ខ្មែរប៉ុស្ដិ៍ Close

លោក ចូ បៃឌិន មិនបានផ្តល់ភាពកក់ក្តៅផ្នែកការទូតដល់អាស៊ាននោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 40
លោក ចូ បៃឌិន មិនបានផ្តល់ភាពកក់ក្តៅផ្នែកការទូតដល់អាស៊ាននោះទេ លោក ចូ បៃឌិន

បើទោះបីជាបានចាត់ទុកអាស៊ានជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់ខ្លួនក៏ដោយ ក៏លោក ចូ បៃឌិន បាននិងកំពុងបង្កើនកាប្រកួតប្រជែងនៅក្នុងការកសាងទំនាក់ទំនងជាមួយអាស៊ានដើម្បីរារាំងមហិច្ឆតារបស់ចិន។

ខណៈដែលមន្ត្រីកំពូលៗរបស់លោក បៃឌិន បានរៀបចំកិច្ចប្រជុំជាច្រើនជា មួយមហាអំណាចនៅអឺរ៉ុប មជ្ឈឹមបូព៌ា និងឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងប៉ុន្មានខែកន្លងមកនេះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ភាគច្រើនត្រូវបានទុកឱ្យនៅរងារឯកោរ។

នៅក្នុងឯកសារ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិកនៅខែមីនា រដ្ឋបាលរបស់លោក បៃឌិន មិនបាន លើកឡើងអំពីប្រទេសថៃ និងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់អាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នោះទេ។

ជាងនេះទៅទៀត ភាពរអាក់រអួលផ្នែកបច្ចេកទេសដែលធ្វើឱ្យលោក Blinken មិនអាចបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណេតមួយរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងសមភាគីអាស៊ានកាលពីចុងខែ ឧសភាកន្លងទៅនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកកាទូតអាស៊ាន និងជាហេតុធ្វើឱ្យពួកគេយល់ថា «រដ្ឋបាលរបស់លោក បៃឌិន បានព្រងើយកន្តើយនឹងតំបន់ដ៏សំខាន់មួយនេះ ខណៈ ដែលតំបន់នេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាអំណាចផ្សេងទៀត ជាពិសេសចិន»។

រដ្ឋមន្ត្រីអាស៊ានក៏គ្រោងនឹងជួបផ្ទាល់ជាមួយមន្ត្រីការទូតកំពូលរបស់ចិននៅខែនេះផងដែេ គឺលោក វ៉ាងយី។ ដើម្បីប៉ះប៉ូវបញ្ហានេះ សហរដ្ឋអាមេរិកក៏បានបញ្ចូនឧបការីរងក្រសួងការបរទេស គឺលោកស្រី Wendy Sherman ឱ្យមកចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា, ថៃ និងឥណ្ឌូណេស៊ីនៅសប្តាហ៍នេះ។

ទន្ទឹមនឹងនេះដែរ លោក បៃឌិន បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការចូលរួមដោយផ្ទាល់នៅកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសប្រ៊ុយណេ ខណៈពេលដែលកំពុងកើតមានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងទំនាក់ទំនងផ្នែកយោធា និងយុទ្ធសាស្ត្រជាមួយនឹងសម្ព័ន្ធមិត្តដ៏យូរលង់របស់អាមេរិក ដូចជាហ្វីលីពីនជាដើម។

ភាពមិនទុកចិត្តរបស់អាស៊ានលើការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់បានកើតមានជាយូរណាស់មកហើយ។ រដ្ឋបាលរបស់លោក George W Bush ក៏មិនសូវបានខ្វល់នឹងតំបន់អាស៊ាននោះដែរ ដោយភាគច្រើន លោកបានផ្តោតតែ ទៅលើយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងសង្គ្រាមនៅមជ្ឈឹមបូព៌ា និងការកសាងទំនាក់ទំនងល្អូកល្អើនជាមួយចិននិងឥណ្ឌា។

ហើយកាលពីពេលថ្មីៗនេះ លោក Donald Trump ក៏មិនបានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានចំនួន ២ ឆ្នាំជាប់ៗគ្នាផងដែរខណៈដែលប្រទេសមហាអំណាចដែលជាគូប្រជែងរបស់អាមេរិក ដូចជាចិននិងរុស្ស៊ីបានរក្សាវត្តមានកម្រិតខ្ពស់របស់ពួកគេនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ទាំងនេះ។

នៅមុនពេលលោក បៃឌិន ជាប់ឆ្នោត មនុស្សមួយចំនួនបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាសមាជិកអាស៊ាន។ នៅក្នុងការស្ទង់មតិប្រចាំឆ្នាំស្តីពីគំនិតរបស់អ្នកធ្វើគោល នយោបាយនិងមេដឹកនាំតំបន់ វិទ្យាស្ថាន ISEAS Yusof-Ishak បានរកឃើញថា «មនុស្ស ៦១,៥% ចង់បានទំនាក់ទំនងកាន់តែរឹងមាំជាមួយរដ្ឋបាលអាមេរិកដែលដឹកនាំដោយគណក្សប្រជាធិបតេយ្យជាជាងជាមួយចិន»។

