ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង ៩៨ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង ៩៨ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង ៩៨ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

ក្រសួងសាធារណការ បានឱ្យដឹងថា គិតរហូតមក ទល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង៩៨ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ដែលជំរុញដល់កំណើនសេដ្ឋកិច្ច ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារបំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ។ ដោយឡែក ស្ពានអាកាសថ្មើរជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នារគ្រោងនឹងបញ្ចប់ការងារទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៣នេះ ត្រូវបានសាងសង់ឡើងដោយបានគិតគូរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ។

ផ្លូវនេះ ក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយមួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង និងមានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សងខាងផ្លូវ។ លើសពីនេះ ក៏មានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លើសពីនេះទៀត លោកបានបញ្ជាក់ថា ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មានការបំពាក់កាមេរ៉ាល្បឿនចំនួន១៤គ្រឿងផងដែរតាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ បេតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ  – បែកគូស ប្រវែង ៦៩គីឡូម៉ែត្រ (ត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស – ក្រុងកំពត ប្រវែង ៦៥គីឡូ ម៉ែត្រ (ពង្រីកជា២គន្លង ដោយ១គន្លងទៅ ១គន្លងមក)។

សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត មានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្របានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ កាលពីខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង