ខ្មែរប៉ុស្ដិ៍ Close

ពិធីបើកផ្សារណាត់បន្លែសុវត្ថិភាព និង ផលិតផលសុវត្ថិភាព នៅខេត្តសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 19
ពិធីបើកផ្សារណាត់បន្លែសុវត្ថិភាព និង ផលិតផលសុវត្ថិភាព នៅខេត្តសៀមរាប ពិធីបើកផ្សារណាត់បន្លែសុវត្ថិភាព និង ផលិតផលសុវត្ថិភាព នៅខេត្តសៀមរាប

មន្ទីរកិសកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានរៀបចំបើកផ្សារណាត់បន្លែសុវត្ថិភាពនិងផលិតផលសុវត្ថិភាព ដែលបានធ្វើឡើងនៅសួនច្បារមហាសណ្ឋាគារអង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត តំណាងអង្គការជាតិ និងអន្តរជាតិ តំណាងក្រុមហ៊ុន និង បងប្អូនប្រជាកសិករដាំដុះ សរុបចំនួនជាង៥០០នាក់ចូលរួម ។

តាមរបាយការណ៍របស់លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តថា ៖ស្រុក គោលដៅចំនួន៦ និងចែកជា២ផ្នែក ផ្នែកទី១ (បន្លែ) ចំនួន៤ស្រុក បានអនុវត្តសកម្មភាពផ្តោតទៅលើការផលិតបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ចូលទីផ្សារ និង ផ្នែកទី២(ស្រូវ) បានផ្តោតទៅលើផលិតកម្មស្រូវពូជ-ស្រូវចំណី ។ តាមការសិក្សាពីតម្រូវការទីផ្សារបន្លែ (ផ្សារសាមគ្គី) ក្នុងខេត្តសៀមរាបឃើញថា ៖ បន្លែជាតម្រូវការប្រចាំថ្ងៃមានមានពី ៣០ ទៅ៤០ មុខបន្លែ ក្នុងបរិមាណពី ៣៥ ទៅ ៤០ តោន ក្នុងមួយថ្ងៃ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ការបើកផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវកសិផល ដែលប្រជាកសិករផលិតបាន ប្រកបដោយសុវត្ថិភាពអនាម័យល្អ តាមស្តង់ដារ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខុមាភាពអ្នកបរិភោគឡើយ ។ ម្យ៉ាងវិញទៀតការរៀបចំឲ្យមានផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាពេលនេះ គឺ ជាការជួបជុំគ្នា រវាង ផលិតករ ដៃគូរអភិវឌ្ឍន៍ អ្នកពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងការផ្លាស់ប្តូរ បទពិសោធន៍ មតិយោបល់នានា រួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតមានឡើងកន្លងមកសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងកត្តាប្រឈមនានា ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូនានា ដើម្បីស្វែងរកទីផ្សារកសិផល ពង្រឹងគុណភាពទំនិញកសិកម្ម ព្រមទាំងវិធានការបង្ការគ្រោះមហន្តរាយ នៃជម្ងឺសត្វ ដំណាំស្រូវ ដំណាំរួមផ្សំ និងយន្តការដទៃទៀត ។ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលមុខជំនាញបច្ចេកទេសថ្មីៗ ដល់កសិករ ផលិតករ ពីការជ្រើសរើសពូជ ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសតាមស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ ដោយខេត្តសៀមរាបជាតំបន់ទេសចរណ៍ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា វិស័យកសិកម្មជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា ។ វិស័យនេះមានតួនាទីសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រធានាឲ្យមានសន្តិសុខស្បៀងថ្នាក់ជាតិ និង ការបង្កើនសុវត្ថិភាពចំណីអាហារ ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការបើកផ្សារណាត់បន្លែសុវត្ថិភាពនិងផលិតផលសុវត្ថិភាពខេត្តសៀមរាបជាផ្សារទី៧ហើយ ក្នុងចំណោមរាជធានីខេត្តទូទាំងប្រទេស ។ បច្ចុប្បន្នក្រសួងបាននិងកំពុងកសាងគោលនយោបាយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ ។ ចក្ខុវិស័យកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ណ្ណ ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តម វេង សាខុន បានបន្តទៀតថា ដើម្បីធានាឲ្យមានទីផ្សារតម្លៃកសិផលសម្រាប់កសិករ ក្នុងរយៈពេលវែង ក៍ដូជជាធានាបាននូវផលប្រយោជន៍សម្រាប់កសិករ និងលើកទឹកចិត្តដល់កសិករជាអ្នកផលិត និង លើកស្ទួយផលិតផលកសិកម្មរបស់ជាតិ គួរត្រូវបានពិនិត្យពិចារណាលើការកែលំអរចនាសម្ព័ន្ឋខ្សែក្រវ៉ាត់ផលិតកម្មបន្លែ លំហូរការផ្គត់ផ្គង់ផលិតផលបន្លែ មធ្យោបាយដឹកជញ្ជូន ព្រមទាំងមធ្យោបាយត្រួតពិនិត្យ តាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ(GAP)ដែលបានណែនាំឲ្យកសិករអនុវត្តកន្លងមក ។ ឯកឧត្តម រដ្ឋមន្ត្រីក៍បានស្នើឲ្យកសិករនិងអ្នកប្រើប្រាស់ថ្នាំពុលគីមី ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ ។

ឯកឧត្តមបញ្ជាក់ថា ថ្នាំពុលគីមី គឺជាអាវុធមុខពីរ បើយើងប្រើប្រាស់វាបានត្រឹមត្រូវនោះវានឹងផ្តល់ប្រយោជន៍ល្អដល់យើង ។ ផ្ទុយទៅវិញបើយើងប្រើប្រាស់មិនបានត្រឹមត្រូវនោះ វានឹងផ្តល់ផលអវិជ្ជមានជាច្រើន ដូចជាខាតបង់ថវិកា ប៉ះពាល់សុខភាពមនុស្ស សត្វ និងបរិស្ថានជាដើមផង ។ ដូច្នេះក្នុងការប្រើប្រាស់ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍សុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ ដោយត្រូវពិភាក្សាជាមួយអ្នកបច្ចេកទេស ដើម្បីប្រើប្រាស់ឲ្យបានចំទិសដៅ និងត្រូវអនុវត្តគោលការណ៍គ្រប់គ្រងជីវជាតិដីឲ្យបានត្រឹមត្រូវ ដើម្បីរក្សានូវនិរន្តរភាពផលិតកម្មកសិកម្មនិងរក្សាបាននូវតុល្យភាពប្រព័ន្ឋបរិស្ថាន ៕