ខ្មែរប៉ុស្ដិ៍ Close

វ៉ាក់សាំង AstraZeneca ជំហានទី២ ចំនួន ៦៦៨,០០០ ដូស ដែលជាជំនួយទ្វេភាគីពីប្រទេសជប៉ុន នឹងដឹកមកដល់កម្ពុជានាយប់នេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 69
វ៉ាក់សាំង AstraZeneca ជំហានទី២ ចំនួន ៦៦៨,០០០ ដូស ដែលជាជំនួយទ្វេភាគីពីប្រទេសជប៉ុន នឹងដឹកមកដល់កម្ពុជានាយប់នេះ វ៉ាក់សាំង AstraZeneca ជំហានទី២ ចំនួន ៦៦៨,០០០ ដូស ដែលជាជំនួយទ្វេភាគីពីប្រទេសជប៉ុន នឹងដឹកមកដល់កម្ពុជានាយប់នេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទAstraZeneca ដែលជាជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនជំហានទី២ ចំនួន ៦៦៨,០០០ដូស នឹងដឹកមកដល់កម្ពុជានៅយប់នេះ សរុបទាំងអស់គ្រប់ចំនួន១លានដូស។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា នៅយប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ជំនួយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនជំហានទី២ ជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៦៦៨,០០០ដូសនឹងដឹកមកដល់កម្ពុជា។

កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

គួរជម្រាបថា វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ចំនួន៣៣២០០០ដូស ជំហានទី១ បានដឹកមកកម្ពុជារួចហើយ កាលពីរាត្រីថ្ងៃទី២៣កក្កដា ឆ្នាំ ២០២១ ហើយពិធីប្រគល់-ទទួលវ៉ាក់សាំងពេលនោះ ស្ថិតក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ រាជទូត វិសាមញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯជំហានទី២ ដែលនឹងមកដល់នៅយប់នេះបន្ថែមទៀតនោះ មានចំនួន ៦៦ ៨,០០០ដូស សរុបទាំងអស់ចំនួន ១លានដូស។

មកទល់ពេលនេះរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំឱ្យបានត្រឹមត្រូវផងដែរ។ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវ តែសម្រេចឱ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា ដែលដល់អាយុត្រូវចាក់ ហើយពេទ្យអនុញ្ញាតឱ្យចាក់ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅលើ ពិភពលោក ក៏ដូចជានៅកម្ពុជា នៅសង្ឃឹមតែលើវ៉ាក់សាំងសម្រាប់ចាក់ ព្រោះវាមានអត្ថប្រយោជន៍ដ៏សំខាន់ ដើម្បីកាត់បន្ថយនូវការវាយលុកធ្ងន់ធ្ងរ ពីជំងឺកូវីដ និងអត្រាស្លាប់ផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានចំនួន ៧.៦១២.៦៦៣នាក់ សម្រាប់ពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ស្មើនឹង ៧៦,១៣% បើធៀបជាមួយនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់។ ចំពោះដំណើរការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ បានចំនួន ១៩៧.៨០៦នាក់ស្មើនឹងចំនួន ១០,០៦% ធៀបនឹងគោលដៅជិត ២លាននាក់ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕ AKP

អត្ថបទទាក់ទង