ខ្មែរប៉ុស្ដិ៍ Close

ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍,ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍,ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍,ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្ដោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់ លោក ឃួង ស្រង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៏សហគមន៍២០ កុម្ភៈ ២០២១ ដោយផ្តោតសំខាន់ចំពោះបងប្អូនអាជីវករ តាមបណ្តាផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។ ដូចនេះ ដើម្បីថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូនអាជីវករ ក្រុមគ្រួសារ-សាច់ញាតិប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយជំងឺឆ្លងដ៏កាចសាហាវ និងដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ (ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍,ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ។ល។) ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

 

ម្យ៉ាងទៀត ដើម្បីចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន សូមបងប្អូនអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធទាំងអស់ដែលបានបើកអាជីវកម្ម ឬ បន្តអាជីវកម្ម គិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មក ត្រូវអញ្ជើញទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមទីតាំងដែលបានកំណត់ជូន ដែលនៅជិតលំនៅឋានរបស់ខ្លួន និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត និងឯកសារបញ្ជាក់ពីអាជីវកម្ម ឬមុខរបររបស់ខ្លួន ដូចជា ប័ណ្ណកាន់កាប់តូប ប័ណ្ណអាជីវកម្ម ប័ណ្ណ័ប៉ាតង់ ប័ណ្ណការងារ ឬ លិខិតបញ្ជាក់ពីអាជ្ញាធរមូល័ដ្ឋាន ដើម្បីបង្ហាញជូនគោលដៅត្រួតពិនិត្យ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣ ការពារ និង ៣ ភ្ជុំ” របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ហើយក្រោយការយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ សូមអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវនៅក្នុងផ្ទ៖ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬបន្ទប់ ឬទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

សេចក្តីណែនាំដដែលបន្តទៀតថា ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារទាំងអស់នេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

សេចក្តីណែនាំបានបញ្ជាក់ថា រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះ៖ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ជាពិសេសទីតាំងអាជីវកម្មណា ដែលមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលខណ្ឌនីមួយៗ។

ក្នុងន័យនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ អភិបាលរដ្ឋាករផ្សារធំថ្មី គណៈកម្មការផ្សាររដ្ឋ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករអតិថិជន និងប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទទាក់ទង