្គការសុខភាពពិភពលោក សូមផ្តល់អនុសាសន៍យ៉ាងមុតមាំដល់ការផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់ បុគ្គលិកសុខាភិបាល មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដទៃទៀតមុនគេ នៅដំណាក់កាលដំបូងនៅពេលដែលចំនួនវ៉ាក់សាំងមានកម្រិត។ ទោះជាយ៉ាងណាក៏ដោយ វ៉ាក់សាំងតែមួយមុខ មិនអាចបញ្ចប់ការរាតត្បាតបានទេ ហើយយើងត្រូវតែបន្តអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមដទៃទៀតប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង