ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៨១នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៤០នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៨១នាក់ ខណៈអ្នកជំងឺចំនួន ៤០នាក់បានជាសះស្បើយ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ១៨១នាក់ មាន១៧៨នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដែលត្រូវបានរកឃើញ នៅរាជធានីភ្នំពេញ ១៤០ករណី ខេត្តស្វាយរៀង ១៤ករណី ខេត្តព្រះសីហនុ ៨ករណី ខេត្តព្រៃវែង ៦ករណី ខេត្តសៀមរាប ៤ករណី ខេត្តកណ្តាល ៣ករណី ខេត្តក្រចេះ ១ករណី ខេត្តព្រះវិហារ ១ករណី និងខេត្តតាកែវ ១ករណី។ ចំែណកឯអ្នកឆ្លងថ្មី ២នាក់ជាករណីនាំចូលពីក្រៅប្រទេស និង១នាក់ជាពលករមកពីប្រទេសថៃ។
សម្រាប់អ្នកជាសះស្បើយទាំង៤០នាក់វិញ គឺជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤១៦០នាក់, អ្នកជាសះស្បើយចំនួន ២២៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២៤០៦នាក់ និងអ្នកស្លាប់ចំនួន ៣៣នាក់៕