ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល កំណត់ខេត្តកំពង់ចាម តាកែវ និងខេត្តកំពង់ស្ពឺ ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ការកំណត់យកទីតាំងភូមិសាស្ដ្រខេត្តកំពង់ចាម, តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនេះ គឺដោយសារខេត្តទាំងបីនេះ បាននិងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានអះអាងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបថា បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕

អត្ថបទទាក់ទង