ខ្មែរប៉ុស្ដិ៍ Close

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បដិសេធចំពោះការចោទប្រកាន់ថាបានឃាត់ខ្លួនឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុងគោលបំណងមិនល្អ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48

នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយច្រានចោលនូវការចោទប្រកាន់ដែលថា ការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន គឺក្នុងគោលបំណងមិនល្អ និងដើម្បីចង់បានប្រាក់របស់លោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាពខ្មែរប៉ុស្តិ៍ទទួលបាន។

នៅក្នុងសេចក្ដីប្រកាសនេះ កងរាជអាវុធហត្ថបានលើកឡើងថា ខ្លួនបានឃើញការផ្សព្វផ្សាយព័ត៌មាន ក្នុងបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្តាប់ចម្លើយបុគ្គលម្នាក់ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស ជាមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង  ហើយដែលកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ទទួលបានលិខិតរបស់ឈ្មោះ សិទ្ធិ កូសាំងស៊ីន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសំណូមពរឱ្យសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ជ្រាបថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំខ្លួនបុគ្គល២រូប មកអង្គភាព ដើម្បីស្តាប់ចម្លើយតាមនីតិវិធី៖ ១-ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីគយ អង្គភាពសាខាគយ និងរដ្ឋាករខេត្តកោះកុង និង២-ឈ្មោះ ប៉ុន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ។

បើតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ករណីនាំខ្លួនបុគ្គល២រូបខាងលើនេះមកអង្គភាពដើម្បីធ្វើការស្តាប់ចម្លើយ គឺបានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ដោយសារការស៊ើបង្កេតបន្ត មិនមានភាពចាំបាច់ក្នុងការឃាត់ខ្លួនបុគ្គលទាំង២រូបនោះ មន្ត្រីនគរបាលយុត្តិធម៌ ក៏បានសុំគោលការណ៍ដឹកនាំពី លោកព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំង២រូបនោះ វិលត្រឡប់ទៅលំនៅឋានវិញដោយធ្វើកិច្ចសន្យា៕

អត្ថបទទាក់ទង