ខ្មែរប៉ុស្ដិ៍ Close

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្ទឹងត្រែងសាងសង់បាន ៩០% ហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34

ក្រុមការងារស្ថានីយទឹកស្អាតទីប្រជុំជនខេត្តស្ទឹងត្រែង កំពុងពន្លឿនដាក់ប្រព័ន្ធទុយោមេ ដើម្បីឈានទៅផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋនៅចុងឆ្នាំ២០២១ ព្រោះទីតាំងស្ថានីយទាំងមូលសាងសង់បាន៩០%ហើយ ។

ក្នុងសកម្មភាពតប្រព័ន្ធទុយោមេ ស្ថានីយទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី ៩ មិថុនា ឆ្នាំ២០២១នេះ លោក សន ចន្ធី អនុប្រធានគម្រោង ផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា៖នេះជាស្ថានីយទឹកស្អាតដ៏ធំទីមួយ ដែលបានសាងសង់ឡើង នៅលើផ្ទៃដីជាង១៧.០០០ ម៉ែត្រការ៉េ មានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង ហើយអាចគ្របដណ្តប់និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទូទាំងខេត្តស្ទឹងត្រែងប្រើប្រាស់បាន ព្រោះទីតាំងស្ថានីយនេះមានរយៈកម្ពស់រហូតទៅដល់ ៥៥ម៉ែត្រ។

លោកបន្តថា ក្រុមការងារបានពន្លឿនការកប់ទុយោមេឱ្យបានរួចរាល់នៅចុងឆ្នាំ២០២១ ដោយបច្ចុប្បន្នសម្រេចបាន៣៥%ហើយ ដើម្បីត្រៀមបើកដំណើរការឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងបានប្រើប្រាស់មុនគេ ទើបបោះជំហានទៅតាមបណ្តាស្រុកបន្ថែមទៀត តាមគម្រោង ដែលបានរៀបចំរួចមកហើយនោះ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានសាទរជាមួយនិងការយកចិត្តទុក ដាក់របស់ក្រុមហ៊ុន ព្រោះបច្ចុប្បន្នប្រជាពលរដ្ខ នៅក្នុងក្រុងតិចតួចតែប៉ុណ្ណោះដែលទទួលបានទឹកស្អាតប្រើប្រាស់ពីស្ថានីយចាស់។

លោកអភិបាលក្រុងស្នើឱ្យអាជ្ញាធរនៅតាមសង្កាត់នីមួយៗជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យនាំគ្នាទទួលនិងប្រើប្រាស់ទឹកស្អាត នៃស្ថានីយថ្មី ដើម្បីលើកកម្ពស់សុខភាពឱ្យបានប្រសើរឡើងក្នុងពេលខាងមុខដ៏ឆាប់នេះ។

គួររំលឹកថា៖តាមផែនការរបស់រាជរដ្ឋាភិបាល ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងត្រូវទទួលបានសេវាទឹកស្អាត ប្រើប្រាស់ គ្រប់ក្រុមគ្រួសារ។

សួមបញ្ជាក់ថា ស្ថានីយទឹកស្អាតទីប្រជុំជននៅខេត្តស្ទឹងត្រែងមានការវិនិយោគពីផ្នែកដៃគូ ដែលបានប្រើប្រាស់ហិរញ្ញប្បទាន ឥណទានរបស់ធនាគាអភិវឌ្ឍអាស៊ីហៅកាត់ថា ADB៕

អត្ថបទទាក់ទង