ខ្មែរប៉ុស្ដិ៍ Close

លោក វេង សាខុន ៖​ កម្ពុជាប្រមូលផលទុរេនបានប្រមាណ ៣៦ ៦៥៦ តោន ក្នុង១ឆ្នាំ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
លោក វេង សាខុន ៖​ កម្ពុជាប្រមូលផលទុរេនបានប្រមាណ ៣៦ ៦៥៦ តោន ក្នុង១ឆ្នាំ ទុរេន

បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ហើយដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោកវេង សាខុន រដ្ឋមន្ត្រីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកបានបន្តថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់ មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាការកម្សាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយក ចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវឡើយ។

ទន្ទឹមនឹងនេះ ការដាំដំណាំទុរេន នៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេន ក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបាន ប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្នន៍តាមបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញ នូវគោលនយោបាយដូចតទៅ៖

  • រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស
  • បង្កើតស្ថានីយបង្កាត់ និងផលិត ពូជទុរេននិងដំណាំហូបផ្លែដែល ពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករ ដើម្បីងាយស្រួល ដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស
  • អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែសង្វាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត
  • បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេស មុន និងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារ សុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ
  • ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាម ស្ដង់ដារនិងតម្រូវការទីផ្សារ
  • លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស
  • រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង