ខ្មែរប៉ុស្ដិ៍ Close

កសិករខេត្តត្បូងឃ្មុំកំពុងមមាញឹកដាំបន្លែសុវត្ថិភាពតាមបច្ចេកទេសកសិកម្មទំនើប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 176
កសិករខេត្តត្បូងឃ្មុំកំពុងមមាញឹកដាំបន្លែសុវត្ថិភាពតាមបច្ចេកទេសកសិកម្មទំនើប កសិករខេត្តត្បូងឃ្មុំកំពុងមមាញឹកដាំបន្លែសុវត្ថិភាពតាមបច្ចេកទេសកសិកម្មទំនើប

មន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំបានឱ្យដឹងថា ប្រជាំកសិករនៅក្នុងខេត្តនេះកំពុងមមាញឹកដាំបន្លែសុវត្ថិភាពតាមបច្ចេកទេសកសិកម្មទំនើប ក្នុងអំឡុងរដូវវស្សានេះដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ចំណាយទុនតិចហើយអាចលក់បានថ្លៃ។

លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងរដូវវស្សានេះ កសិករខេត្តត្បូងឃ្មុំ បានបង្កើតជាសហគមន៍ដាំបន្លែ និងចែកជាក្រុម ទៅតាមការបញ្ជាទិញពីឈ្មួញ ដើម្បីងាយស្រួលឆ្លើយតប នឹងតម្រូវការទីផ្សារ រក្សាបានតម្លៃល្អ និងកុំឱ្យសល់ជន់ជោរចោលខណៈដែលបច្ចុប្បន្នកុំពុងមានទឹកគ្រប់គ្រាន់ក្នុងការដាំដំណាំ។

លោកបញ្ជាក់ថា ភាគច្រើនប្រជាកសិករបានដាំដុះតាមគោលការណ៍បច្ចេកទេសកសិកម្មទំនើប ដោយមានផ្ទះសំណាញ់សុវត្ថិភាព ប្រព័ន្ធដំណក់ទឹក និងការប្រើប្រាស់ជីទៅតាមគោលការណ៍ ដើម្បីធានាឱ្យដំណាំមានសុវត្ថិភាពទាំងអ្នកបរិភោគ និងអ្នកដាំដុះ។

លោកបញ្ជាក់ថា ការដំាដំណាំតាម បច្ចេកទេសទំនើបនារដូវវស្សានេះ នឹងជួយឱ្យដំណាំរបស់កសិករអាចទទួលបានទិន្នផលខ្ពស់ ដោយមិនខូចរលួយ ដោយសារទឹកភ្លៀង ជោគជាំឡើយ។

“ទាក់ទងនៅកន្លែងនេះប្រជាកសិករត្រូវមានការឆ្លាតវៃខ្លួនឯងបានន័យថា បន្លែនៅស្រុកខ្លះដូចជានៅស្រុកដែលជាប់ដងទន្លេគឺខែ៧ទៅខែ៨គឺត្រូវរងទឹកជំនន់ទន្លេមេគង្គមកហើយអ៊ីចឹងមិនអាចដាំបន្លែទេអ៊ីចឹងគាត់មិនអាចដាំបានទេ អ៊ីចឹងអ្នកដែលអាចមានដីហើយដាំបានពេញមួយឆ្នាំយកឱកាសហ្នឹង ទៅពង្រីកការដាំដុះរបស់គាត់ដោយផ្ដើមមានផែនការត្រឹមត្រូវ ផែនការត្រឹមត្រូវហ្នឹង គឺផែនការដាំដុះនិងផែនការភ្ជាប់ទៅទីផ្សារ គឺត្រូវរៀបចំដាំយ៉ាងម៉េចឱ្យបានពេញមួយឆ្នាំ”។

លោកប្រធានបានបញ្ជាក់ថា សម្រាប់តំបន់ដែលមិនជាប់ដងទន្លេ ដែលអាចដាំបន្លែបានពេញមួយឆ្នាំមានដូចជា៖ ស្ពៃតឿ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងសាឡាត់ដែលជាប្រភេទបន្លែស្លឹក។ ក្នុងឆ្នាំ២០២១នេះ ខេត្តត្បូងឃ្មុំគ្រោងដាំបន្លែទូទាំង ក្រុង/ស្រុកទាំង៧នៅក្នុងខេត្ត តាមផែនការ គឺលើទំហំផ្ទៃដី ១១៥០ហិកតា ខណៈដែលបច្ចុប្បន្នកំពុងដាំបានជាង៣០០ហិកតាហើយ៕

អត្ថបទទាក់ទង