ខ្មែរប៉ុស្ដិ៍ Close

ទិន្នផលស្រូវប្រាំង និងវស្សា សរុបជាង១០លានតោន​ ក្នុងឆ្នាំ ២០១៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ទិន្នផលស្រូវប្រាំង និងវស្សា សរុបជាង១០លានតោន​ ក្នុងឆ្នាំ ២០១៧ ទិន្នផលស្រូវប្រាំង និងវស្សា សរុបជាង១០លានតោន​ ក្នុងឆ្នាំ ២០១៧

ភ្នំពេញៈ សម្រាប់ប្រទេសកម្ពុជា ចំពោះការប្រមូលទិន្នផលស្រូវ ទាំងរដូវវស្សា និងរដូវប្រាំង បើគិតចាប់ពីឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០១៨នេះ បានជាង១០លានតោន ដែលចំនួននេះ បានធ្វើឲ្យស្រូវមានការកើនឡើង ប្រមាណ​៥លាន៦សែន​តោន ស្មើនឹងអង្ករ៣លាន៥សែន៦ម៉ឺនតោន ។

នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ស្ថានភាពអាកាសធាតុ បានអំណោយផលច្រើនដល់ការរីក​លូតលាស់ផលដំណាំ បណ្តាឲ្យកម្ពុជាសម្រេចបានផ្ទៃដីដាំដុះដំណាំស្រូវ ជាង៣លាន២សែនហិកតា  ដែលកើនប្រមាណ២.៨% ធៀបនឹងឆ្នាំ២០១៦ នេះបើតាមការបញ្ជាក់របស់លោក​ វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៨ នៅក្នុងពិធីបើកសន្និបាតបូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ ។

លោកបានបង្ហាញថា លើផ្ទៃដីប្រមូលផល​ប្រមាណ​៣លាន២សែន​ហិកតានេះ ក្នុងនោះស្រូវវស្សាមាន ២លាន៦៤ម៉ឺន​ហិកតា និងស្រូវរដូវប្រាំងមាន៥៥ម៉ឺន​ហិកតា ចំពោះទិន្នផលស្រូវ គិតជាមធ្យម​ទាំងប្រាំង និងវស្សា បានកើនដល់ ៣ពាន់២៩៥តោន ក្នុងមួយហិកតា។ លោកបានបន្តទៀតថា​ បើគិតលើតែទិន្នផលស្រូវ​វស្សា ទទួលបាន​ប្រមាណ៣ពាន់៥២តោន ​ក្នុងមួយហិកតា ចំណែកទិន្នផលស្រូវរដូវប្រាំង ទទួលបានជាង៤តោនកន្លះ ​ក្នុងមួយហិកតា។ ដូចនេះ ក្នុងឆ្នាំ២០១៧ បរិមាណផលស្រូវវស្សា ទទួលបានចំនួនជាង៨លាន៦សែនតោន និងបរិមាណផលស្រូវរដូវប្រាំង ទទួលបាន​២លាន៤៥ម៉ឺនតោន ។

លោកបានបញ្ជាក់ទៀតថា​ បរិមាណផលស្រូវសរុបទាំងប្រាំង និងវស្សា ដែលកម្ពុជាប្រមូលបាន ក្នុងឆ្នាំ២០១៧ កើនឡើងដល់ជាង១០លាន៥សែន​តោន ពោលគឺកើនប្រហែល៥.៦% ធៀបនឹងឆ្នាំ២០១៦។ ជាងនេះទៅទៀតលោករដ្ឋមន្រ្តីបន្តថា​ ទិន្នផលនេះ​ធ្វើឲ្យកម្ពជាមានអតិរេកស្រូវ រឺនៅសល់ស្រូវលើសតម្រូវការជាង ៥លាន៦សែនតោន គិតជាអង្ករស្មើនឹង៣លាន៥៦ម៉ឺនតោន គឺកើនប្រមាណ៨.៦% ​ធៀបនឹងឆ្នាំ២០១៦ ។

សូមបញ្ជាក់ថា បរិមាណអង្ករសរុបដែលកម្ពុជា បាននាំចេញក្នុងឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌ នៃច្រកចេញចូលតែមួយ មានចំនួន៦៣ម៉ឺន៥ពាន់៦៩៧តោន កើនឡើង១៧.៣% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះប្រភេទអង្ករក្រអូប​មានចំនួន​៦១.៧% អង្ករស គ្រប់ប្រភេទមានចំនួន២៤.៦% និងអង្ករចំហុយ មានចំនួន​ ១៣.៤% ។ ដោយឡែក​ ក្រុមហ៊ុននាំអង្ករកម្ពុជា មាន​ចំនួន៨៤ក្រុមហ៊ុន ដោយនាំចេញទៅកាន់ទិសដៅ៦៣ប្រទេស នៅលើសាកលលោក៕

 

ប្រភព៖ Campost

អត្ថបទទាក់ទង