ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រៀមចូលរួមពិធីអកអំបុក ក្នុងឱកាសបុណ្យអុំទូក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រៀមចូលរួមពិធីអកអំបុក ក្នុងឱកាសបុណ្យអុំទូក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ត្រៀមចូលរួមពិធីអកអំបុក ក្នុងឱកាសបុណ្យអុំទូក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អំពាវនាវដល់ជនរួមជាតិឱ្យត្រៀមអាហារ អំបុក ចេកទុំ ដូងខ្ចី ដើម្បីត្រៀមអកអំបុក ក្នុងឱកាសបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់នៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់១២ វិច្ឆិកា។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី…ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”។

នៅក្នុងសារនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបានលទ្ឋផលល្អជាទីមោទនៈបំផុត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បានផ្តល់ឱកាសឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព៕

អត្ថបទទាក់ទង