ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ចំនួន២៤នាក់ទៀត ខណៈអ្នកជំងឺចំនួន ៧នាក់ជាសះស្បើយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៤នាក់ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧នាក់។
ក្នុងចំណោមអ្នកឆ្លងទាំង២៤នាក់នេះ មានជនជាតិចិនចំនួន ១២នាក់, ជនជាតិខ្មែរចំនួន ៧នាក់ និងជនជាតិវៀតណាម ៥នាក់។ អ្នកទាំងនេះត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩នេះ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ។
ចំណែកអ្នកជាសះស្បើយទាំង៧នាក់វិញ គឺជាជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដោយបានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ ០១១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៩៣នាក់៕