ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ត្រៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនៅតាមរោងចក្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 71
ក្រសួងការងារ ត្រៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនៅតាមរោងចក្រ ក្រសួងការងារ ត្រៀមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនៅតាមរោងចក្រ

ក្រសួងការងារ បានស្នើឱ្យប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវរៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រ ១រូប ក្នុង១រោងចក្រ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីការពារសុខភាពជូនបងប្អូនកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍របស់រោងចក្រ ពីការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ ក្នុងន័យនេះ សូមម្ចាស់ ឬនាយករោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន១រូប ក្នុង១រោងចក្រ តាមទម្រង់ដូចមានក្នុងឧបសម្ព័ន្ធជូនភ្ជាប់មកជាមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រួចបញ្ជូនមកក្រសួងឱ្យបានមុនថ្ងៃទី២៦ខែមីនាឆ្នាំ២០២១។

ជាមួយគា្ននេះ សូមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជួយសម្របសម្រួលណែនាំដល់ម្ចាស់ ឬនាយករោងចក្រ ដោយ ត្រូវធានាផ្តល់ប្រាក់ឧបត្ថម្ភជូនដល់គ្រូពេទ្យប្រចាំនៅរោងចក្រ ដែលត្រូវចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នោះ, ត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់ការចាក់វ៉ាក់សាំង និងធានាថាកម្មករនិយោជិតដែលបានចុះឈ្មោះក្នុងបញ្ជីស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យមកចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទកំណត់, ត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់កម្មករនិយោជិតសម្រាក និងតាមដានសុខភាពរយៈពេល ៣០នាទី ក្រោយពេលចាក់វ៉ាក់សាំងរួច, ចាត់ចែងឱ្យមានរដ្ឋបាលរោងចក្រ១រូប ឬ ១ក្រុម សម្រាប់សហការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងមួយលើកៗ , ណែនាំ និងរំលឹកកម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងឱ្យមកទទួលការចាក់វ៉ាក់សាំងទាំង២លើក តាមកាលបរិច្ឆេទ និងទីកន្លែងកំណត់ជាកំហិត ព្រមទាំង អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ៕

អត្ថបទទាក់ទង