របាយការណ៍ដដែលនោះក៏បានឱ្យដឹងទៀតថា «ការគាំទ្ររបស់តំបន់ចំពោះសហរដ្ឋអាមេរិក ក៏អាចមានការកើនឡើងផងដែរ ដោយសារតែ ទស្សនវិស័យរបស់រដ្ឋបាលថ្មីរបស់លោក បៃឌិន និងខណៈពេលដែលភាពមន្ទិលសង្ស័យលើការងើបឡើងរបស់ចិនមានការកើនឡើងកាន់តែខ្លាំងនៅក្នុងតំបន់»។

មូលហេតុមួយដែលធ្វើឱ្យតំបន់នេះមានសុទិដ្ឋិនិយមនោះ គឺការវិលត្រឡប់មក វិញរបស់មន្ត្រីកំពូលៗនៃរដ្ឋបាលរបស់លោក អូបាម៉ា បូករួមទាំងលោក បៃឌិន ខ្លួនឯងផងដែរ ហើយទាំងលោក Blinken និងលោកស្រី Sherman ក៏ធ្លាប់បានកាន់តំណែងជាន់ខ្ពស់នៅ កនុងក្រសួងការបរទេស នៅក្រោមរដ្ឋបាលរបស់លោក អូបាម៉ា ផងដែរ។

បើទោះបីជាមានភាពមន្ទិលខ្លាំងលើការប្តេជ្ញាចិត្តរបស់រដ្ឋបាលរបស់លោក អូបាម៉ា ក្នុងការទប់ស្កាត់សកម្មភាពវាទីនិយមរបស់ចិនក៏ដោយ ក៏អតីតប្រធានាធិបតីរូបនេះពិតជាបានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អជាមួយអាស៊ាន។

នៅក្រោមការគ្រប់គ្រងរបស់លោក អូបាម៉ា សហរដ្ឋអាមេរិកបានបង្កើតឱ្យមានបេសកម្មអចិន្ត្រៃយ៍ដំបូងរបស់ខ្លួនទៅកាន់អាស៊ាន បង្កើនទំនាក់ទំនងជាមួយប្រទេសវៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា លើកកម្ពស់តួនាទីរបស់ឥណ្ឌូណេស៊ី នៅក្នុងស្ថាប័នអន្តរជាតិ ដូចជា G20, បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន និងបានបង្កើតគម្រោងសំខាន់ៗថ្នាក់តំបន់ជាច្រើន បូករួមទាំងការផ្តើមគំនិតស្តីពីទន្លេមេគង្គក្រោម ដើម្បីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

តាមរយៈកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកដែលអាមេរិកបានស្នើឡើង រដ្ឋបាលរបស់លោក អូបាម៉ា ក៏បានស្វះស្វែងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ដែលរួមមានសិង្ហបុរី ប្រ៊ុយណេ ម៉ាឡេស៊ី ក៏ដូចជាហ្វីលីពីន ថៃ និងឥណ្ឌូណេស៊ី ផងដែរ។

លោក អូបាម៉ា ក៏ជាប្រធានាធិបតីអាមេរិកមួយរូបដែលបានធ្វើដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ច្រើនជាងបណ្តាប្រធានាធិបតីអាមេរិកមុនៗរបស់លោកផងដែរ។ នៅចុងអាណត្តិរបស់លោក លោក អូបាម៉ា ថែមទាំងបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយជាមួយបណ្តាមេដឹកនាំអាស៊ាននៅរដ្ឋ California ដែលសកម្មភាពនេះបានបង្ហាញអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងភាគីទាំង ២។

មូលហេតុទី ២ ដែលធ្វើឱ្យតំបន់នេះមានសុទិដ្ឋិនិយម គឺការបង្ហាញការផ្តោតរបស់រដ្ឋបាលរបស់លោក បៃឌិន មកលើតំបន់អាស៊ី ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើនសម្ព័ន្ធភាពជាមួយបណ្តាប្រទេសដែលមានចិត្តគំនិតដូចគ្នាដើម្បីទប់ទល់នឹងការកើនឡើងរបស់ចិន។

ជាទីដែលពោរពេញទៅដោយការប្រកួតប្រជែងអំណាចយ៉ាងខ្លាំងក្លា និងជាទីដែលអាមេរិកមានដៃគូយោធាជាច្រើនផងនោះ តំបន់អាស៊ីអាគ្នេយ៍អាចនឹងក្លាយជាចំណុចអាទិភាពជាស្វ័យប្រវត្តិមួយសម្រាប់លោក ចូ បៃឌិន។

ប៉ុន្តែ រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូតទ្វេភាគីមិនបានកើតមានដូចការរំពឹងទុកទាំងនេះនៅឡើយទេ បើទោះបីជារដ្ឋបាលរបស់លោក បៃឌិន បានព្យាយាមបង្កើនទំនាក់ទំនងជាមួយបណ្តាដៃគូអាស៊ានតាំងពីដំណាក់កាលដំបូងក៏ដោយ។

