ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអាចធ្វើដំណើរទៅខេត្តបាន ហើយអ្នកខេត្តអាចចូលមកភ្នំពេញវិញបានដែរ ប៉ុន្តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអាចធ្វើដំណើរទៅខេត្តបាន ហើយអ្នកខេត្តអាចចូលមកភ្នំពេញវិញបានដែរ ប៉ុន្តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអាចធ្វើដំណើរទៅខេត្តបាន ហើយអ្នកខេត្តអាចចូលមកភ្នំពេញវិញបានដែរ ប៉ុន្តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ

មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នករស់នៅរាជធានីភ្នំពេញអាចធ្វើដណើរចេញទៅខេត្តបាន ហើយអ្នកខេត្តអាចចូលមកភ្នំពេញវិញបានដែរ ប៉ុន្តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរដើម្បីបង្ការការចម្លងនៃវីរុសកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅ តាមបណ្ដាខេត្ត ផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃជាកំហិតជាដើម។ ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លង រីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានារបស់រដ្ឋបាល រាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។

យើងដឹងហើយថារាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច បញ្ចប់ការបិទខ្ទប់រាជធានី-ខេត្ត ហើយបានបើកឲ្យមានការធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយរួចហើយ ពីរាជធានីភ្នំពេញទៅបណ្ដាខេត្ត អ៊ីចឹងសួរថាអ្នកចង់ទៅខេត្ត ខ្ញុំថាទៅបាន សេចក្ដីសម្រេចប្រាប់ថាទៅបាន ប៉ុន្តែពេលបងប្អូនទៅខេត្តត្រូវគោរពតាមសារាចរ២ សេចក្តីណែនាំ២របស់រាជរដ្ឋាភិបាល គឺសេចក្តីណែនាំលេខ ០២ និង លេខ០៣ ហើយត្រូវគោរពនូវវិធានអាជ្ញាធរដែនដី ដែលទីតាំងយើងទៅ។ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ហើយថា អ្នកដែលចង់ទៅលេង ខេត្តត្បូងឃ្មុំរបស់គាត់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ចេញពីភ្នំពេញឬចេញពីតំបន់ក្រហម ចឹងបើបងប្អូនប្រជាពលរដ្ឋ នៅតំបន់លឿង លោកចង់ទៅតាមបណ្ដាខេត្ត គឺត្រូវធ្វើតាមវិធានដែលមានចែងនៅក្នុងសេចក្តីណែនាំលេខ ០២និង០៣ និងគោរពទៅតាមការណែនាំរបស់ អាជ្ញាធរដែនដីនៅទីតាំងដែលបងប្អូនអញ្ជើញទៅ។

សូមជម្រាបថា តាមរយៈសេចក្ដីណែនាំថ្ងៃទី០៤ ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញចូលភូមិសាស្ដ្រ ដែលស្ថិត ក្រោមសមត្ថកិច្ចរបស់ខ្លួន។ សម្រាប់អ្នកដែលធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស់ និង ការររក្សាគម្លាតសុវត្ថិភាព ព្រមទាំងការពង្រឹងវិធានការចត្តាឡីស័កជាដើម។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗ ជាច្រើន បានប្រកាសដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជាការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត៕

អត្ថបទទាក់ទង