សម្តេចតេជោ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមប្រធានបទ រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ ៩ មេសាក្រោមប្រធានបទ រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ ដើម្បីធានាឱ្យផលិតខ្មែរមាន ទីផ្សារហើយកាត់បន្ថយការនាំចូល។
សម្តេចតេជោ តាមរយៈសារលិខិតបាន មានប្រសាសន៍ថា៖
ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ ដែលបានផ្ញើសារចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ”រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ” ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធបានរួមគ្នារៀបចំនិងលើកយក ប្រធានបទដ៏ មានសារសំខាន់នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់ឱ្យបន្តជំរុញគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍនិងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំង មូលកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចតេជោបន្តថា ឆ្នាំនេះជាឆ្នាំទី៤ ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលបានរៀបចំទិវាជាតិ លើកកម្ពស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ អមជាមួយនឹងព្រឹត្តិការណ៍យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៦ របស់ក្រសួងពាណិជ្ជកម្ម។ ថ្វីត្បិតតែព្រឹត្តិការណ៍ទាំងពីរនេះ មិនអាចរៀបចំបានដោយផ្ទាល់នៅតាមទីសាធារណៈ ដើម្បីបំផុសការចូលរួមពីប្រជាជនយើងនៅក្នុងកាលៈ ទេសៈនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែសកម្មភាពនៃការរៀបចំព្រឹត្តិការណ៍ទាំងពីរនាពេលកន្លងមក បានដើរតួនាទីដ៏សំខាន់ ជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមស្រប ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស។
សម្តេចតេជោ បន្តទៀតថា៖
ក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់ប្រជាជនក្នុងក្របខ័ណ្ឌសង្គមជាតិទាំងមូល មានភាពកាន់តែល្អប្រសើរឡើង ក្រោមម្លប់នៃសុខសន្តិភាព ដោយយើងទាំងអស់គ្នាបានរួមគ្នាស្តារនិងកសាងប្រទេសនាំឆ្ពោះទៅរកការអភិវឌ្ឍ បានប្រែក្លាយខ្លួនពីប្រទេសដែលមានសេដ្ឋកិច្ចអន់ ថយនិងមានអត្រាភាពក្រីក្រខ្ពស់ក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច អត្រានៃភាពក្រីក្រធ្លាក់ទាប ដែលបាននាំកម្ពុជាចាកចេញពីចំណាត់ថ្នាក់ ប្រទេសមានចំណូលកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កំណើនទាំងនេះត្រូវបានជំរុញដោយស្ថិរភាពនយោបាយដែលជាកត្តាមិនអាចខ្វះបានក្នុងការផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុងស្រុកនិងក្រៅប្រទេសក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ព្រមទាំងជំរុញឱ្យមានការកើនឡើងនូវការប្រើប្រាស់ផលិតផលក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ៕