លោក Blinken បានជួបពិភាក្សាទ្វេភាគីជាមួយប្រទេសចំនួន ៧ ដែលជាសមាជិកអាស៊ាន ហើយក្រោយមកលោក បៃឌិន ក៏បានអញ្ជើញមេដឹកនាំអាស៊ានចំនួន ៣ រូប ឱ្យចូលរួមក្នុងទិវាភពផែនដី ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកក៏គ្រោងចូលរួមក្នុងកិច្ចប្រជុំសន្តិសុខ «Shangri-La» ផងដែរ ដែលគ្រោងធ្វើនៅសិង្ហបុរី ក៏ប៉ុន្តែត្រូវបានរំសាយវិញ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ក៏បានជួបប្រជុំតាមប្រព័ន្ធអនឡាញជាមួយអគ្គរដ្ឋទូតអាស៊ានផងដែរ។

ប៉ុន្តែ ជាទូទៅ រដ្ឋបាលរបស់លោក បៃឌិន ហាក់ដូចជាកំពុងជាប់រវល់ខ្លាំងជាមួយសម្ព័ន្ធមិត្ត ក៏ដូចជាវិបត្តិនៅអឺរ៉ុប មជ្ឈឹមបូព៌ា និងបានផ្តោតតែទៅលើការបង្កើនទំនាក់ទំនងជាមួយជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌាប៉ុណ្ណោះ។

បញ្ហាទាំងនេះបានធ្វើឱ្យបណ្តាប្រទេសក្នុងតំបន់យល់ថា «អាមេរិកមានបំណង ចង់បង្កើតឱ្យមាន NATO នៅក្នុងតំបន់អាស៊ី» បើទោះបីជាវាអាចបង្កផលប៉ះពាល់ដល់មជ្ឈភាពអាស៊ានក៏ដោយ។

សម្រាប់អាមេរិក ជម្លោះការទូតជាមួយមេដឹកនាំផ្តាច់ការនៅ ក្នុងបណ្តាប្រទេសសម្ព័ន្ធមិត្ត ដូចជាហ្វីលីពីន និងថៃដែលបានងាកកាន់តែជិតចិនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗ នេះ បានបង្កនូវភាពស្មុគស្មាញកាន់តែខ្លាំង បន្ថែមពីលើបញ្ហាជាច្រើនដទៃទៀត។

ដោយមានការខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្ស ប្រធានធិបតីហ្វីលីពីនមិនទាន់បានស្តារឡើងវិញនូវកិច្ចព្រមព្រៀងកងកម្លាំងផ្លាស់វេនអាមេរិក-ហ្វីលីពីននៅឡើយនោះទេ ដែលនេះគឺជាកិច្ចព្រមព្រៀងយោធា ដ៏សំខាន់មួយ និងជាគ្រឹះនៃការបង្ហាញកម្លាំងរបស់អាមេរិកនៅដែនទឹកជាប់ប្រទេសចិន បូករួមទាំងនៅសមុទ្រចិនខាងត្បូង។

អាមេរិកក៏អាចមានការខកចិត្តខ្លាំងផងដែរ ជាមួយនឹងការឆ្លើយតបដ៏តិចតួចរបស់អាស៊ានពាក់ព័ន្ធនឹងវិបត្តិមនុស្សធម៌ និងនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសគឺការដែលអាស៊ានបានទទួលស្គាល់ការទូតនៃរបបសឹកមីយ៉ាន់ម៉ា និងការដែលអាស៊ានមិនបានចាត់វិធានការម៉ឺងម៉ាត់លើរបបសឹក បន្ទាប់ពីពេលកើតមានរដ្ឋប្រហារកាលពីខែកុម្ភៈ។

ដោយចង់លុបបំបាត់ការរិះគន់នានា ពាក់ព័ន្ធនឹងកិច្ចការការទូតអាស៊ានរបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បានឱ្យដឹងថា «រដ្ឋបាលថ្មីបានប្តេជ្ញា ចំពោះមជ្ឈភាពអាស៊ាន និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងផែនការស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ខណៈដែលអ្នកនាំពាក្យក្រសួងសន្តិសុខជាតិអាមេរិកក៏បាន បញ្ជាក់ដដែលៗដែរថា «រដ្ឋបាលរបស់លោក Biden បានប្តេជ្ញាបង្កើនការចូលរួមរបស់អាមេរិកជាមួយអាស៊ាន»។

ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់នេះ លោកស្រី Wendy Sherman មានភារកិច្ចដ៏សំខាន់មួយ ដែលនោះគឺការបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិកនៅក្នុងតំបន់ បូករួមនឹងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាកង្វល់ផ្នែកសន្តិសុខតំបន់ ដែលរាប់ចាប់ពីបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា រហូតដល់អំពើវាទីនិយមរបស់ចិន។

ដោយសារតែភាពរស៊ើបផ្នែកភូមិសាស្ត្រនយោបាយរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដំណើរបំពេញទស្សនកិច្ចជាច្រើនទៀតរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់តំបន់នេះ អាចនឹងកើតមានដូចកាលពីជំនាន់ របស់លោក អូបាម៉ា ៕ Asia Times

អត្ថបទទាក់ទង