ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 25
វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ

នៅក្នុងសារសំឡេងពិសេសមួយ នាយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ក៏នឹងមានវ៉ាក់សាំង Sinovac ១លាន៥សែនដូសមកដល់ ខណៈវ៉ាក់សាំងSinopharm និង AstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ។

សម្តេចតេជោ បានបន្តថា កម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឱ្យការងារ ការងារចាក់វ៉ាក់សាំងកូវីដ-១៩នេះ ឈានទៅមុខបានល្អប្រសើរសម្តេចតេជោ បានស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកស្រី ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។

បន្ថែមពីលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោ បានណែនាំឱ្យលោកស្រីឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ៕

អត្ថបទទាក់ទង