ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មដែលមានទំហំទឹកប្រាក់២០០លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 23
រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មដែលមានទំហំទឹកប្រាក់២០០លានដុល្លារ រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មដែលមានទំហំទឹកប្រាក់២០០លានដុល្លារ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា ដែលមានទំហំទឹកប្រាក់២០០លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមីនានេះ បានបញ្ជាក់ថា ការបញ្ចេញគម្រោងធានាឥណទាននេះ មានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងមធ្យម, និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សម្រាប់ការកៀរគរទុនបង្វិល វិនិយោគនិងការពង្រីកអាជីវកម្ម។

គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តរភាព និងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុង ពេលនៃវិបត្តិជំងឺកូវីដ-១៩។

សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បេសកកម្មចម្បងរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺផ្តល់ការធានាឥណទានដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់អាជីវកម្មដែលមានលទ្ធ ភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។

កញ្ចប់ដំបូងនៃគម្រោង នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណ ទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអេស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា ធនាគារហ្វីលី, និងធនាគារព្រីនស៍។

គម្រោងធានាឥណទាននេះនឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា បញ្ជាក់ថា ការដាក់ឱ្យដំណើរការ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជា គឺចំពេលក្នុងការគាំទ្រដល់អាជីវកម្ម ដែលគ្រោងស្នើសុំឥណទានពី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ។ គម្រោងនេះ នឹងចូលរួមគាំទ្រដល់ គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិ បាល និងស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។

លោកស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជា តាមរយៈការចូលរួមជា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងពង្រឹងអភិបាលកិច្ចឥណទាន។

សូមបញ្ជាក់ថា អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិកម្ពុជា ដែលកាន់កាប់ភាគហ៊ុនលើសពី៥០% អាចទទួលបានការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម៕

អត្ថបទទាក់ទង